កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេស​ដ៏​តូច​ប៉ា​ណា​ម៉ា​ឡើង World Cup ខណៈ​មហាអំណាច​អាមេរិក​ធ្លាក់​ចេញ​
11, Oct 2017 , 10:44 am        
រូបភាព
ដោយ: រួបរួម
​ប៉ា​ណា​ម៉ា​ដែលមាន​ប្រជាជន​ប្រមាណ​៤​លាន​នាក់ បាន​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់ខ្លួន តាមរយៈ​ការបង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ជាមួយ ម៉ិ​ក​ស៊ិ​ក និង​កូ​ស្តា​រី​កា នៃ​ក្រុម​ដែល​តំណាង​ឲ្យ​តំបន់ CONCACAF (​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ខាងជើង កណ្តាល និង​កា​រ៉ា​អ៊ី​ប​)​។ នា​ការប្រកួត​ចុងក្រោយ ប៉ា​ណា​ម៉ា បាន​យកឈ្នះ​កូ​ស្តា​រី​កា ២-១ ។​



​ក្នុងការ​ប្រកួត​លើ​ទឹកដី​របស់ខ្លួន  Gabriel Torres និង Roman Torres រកបាន​ម្នាក់​១​គ្រាប់​នៅ​វគ្គ​ទី​២ សម្រាប់​ប៉ា​ណា​ម៉ា ដើម្បី​វាយបក​លើ​កូ​ស្តា​រី​កា ដែល​នាំមុខ​ដោយ Johan Venegas​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ប៉ា​ណា​ម៉ា មានឱកាស​បង្ហាញខ្លួន​ក្នុង World Cup ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​ក្រុម​លេខ​៣​នៅ CONCACAF​។​

​ហុង​ឌូ​រ៉ា​ស មាន​ជំនួប​ដ៏​តឹងតែង​ជាមួយ​ភ្ញៀវ​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​ពួកគេ​បញ្ចប់​ការប្រកួត​ជាមួយនឹង​ជ័យជម្នះ ៣-២ ដើម្បី​កក់​កៅអី​លេង​វគ្គ Playoff ជាមួយ​អូស្ត្រាលី ដែលជា​ក្រុម​តំណាង​ពី​អាស៊ី (AFC)​។ អូស្ត្រាលី បាន​យកឈ្នះ​ស៊ី​រី ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-២ ។​

​សម្រាប់​សហរដ្ឋអាមេរិក ពួកគេ​រង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ប្រទេស​ដ៏​ធំ​មួយ​នេះ បែរជា​ចាញ់​ម្ចាស់ផ្ទះ ទ្រី​នី​ដា​ត និង​តូ​បា​ហ្គោ ក្នុង​លទ្ធផល ២-១ ។ អាមេរិក​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥ ដែល​ស្ថិត​នៅក្រៅ​តំបន់ Playoff​។​

​នៅ CONCACAF ម៉ិ​ក​ស៊ិ​ក បាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​ឈរលើ​កូ​ស្តា​រី​កា និង​ប៉ា​ណា​ម៉ា​។ ហុង​ឌូ​រ៉ា​ស ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​អូស្ត្រាលី ខណៈ​អាមេរិក និង​ទ្រី​នី​ដា​ត ខកចិត្ត​៕


Tag:
 បាល់ទាត់​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com