ជាតិ
នយោបាយជាតិ
ព្រះមហាក្សត្រប្រទានការតែងតាំង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំ CHRC ១០រូប លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឫទ្ធី ត្រូវបានតែងតាំងជាសមាជិក CHRC ដែលមានឋានៈស្មើអគ្គនាយក
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែតុលា បានចេញព្រះរាជក្រឹត្យ តែងតាំង ផ្តល់ឋានៈ និងតម្លើងឋានៈ មន្ត្រីជាន់ខ្ពស់១០រូបនៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលស្ថិតក្រោមការដឹកនាំរបស់លោក កែវ រ៉េមី។
យោងតាមព្រះរាជក្រឹត្យ លោកស្រី ហ៊ាន ប៉ូលីណេ ត្រូវបានតែងតាំងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ លោក ស៊ា ម៉ៅ ដែលជាសមាជិក មានឋានៈស្មើរដ្ឋលេខាធិការ រីឯលោកស្រី សុទ្ធ សុមាលី ក៏ត្រូវបានតម្លើងឋានៈកម្រិតនេះផងដែរ។
សមាជិកផ្សេងទៀតរួមមាន លោក សុខ ប៊ុនថា លោក កេង សុម៉ារតន៍ លោក ឡេង តុលា និងលោក វ៉ាន់ ច័ន្ទតារា មានឋានៈស្មើអនុរដ្ឋលេខាធិការ ស្របពេលដែលលោក ម៉ែន អេង [ពិធីករទូរទស្សន៍ដ៏ល្បីល្បាញម្នាក់ ក្រោមឈ្មោះថា អេង ឫទ្ធី] ជាសមាជិកម្នាក់ ដោយមានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានតែងតាំងមន្ត្រី២រូបទៀតសម្រាប់តំណែងអគ្គនាយកផងដែរ ដោយលោកស្រី អ៊ុច និពន្ធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាបាល និងបណ្តឹង រីឯលោកស្រី ឆាំ ម៉ារី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com