ជាតិ
សង្គមជាតិ
អាជ្ញាធរ និង​អ្នកជំនាញ សម្អាត​ប្រព័ន្ធ​លូ​នៅ​តំបន់​ជុំវិញ​វត្តភ្នំ ដើម្បី​បន្ថយ​ជំនន់​ទឹកភ្លៀង
04, Oct 2017 , 10:19 pm        
រូបភាព
ដោយ:
​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ជប៉ុន​របស់​អង្គការ JICA នឹង​ចំណាយពេល​២​ថ្ងៃ ដើម្បី​ស្វែងរក​លូ​ដែល​ខូច ឬ​លូ​ដែលមាន​សំរាម បង្ក​ឲ្យ​ស្ទះ នៅ​តំបន់​ជុំវិញ​វត្តភ្នំ ដើម្បី​លាង​សម្អាត​ប្រព័ន្ធ​លូ​ទាំងនោះ​។ ប្រតិបត្តិការ​សម្អាត​ប្រព័ន្ធ​លូបង្ហូរទឹក​នេះ ដើម្បី​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​



​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អ្នកជំនាញ​ជប៉ុន​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) នៅ​ថ្ងៃទី​៤ ខែតុលា បាន​លាង​សម្អាត​ស្ដារ​ប្រព័ន្ធ​លូ នៅ​តំបន់​ជុំវិញ​វត្តភ្នំ តាម​បណ្ដោយ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ និង​តំបន់​ក្បែរ​នោះ​ផង ដើម្បី​កាត់បន្ថយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ទាំងនោះ​។​

​បើតាម​មន្ត្រី​ជំនាញ របស់​អង្គការ JICA ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​ខូច ខ្លះ​មាន​ភក់​នៅ​ខាងក្នុង ដែល​ធ្វើ​ឲ្យ​ទឹកភ្លៀង​ហូរ​មិនទាន់ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​មានទឹក​ដក់ និង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ 



​នាយក​ការិយាល័យ​ទឹកស្អាត និង​លូទឹកស្អុយ ផ្នែក​គម្រោង​អន្តរជាតិ លោក ជី​ង​ណូ មី​ហ្គី​ហ្វូ​មី បាន​ប្រាប់​សារព័ត៌មាន thmeythmey.com យ៉ាងនេះ​ថា​ឬ​ស​ឈើ និង​សំរាម​ដែល​បាន​ហូរ​ចូលទៅក្នុង​លូ ក៏​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដំណើរ​ការលាង​សម្អាត​ប្រព័ន្ធ​លូរ​នេះ​យឺតយ៉ាវ​ដែរ​។ តាម​មន្ត្រី​ដដែល ក្រុម​អ្នកជំនាញ និង​អាជ្ញាធរ ត្រូវ​ចំណាយពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា​នេះ ដើម្បី​សិក្សា​រក​កន្លែង​លូ​ទាំងឡាយ​នៅ​តំបន់​ជុំវិញ​វត្ត​ភ្នំពេញ ដែលមាន​បញ្ហា និង​លាង​សម្អាត​វា ដើម្បី​សម្រួល​ឲ្យ​ទឹកភ្លៀង​ហូរ ចាក់​ទៅ​ទន្លេ​បាន​លឿន បន្ថយ​ជំនន់​ទឹកភ្លៀង​។ «​ទោះបីជា​នៅ​តំបន់​ជុំវិញ​វត្តភ្នំ មាន​លូ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ម្សិលមិញ​នេះ យើង​បាន​ចំណាយពេល​ពេញ​មួយ ពិនិត្យ​រក​ចំណុច​ណា ដែលមាន​ភាព​ស្ទះ​ខ្លាំង​។ កន្លែង​ណា​ដែល​ស្ទះ​ខ្លាំង យើង​ផ្ដោត​តែ​កន្លែង​នោះ​ប៉ុណ្ណោះ ហើយ​ការសម្អាត​នេះ នឹងធ្វើ​រួចរាល់​ក្នុង​រយៈពេល​២​ថ្ងៃ​»៕














Tag:
 លូ​
  ជំនន់​ទឹកភ្លៀង​
 ​ ភ្នំពេញ​
  JICA
© រក្សាសិទ្ធិដោយ thmeythmey.com