ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ទោះជា​ថ្លៃ​ប្រហែល​រថយន្ត តែ​យុវវ័យ​ជិះ​ម៉ូតូ​ធំ ព្រោះតែ​ស្រឡាញ់ ចង់​អួត​ពី​ភាព​ហ៊ឺហា ទាន់សម័យ​
09, Oct 2017 , 8:19 pm        
រូបភាព
ដោយ:
​ប្រភេទ​ម៉ូតូ​ដែលមាន​កម្លាំង​ចាប់ពី ២៥០CC ឡើងទៅ ត្រូវ​ចាត់ទុកជា​ប្រភេទ​ម៉ូតូ​ធុន​ធំ​។ ម៉ូតូ​ធំ មានតម្លៃ​ខ្ពស់​ប្រហាក់​ប្រែល​នឹង​រថយន្ត និង​ក៏មាន​ប្រភេទ​ថ្លៃ​ជាង​រថយន្ត​ដែរ ប៉ុន្តែ​វា​ក៏​នៅ​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​អ្នកប្រើប្រាស់​ដែល​ភាគច្រើនបំផុត​ជា​យុវវ័យ​។ ពួកគេ​ប្រើប្រាស់​ម៉ូតូ​ធំ ដោយសារតែ​ចង់បង្ហាញ​ពី​ភាព​ហ៊ឺហា ភាពទាន់សម័យ ការស្រឡាញ់ ពេញចិត្ត និង​ភាព​ស្ទុះ​លឿន រហ័ស​របស់​វា​។



​លោក យៀង សុធា បុគ្គលិក​ក្រុមហ៊ុន​ឯក​មួយ​នៅ​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន thmeythmey.com ថាបើ​ទោះជា​លោក​មាន​ឡាន​មួយគ្រឿង​ទៅហើយ​ក្តី ប៉ុន្តែ​លោក​បាន​ទិញ​ម៉ូតូ​ម៉ាក CB1 ជា​ប្រភេទ​ម៉ូតូ ដែលមាន​កម្លាំង​ម៉ាស៊ីន 400cc មួយគ្រឿង​ថែមទៀត ដើម្បី​ជិះ​ទៅធ្វើ​ការ​។ បញ្ហា​ចរាចរណ៍​នៅ​ក្រុងភ្នំពេញ ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​យុវជន​រូបនេះ ចំណាយពេល​តិចជាង​ជិះឡាន នៅពេល​ជិះ​ម៉ូតូ​ធំ​មួយ​នេះ​។ លោក យៀង សុធា ក៏បាន​បញ្ជាក់ដែរថា លោក​បាន​ផ្លាស់ប្តូរ​ប្រភេទ​ធំ​នេះ ៣​ទៅ​៤​គ្រឿង​ឯណោះ​ក្នុង​មួយឆ្នាំ ដោយសារ​ចង់ដឹង​ពី​លក្ខណៈពិសេស​នៃ​ប្រភេទ​ម៉ូតូ​ដោយឡែក​ពីគ្នា​នេះ​។ លោក សុធា បញ្ជាក់បន្ថែម​ដូច្នេះ​៖​ខ្ញុំ​ចង់​ស្គាល់​ថា តើ​ការ​ជិះ​ម៉ូតូ​ធំៗ​ទាំងអស់នេះ មាន​លក្ខណៈ​យ៉ាង​ដែរ ហើយ មួយឆ្នាំៗ ខ្ញុំ​ប្តូរ​ពី​៣​ទៅ​៤​គ្រឿង​ឯណោះ ដោយសារ​ម៉ូតូ​ខ្លះ ពិបាក​ឌុប​អ្នកណាម្នាក់​ពីក្រោយ​»​។​



​អ្នកជិះ​ម៉ូតូ​ធំ កម្លាំង​ម៉ាស៊ីន 400cc ម្នាក់ទៀត គឺ​លោក កឹង កក្កដា ក៏​លើកឡើង​ពី​ងាយស្រួល លឿន​រហ័ស ក្នុងពេល​ធ្វើដំណើរ​ទៅមក​ណា​ដោយសារ​ម៉ូតូ​ធំ​នេះដែរ​។ ទោះជា​វា​ថ្លៃ​ប្រហាក់ប្រហែល​ឡាន ប៉ុន្តែ​លោក កក្កដា អះអាងថា លោក ស្រលាញ់ ចូលចិត្ត​ម៉ូតូ​ធំ ជាង​ឡាន  និង​យល់ថា​ខ្លួន​កាន់តែ​សង្ហារ ឡូយឆាយ នៅពេល​គេ​ជិះ​ម៉ូតូ​ធំ​នេះ​។ លើសពីនេះ គឺ​ទាក់ទង​នឹង​សុ​ត្ថិ​ភាព​។ យុវជន កក្កដា បន្ថែម​៖« ការដែល​ទិញ​ម៉ូតូ​ធំ​នេះ ដោយ​វា​ជិះ​ទៅ​មាន​សុវត្ថិភាព មិន​ខ្លាច​ចោរលួច ឬ​ប្លន់ ហើយ​មិនមាន​អ្នកណា​ហ៊ាន​មើលងាយ​។ ម្យ៉ាង​វា​លឿន​ទាន់​ចិត្ត​ចង់ទៅ​ណា​មក​ណា ពេលណា​ក៏បាន​»​។

​ទន្ទឹមនឹង​ការនិយម​ជិះ​ម៉ូតូ​ធំ កាន់តែច្រើន ហាង​លក់​ម៉ូតូ​ធំ ក៏​រីកសាយ​ព្រោងព្រាត​ដែរ​នៅ​កម្ពុជា​។ តាម​លោក ថា​រ៉ូ ម្ចាស់​ហាង​លក់​ម៉ូតូ​ធំ​មួយ នៅ​ខាងជើង​របង​វត្ដ​សំពៅ​មាស បាន​ប្រាប់​សារព័ត៌មាន thmeythmey.com ថា​អ្នក​ទិះ​ម៉ូតូ​ធំ​ពី​ហាង​របស់គាត់​ភាគច្រើន​ជា​យុវវ័យ  ដែលមាន​ឫកពារ​ឡូយឆាយ​។ ម្ចាស់​ហាង​លក់​ម៉ូតូ ដដែល បញ្ជាក់ថា ម៉ូតូ​ធំ អាចមាន​តម្លៃ​ចាប់ពី​ជាង​២​ពាន់​ដុល្លារ ទៅ​ជាង​៥​ពាន់​ដុល្លារ និង​មាន​ប្រភេទ​ថ្លៃ​ជាង​រថយន្ត​ផង​ក៏មាន អាស្រ័យ​លើ​ម៉ាក​ដែល​នាំចូល​។

​បើទោះជា​មាន​ប្រភេទ​ម៉ូតូ​ធំ​ខ្លះ វា​ថ្លៃ​ជាង​រថយន្ត​ក៏ដោយ ប៉ុន្តែ​នៅតែមាន​អ្នកប្រើប្រាស់​ដែល​ភាគច្រើន​ជា​យុវវ័យ ដោយសារតែ​ពួកគេ​ស្រឡាញ់ និង​ចង់បង្ហាញ​ពី​ភាព​ហ៊ឺហា ទាន់សម័យ គួបផ្សំ​នឹង​ភាព​លឿន​រហ័ស និង​សុវត្ថិភាព​៕

Tag:
 ម៉ូតូ​ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com