ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល​បង្គាប់​ឲ្យ​CNRP ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​បណ្តឹងសុំ​រំលាយ​បក្ស
10, Oct 2017 , 11:29 am        
រូបភាព
រូបដោយ លោក Kao Sophea
រូបដោយ លោក Kao Sophea
ដោយ:
​លោក សែម សក្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បានចេញ​ដីកា​បង្គាប់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​



​ដីកា​របស់លោក​ចៅ​ក្រុម​តុលាការ​កំពូល សែម សក្តិ​កូ​ឡា បាន​បង្គាប់​ចំៗ​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ឲ្យ​ដាក់​ឯកសារ​ឆ្លើយតប​នឹង​បណ្តឹង​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​ក្រសួងមហាផ្ទៃ ដែល​សុំ​ឲ្យ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​ចោល​។ ដីកា​ចុះ​ថ្ងៃទី ៩ ខែ តុលា បញ្ជាក់​យ៉ាងនេះ​ថា​៖«​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីស្នាក់ការ​នៅ​អាសយដ្ឋាន​ផ្ទះ​លេខ ៥៧៦ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។

​លោក គី វណ្ណា​រ៉េត មន្ត្រី​បញ្ជូន​ដីកា​របស់​តុលាការ​កំពូល ដែលជា​អ្នកយក​ដីកា​នេះ ទៅដល់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​នៅក្នុង​កំណត់ហេតុ​ខ្លួន​ថា មន្ត្រី​ផ្នែក​រដ្ឋបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​ដីកា​នេះ​ទេ​។ តែ​លោក​មន្ត្រី​តុលាការ​រូបនេះ បានសម្រេច​បិទ​ដីកា​នោះ នៅមុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃទី ១០ ខែតុលា។

​បើតាម​ដីកា​ខាងលើ លោក​ចៅក្រម​តុលាការ​កំពូល បាន​ទុក​រយៈពេល​ចំនួន ២០ ថ្ងៃ ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​កិច្ចការ​នេះ ដោយ​គិត​ចាប់​ពីថ្ងៃ​បញ្ជូន​ដីកា​នេះ​តទៅ​។

​យ៉ាងណា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា នាពេល​បច្ចុប្បន្ន កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុងស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ពី​ទោស​ក្បត់ជាតិ​។ ទន្ទឹមនឹងនេះ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក សុន ឆ័យ ដែលជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​បច្ចុប្បន្ន បកស្រាយ​បាន​នោះទេ ខណៈដែល​អ្នកនាំពាក្យ​គណបក្ស​នេះ​ពីររូប​ទៀត​គឺ​លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​មួយចំនួន កំពុង​នៅក្រៅ​ប្រទេស​៕


Tag:
 CNRP
  តុលាការ​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com