រថយន្ត
បារាំងនឹងផ្តល់ថវិកាលើកទឹកចិត្តសម្រាប់អ្នកដែលប្តូររថយន្តចាស់របស់ខ្លួនចេញ
× ចាប់ពីឆ្នាំ២០១៨ តទៅ រដ្ឋាភិបាលបារាំងនឹងផ្តល់ប្រាក់លើកទឹកចិត្តពី១០០០ទៅ២៥០០អឺរ៉ូ សម្រាប់អ្នកប្រើប្រាស់រថយន្ត ដែលធ្វើការផ្លាស់ប្តូររថយន្តចាស់របស់ខ្លួន ហើយជំនួសដោយរថយន្តថ្មី ឬរថយន្តមួយទឹកដែលទើបប្រើប្រាស់ថ្មីៗ ។ បើតាមការផ្សាយរបស់ La Libération ករណីនេះ អនុវត្តសម្រាប់រថយន្តដែលមិនជាប់ពន្ធ។
ក្នុងយុទ្ធនាការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច លោក Nicolas Hulot រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញយន្តការថ្មីមួយសម្រាប់បណ្តាអ្នកប្រើប្រាស់រថយន្តដែលមានបំណងផ្លាស់ប្តូររថយន្តចាស់របស់ខ្លួន ដោយរដ្ឋាភិបាលនឹងផ្តល់ប្រាក់លើកទឹកចិត្តមួយចំនួន។
La Libération បានលើកឡើងថា នៅឆ្នាំ២០១៨ ខាងមុខដែលជាតំណាក់កាលទី១ រដ្ឋាភិបាលបារាំង រៀបចំកញ្ចប់ថវិកាពិសេសសម្រាប់រថយន្តប្រមាណ១០ម៉ឺនគ្រឿងដំបូង។ គម្រោងនេះ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចពី១២៧ក្រាមក្នុង១គីឡូម៉ែត្រ មកត្រឹម១២០ក្រាមក្នុង១គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនេះ ផ្តល់ជាពិសេសសម្រាប់រថយន្តដែលមិនជាប់ពន្ធ ដោយទទួលបានប្រាក់លើកទឹកចិត្តចាប់ពី១០០០អឺរ៉ូដល់២០០០អឺរ៉ូ រីឯអ្នកដែលដូរទៅប្រើប្រាស់រថយន្តអគ្គិសនី អាចទទួលបានរហូតដល់ទៅ២៥០០អឺរ៉ូ។ សម្រាប់រថយន្តប្រើប្រាស់សាំង ត្រូវជារថយន្តដែលផលិតនៅមុនឆ្នាំ១៩៩៧ រីឯរថយន្តប្រើប្រាស់ម៉ាស៊ូត ត្រូវផលិតមុនឆ្នាំ២០០៦ (មិនជាប់ពន្ធ) ឬមុនឆ្នាំ២០០១ (ជាប់ពន្ធ)។
បើតាមអ្នកជំនាញផ្នែកយានយន្ត ការផ្តល់ប្រាក់លើកទឹកចិត្តនេះ គឺជារឿងល្អ ប៉ុន្តែវាមិនមានឥទ្ធិពលទៅលើទីផ្សាររថយន្តថ្មីៗនោះឡើយ ដោយគ្រាន់តែផ្តល់ប្រយោជន៍តិចតួចដល់ទីផ្សាររថយន្តមួយទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com