រថយន្ត
សេវាកម្ម​ហៅ​តាក់ស៊ី​តាម​កម្មវិធី​ទូរ​សព្ទ កាត់បន្ថយ​ការបើក​រថយន្ត​ផ្ទាល់ខ្លួន​ក្នុង​ទីក្រុង​
09, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ការអង្កេត​ថ្មី​មួយ​របស់​ស្ថាប័ន និង​ក្រុមហ៊ុន​ជំនាញ​ទីផ្សារ​របស់​បារាំង បាន​មើលឃើញ​ពី​តួលេខ​ធ្លាក់ចុះ​នៃ​ការបើកបរ​រថយន្ត​នៅក្នុង​ទីក្រុង ក្រោយ​វត្តមាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី តាម​ទូរ​សព្ទ​ឆ្លាត​វៃ (app) ជាមួយនឹង​តម្លៃ​សមរម្យ​។​



​នៅ​ប្រទេស​បារាំង ក្រុមហ៊ុន​ផលិត​យានយន្ត ជាពិសេស​បណ្តាញ Groupe PSA បាន​ទុនវិនិយោគ​លើ​ការពង្រីក​សេវាកម្ម​តាម​ទូរ​សព្ទ​ចល័ត​។ តាមរយៈ​ការសិក្សា​អង្កេត​របស់​ខុទ្ទកាល័យ​ក្រុមប្រឹក្សា​ស្ថិតិ​បារាំង BIPE និង​ភ្នាក់ងារ​សិក្សា​ទីផ្សារ Kantar TNS ចំនួន​អ្នកជិះរថយន្ត​ផ្ទាល់ខ្លួន​នៅក្នុង​ទីក្រុង​មានការ​ថយចុះ​បន្តិច​ម្តងៗ ។​

​អ្នករស់នៅ​ក្នុង​ទីក្រុង​ប្រមាណ​២៤០០០​នាក់ លើ​ពិភពលោក ត្រូវបាន​សាកសួរ​ទាក់ទង​នឹង​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​។ លទ្ធផល​បាន​បង្ហាញថា ៧៥​ភាគរយ ប្រើប្រាស់​កម្មវិធី​ហៅ​រថយន្ត​តាក់ស៊ី តាម​ទូរ​សព្ទ​ដៃ ហើយ​ជាមួយគ្នានេះ ២៧​ភាគរយ បាន​អះអាងថា ពួកគេ​បាន​កាត់បន្ថយ​ការបើក​រថយន្ត​ដោយ​ខ្លួនឯង​នា​រយៈពេល​៦​ខែ​កន្លងមកនេះ​។​

​ការអង្កេត​របស់ BIPE និង Kantar TNS ពិនិត្យឃើញ​និន្នាការ​ថយចុះ​នៃ​ការ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន ដែល​ក្នុងនោះ ២៤​ភាគរយ​នៅ​ញូវយ៉ក ៤៣​ភាគរយ​នៅ​ម៉ុម​បៃ និង​៣៤​ភាគរយ​នៅ​ប៉ារីស​។ អ្នក​ដែល​ត្រូវបាន​សម្ភាស​២២​ភាគរយ បាន ចូលចិត្ត​ប្រើប្រាស់​សេវាកម្ម​រថយន្ត​តាក់ស៊ី​រួមគ្នា ដើម្បី​ចែករំលែក​ការចំណាយ ខណៈ​១៣​ភាគរយ បញ្ជាក់ថា ពួកគេ​បាន​ប្រើប្រាស់​សេវាកម្ម​ហៅ​រថយន្ត​តាក់ស៊ី តាម App ជាប្រចាំ​។​

​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​យានយន្ត Caradisiac អ្នកស្រី Isabelle Rio Lopes អ្នកជំនាញ​របស់ Kantar TNS បាន​លើកឡើងថា​៖ «​បច្ចេកវិទ្យា បាន​ផ្លាស់ប្តូរ​ទម្លាក់​នៃ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​របស់​អ្នកទីក្រុង ហើយ​ដូច្នេះហើយ សហគ្រាស​ផលិត​យានយន្ត និង​ក្រុមហ៊ុន​ផ្នែក​ទូរ​សព្ទ ត្រូវ​សហការគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​សេវាកម្ម​ទំនើប​ថ្មីៗ​»​។​

​សេវាកម្ម​ហៅ​តាក់ស៊ី តាម​ទូរ​សព្ទ​ដៃ ក៏​កំពុង​ពេញនិយម​ផងដែរ​នៅ​រាជធានី​ភ្នំពេញ ដោយមាន​ក្រុមហ៊ុន​ជាច្រើន​បានបង្ហាញ​វត្តមាន ដូចជា Uber, Grab, PasApp Taxi, Go-X ឬ Choice Taxi ជាដើម​។ ក្រៅពី​ប្រភេទ​រថយន្ត ក្រុមហ៊ុន​ជាច្រើន ក៏មាន​សេវាកម្ម​ម៉ូតូ​កង់​បី ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com