ជាតិ
នយោបាយជាតិ
បណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលហើយ រូបភាព៖ តុលាការកំពូល
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបញ្ជូនបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ទៅកាន់តុលាការកំពូល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ។ សហមេធាវីមួយក្រុម នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកក្នុងការរៀបចំ និងបញ្ជូនបណ្តឹងនេះ ទៅកាន់តុលាការកំពូល បានប្រាប់ព័ត៌មាននេះ ដល់អង្គភាព Fresh News។
ការបញ្ជូនបណ្តឹងទាំងពីរ ដែលប្តឹងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ធ្វើឡើងក្រោយក្រសួងមហាផ្ទៃ បានពិនិត្យចប់សព្វគ្រប់។ យ៉ាងណា សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ ដោយសារហៅទូរសព្ទចូលដែរ តែលោក ក៏ផ្តាច់ទៅវិញ បន្ទាប់ពីអះអាងថា កំពុងជាប់រវល់ក្នុងកិច្ចប្រជុំ។
ចំណែកឯ លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនទាន់ទទួលបានបណ្តឹងរបស់ក្រសួងមហាផ្ទៃនៅឡើងទេ រហូតមកដល់ពេលនេះ។ លោក បញ្ជាក់ថា៖«ខាងខ្ញុំ មិនទាន់ឃើញបណ្តឹងហ្នឹងទេ។ ទុកពេលឲ្យខ្ញុំប្រមូលព័ត៌មានបន្តិចសិន»។
គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ មានហេតុផលស្រដៀងគ្នាក្នុងការសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សទាំងពីរនេះ យល់ថា ឯកឧត្តម កឹម សុខា បានជាប់សង្ស័យក្នុងអំពើក្បត់ជាតិ ដែលមិនគួរលើកលែងឲ្យបាន រួមទាំងគណបក្សសង្គ្រោះជាតិទាំងមូលផងដែរ។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានកែប្រែក្នុងឆ្នាំ២0១៧នេះ បានផ្តល់សិទ្ធិនិងអំណាចយ៉ាងធំធេងដល់តុលាការកំពូល រហូតដល់អាចរំលាយគណបក្សណាមួយបាន ប្រសិនបើរកឃើញថាគណបក្សនោះ ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
© រក្សាសិទ្ធិដោយ thmeythmey.com