ជាតិ
សង្គមជាតិ
តើរទេះគោខ្មែរដំបូងមានប្រវត្តិមកពីណា?
× ភ្នំពេញ៖ វត្តមាននៃរទេះគោ ត្រូវបានគូសបញ្ជាក់ក្នុងប្រទេសឥណ្ឌា នាសម័យវេទនិយម ពោលគឺរវាង ១៧០០ឆ្នាំមុនគ.ស តាមរយៈឯកសារជាសំណេរដោយដៃមួយចំនួនដូចជា គម្ពីរមនោគមន៍វិជ្ជាសាសនា និងក្បួនបច្ចេកទេស ដូចជាក្បួនសង្គ្រាមសាស្ត្រជាដើម។ នៅក្នុងប្រទេសឥណ្ឌា នាសម័យនោះ គេឃើញមានរទេះពីរប្រភេទ គឺរទេះគោសម្រាប់ដឹកជញ្ជូន និងរទេះសេះសម្រាប់ធ្វើសឹកសង្គ្រាម។
រទេះទាំងពីរប្រភេទខាងលើនេះ ត្រូវបានគេឆ្លាក់នៅលើថ្មចាប់តាំងពីឆ្នាំ ១២៥នៃគ.សមក។ លក្ខណៈសម្បត្តិរបស់រទេះឥណ្ឌា គឺរទេះនោះ ថ្វីដ្បិតតែទម្រង់បានផ្លាស់ប្តូរតាមយុគសម័យកាលក៏ដោយ ក៏ប៉ុន្តែនៅតែប្រើកង់ពីរដូចបុព្វសម័យដែរ ។ ស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ ក៏បានខ្ចីយានជំនិះនេះពីពួកឥណ្ឌា ចាប់តាំងពីដើមសតវត្សរ៍ទី១នៃគ.សមកម្ល៉េះ។ ដូច្នេះហើយ បានជាការប្រើប្រាស់រទេះគោ ឬក្របី ដែលត្រូវផ្តើមឡើងចាប់តាំងពីសតវត្សទី១នៃគ.ស ត្រូវបន្តរហូតដល់បច្ចុប្បន្ន។
នាសម័យបុរេអង្គរ ក៏ដូចជាសម័យអង្គរដែរ រទេះគោខ្មែរ បានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ មិនគ្រាន់តែផ្នែកសង្គមកិច្ចតែប៉ុណ្ណោះទេ ក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២នៃគ.ស យើងអាចឃើញយ៉ាងច្បាស់ថា រទេះសេះដែលព្រះបាទសុរិយាវរ្ម័នទី២ ប្រថាប់ពីលើនោះ គឺជាសញ្ញាណតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។ ម្យ៉ាងវិញទៀត ក្នុងការសម្តែងក្បួនរទេះ ដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារត ឬក៏ក្នុងជាតកបែបពុទ្ធនិយម គេក៏ឃើញមានការនិយមនូវរទេះសេះដែរ ។ រទេះគោ និង រទេះសេះ ត្រូវបានជនជាតិខ្មែរពេញនិយមក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ បើយើងពិនិត្យលើវិស័យបដិមាសាស្ត្របុរាណ។
ការស្រាវជ្រាវខាងបុរាណវិទ្យារបស់យើងបានបញ្ជាក់ឲ្យដឹងថា ក្នុងវប្បធម៌ខ្មែរបែបព្រាហ្មញ្ញសាសនា កង់រទេះ ឬកងចក្រ គឺជាអាវុធដ៏ស័ក្តិសិទ្ធិរបស់ព្រះនរាយណ៍ ហើយវាក៏ជាសញ្ញាតំណាងនៅពេលវេលា ដូចជាខែ និង រដូវដែលមានក្នុងមួយឆ្នាំៗ។
ដូចនេះ ជនជាតិខ្មែរបានស្គាល់រទេះគោ និង និមិត្តរបស់វាយ៉ាងច្បាស់លាស់ តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរភ្នំ ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម និងវត្ថុជាច្រើនដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ រទេះគោនៅតែពេញនិយមក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ដូចជាវត្តមានរបស់កាក់ ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរី។ ម្យ៉ាងវិញទៀត គេក៏បានរកឃើញនូវដុំឈើនៃរទេះគោមួយចំនួន នៅក្នុងតំបន់ដែនដីសណ្ត កម្ពុជាក្រោមផងដែរ។ ក៏ប៉ុន្តែអ្វីដែលអស្ចារ្យមួយទៀតនោះ គឺសេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្ល៉េះ ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយ៍ព្រហារ នៅខេត្តព្រៃវែងជាសក្ខីកម្មស្រាប់។
កត្ដាមួយទៀតដែលគួរគប្បីតម្រូវអោយយើងត្រូវស្រាវជ្រាវបន្ដទៀត គឺភាពខុសប្លែកគ្នារវាងរទេះគោខ្មែរ និង រទេះគោឥណ្ឌា ព្រោះថាជុំវិញបញ្ហានេះយើងនៅមានភាពស្រពិចស្រពិលមួយចំនួនដែលពុំអាចនាំអោយយើងបកស្រាយបានត្រឹមត្រូវនៅឡើយ។ ទោះជាយ៉ាងណាក្ដីយើងក៏នៅតែមានអារម្មណ៏ថា ជនជាតិខ្មែរនាសម័យហ្វូណន ក្នុងការផលិតកាំរទេះសេះឬ រទេះគោ......និង ជាពិសេសគ្រឿងតុបតែងសេះចំបាំងខ្មែរប្រហែលជាបានទទួលឥទ្ធិពលពីចិន ច្រើនជាងឥទ្ធិពលឥណ្ឌា។
(អត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យបណ្ឌិត មីសែល ត្រាណេ) (http://www.khemaravidya.com/)
© រក្សាសិទ្ធិដោយ thmeythmey.com