កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋ​ដ៏​តូច អ៊ី​ស្លង់ និង​ស៊ែ​ប៊ី បាន​កៅអី​ទៅ World Cup ខណៈ វេ​លស៍​ទឹកភ្នែក​
10, Oct 2017 , 11:37 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ ស៊ែ​ប៊ី​និង អ៊ី​ស្លង់​បាន​កក់​កៅអី​ឡើងទៅ World Cup ឆ្នាំក្រោយ បន្ទាប់ពី​យកឈ្នះ​ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ខណៈ​វេ​លស៍​ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​សាធារណរដ្ឋ​អៀរ​ឡង់​ក្នុងផ្ទះ​ខ្លួនឯង​នា​ការប្រកួត​នៅ​ថ្ងៃទី​៩ ខែតុលា​។



​ស៊ែ​បរ​កបាន​៣​ពិន្ទុ​បន្ថែម​ក្រោយ​យកឈ្នះ​ហ្ស​ក​ហ្ស៊ី ១-០ នា​ការប្រកួត​ចុងក្រោយ​វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប​ក្នុង​ពូ​ល D មាន​២១​ពិន្ទុ នាំមុខគេ​ក្នុង​តារាង អាច​ឈានទៅ​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ​។​

​ដោយឡែក​ក្រុម​ជម្រើស​វែ​លស៍​ដែល​ស្ថិតក្នុង​ពូ​ល​នេះដែរ អស់​ឱកាស​ទៅហើយ បន្ទាប់ពី​ចាញ់​សាធារណរដ្ឋ​អៀរ​ឡង់ ១-០ ក្នុង​ដី​ខ្លួនឯង​។ សរុប​ទាំង​១០​ប្រកួត វែ​លស៍រ​កបាន​១៧​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​ពីក្រោយ​សាធារណរដ្ឋ​អៀរ​ឡង់​ដែលមាន​១៩​ពិន្ទុ នៅ​លេខ​រៀង​ទី​២ អាច​បន្តទៅ​វគ្គ Play-Off ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​២​នៅ​ពូ​ល​ផ្សេងទៀត​ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​។​

​ចំណែក​ក្រុម​ជម្រើសជាតិ អ៊ី​ស្លង់ ដែលជា​ប្រទេស​តូច​មួយ​ក្នុង​ទ្វីបអឺរ៉ុប និង​មាន​ប្រជាជន​តិច​នោះ ក៏​អាច​ឈានទៅ World Cup ជា​លើកដំបូង​ផងដែរ ក្រោយ​យកឈ្នះ កូ​សូ​វ៉ូ ២-០​។ ប្រទេស​ដែលមាន​ប្រជាជន​ត្រឹម ៣៣៥០០០​នាក់​នេះ ក៏​ធ្លាប់ធ្វើ​ព្យុះភ្លៀង​នៅ Euro 2016 ផងដែរ​ដោយ​ទំលាក់​ក្រុម​ខ្លាំងៗ​ដូចជា​អង់គ្លេស និង​វែ​លស៍ ឈានដល់​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀតផង​។​

​ក្នុងការ​ប្រកួត​១០​លើក​ក្នុង​ពូ​ល I អ៊ី​ស្លង់ អាច​យកឈ្នះ​គូប្រកួត​ដល់​ទៅ​៧​លើក មាន​២២​ពិន្ទុ​ឈរលើ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ក្រូ​អាស៊ី​មាន​២០​ពិន្ទុ​ដែល​ត្រូវ​បន្តទៅ​ប្រកួត​វគ្គ Play-Off​។​

​ក្រៅពី​ម្ចាស់ផ្ទះ​រុស្ស៊ី មាន​ប្រទេស​ចំនួន​១៦​ហើយ​ដែល​បាន​កៅអី​ទៅ World Cup រួមមាន ប្រេ​ស៊ី​ល អាល្លឺម៉ង់ បែលហ្ស៊ិក កូ​ស្តា​រី​កា អង់គ្លេស អេ​ហ្ស៊ី​ប អ៊ីរ៉ង់ ជប៉ុន ម៉ិ​ក​ស៊ិ​ក នេ​ហ្សេ​រី​យ៉ា ប៉ូឡូញ អា​រ៉ា​បី​សា​អូឌីត កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ ស៊ែ​ប៊ី​និង​អ៊ី​ស្លង់​៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com