ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីស្នើច្បាប់​ថ្មី​៖ មិនបាន​សំឡេង​គ្រប់ ក៏​អាច​បាន​អាសនៈ​រដ្ឋសភា​ដោយ​ចៃដន្យ​ដែរ​
13, Oct 2017 , 2:33 pm        
រូបភាព
រូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ)  និងសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (ខាងស្តាំដៃ) និយាយគ្នាខ្សឹបៗ នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២0១៧
រូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ) និងសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (ខាងស្តាំដៃ) និយាយគ្នាខ្សឹបៗ នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២0១៧
​ភ្នំពេញ​៖ សេចក្តីស្នើច្បាប់​ថ្មី បាន​កំណត់ថា បើ​គណបក្ស​មួយ ត្រូវបាន​រំលាយ អាសនៈ​ក្នុង​រដ្ឋសភា​របស់​គណ​បក្ស​នោះ ត្រូវ​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​។ មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់ថា សេចក្តីស្នើច្បាប់​ខាងលើ គឺជា​ការ​បង្វែរ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ការពារ​សេចក្តីស្នើច្បាប់​នេះ ហើយ​ឆ្លើយតប​ថា មេដឹកនាំ ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែល​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​។​



​បើ​ប្រជាពលរដ្ឋ មិន​បោះឆ្នោត​ឲ្យ ឬ​បោះ​ឲ្យ​ដែរ តែ​មិន​គ្រប់​ចំនួន​តាម​ការកំណត់រ​បស់​ច្បាប់ គណបក្សនយោបាយ​ណាក៏ដោយ មិនអាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ​។ គោលការណ៍​នេះ ត្រូវបាន​អនុវត្ត​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​អាណត្តិ​ទី​១​មកម្ល៉េះ រហូតមកដល់​អាណត្តិ​ទី​៥​នេះ​។​

​ប៉ុន្តែ ខ្លឹមសារ​ច្បាប់​បែបនេះ អាច​នឹងត្រូវ​ប្រែប្រួល ក្រោម​ការធ្វើ​វិសោធនកម្ម​ពី​សំណាក់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​គោលការណ៍​ឬ​ច្បាប់​ខាងលើ ត្រូវបាន​កែប្រែ​មែន​នោះ គណបក្ស ដែល​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​ពី​ការបោះឆ្នោត​កន្លងមក អាច​នឹង​ត្រឡប់មក​ទទួលបាន​អាសនៈ​វិញ​។​

«​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយចោល បេក្ខជន​និង​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​នោះ លែងមាន​សុពលភាព និង​លែងមាន​គុណសម្បត្តិ​តទៅទៀត​ហើយ​។ ក្នុងករណី​ខាងលើនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​ទាំងនោះ ក្នុង​រយៈពេល​៧​ថ្ងៃ​យ៉ាងយូរ ទៅ​ឲ្យ​គណបក្សនយោបាយ​នានា ដែល​បាន​ចូលរួម​បោះឆ្នោត​ក្នុង​រាជធានី​-​ខេត្ត ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​»​។ នេះ​ជា​ខ្លឹមសារ​ថ្មី នៃ​មាត្រា​១៣៨ ក្នុង​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ទើបនឹង​តាក់តែងឡើង​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

​តាម​ខ្លឹមសារ​ថ្មី​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា ហើយ​កំពុង​ដឹកនាំ​រដ្ឋាភិបាល នឹង​មិនអាច​ទទួលបាន​អាសនៈ​ណាមួយ​ឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​។ បើ​ត្រូវបាន​រំលាយ អាសនៈ​ទាំង​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​ធ្លាក់​ទៅលើ​គណបក្ស​មួយចំនួន មានដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​ខ្មែរ និង​គណបក្ស​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្មែរ ជាដើម​។ ក៏ប៉ុន្តែ បើ​យោងតាម​ការ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចុះផ្សាយ​ថ្ងៃទី​១៣​ ខែតុលា គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​បដិសេធ​ចំណែក​អាសនៈ​របស់ខ្លួន​ហើយ បើសិនជា​មានការ​បែងចែក​អាសនៈ​មែន​នោះ​។​

​សេចក្តីស្នើច្បាប់​ខាងលើ ត្រូវបាន​តាក់តែងឡើង ហើយ​បញ្ជូន​ទៅកាន់​រដ្ឋសភា ស្របពេល​បណ្តឹងសុំ​ឲ្យ​រំលាយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល​។​

​លើសពីនេះ ច្បាប់ចំនួន៣ទៀត ដែលរួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​ត្រូវបាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ឲ្យ​រដ្ឋសភា ធ្វើ​វិសោធនកម្ម​ដែរ​។

​ចំពោះ ខ្លឹមសារ​នៃ​ការដក​អាសនៈ​ពី​គណបក្ស​ដែល​ត្រូវបាន​រំលាយ យកទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ទើបនឹង​តាក់តែងឡើង​ក្នុង​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក៏​មានន័យ​ស្រដៀង​គ្នា​នឹង​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ ដែរ​។ លោក ឈាង វុន តំណាងរាស្ត្រ​និង​ជា​អ្នកនាំពាក្យ​ប្រចាំ​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​។

​តំណាងរាស្ត្រ ឬ​អាសនៈ​ក្នុង​រដ្ឋសភា​នៃ​គណបក្ស ដែល​ត្រូវ​រំលាយ នឹងត្រូវ​ប្រគល់​ឲ្យ​គណបក្ស​ផ្សេង ចុះ​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​អត្ថន័យ​ដូច្នេះ​ដែរ​ឬ​? ហើយ​បើ​គណបក្ស​មួយ​ត្រូវបាន​រំលាយ អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៃ​គណបក្ស​នោះ នឹងត្រូវ​ប្រគល់​ឲ្យ​គណបក្ស​ផ្សេង​ដែរ​ឬ​? នេះ​ជា​សំណួរ ដែល​សារព័ត៌មាន​ថ្មីៗ សួរ​ទៅកាន់​លោក ឈាង វុន ដែល​បាន​ឆ្លើយ​មកវិញ​យ៉ាងខ្លី​ថា​៖ «​ដូចគ្នា​»​។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា​៖«​យើង​មិនទាន់​អាច​និយាយ​អ្វី​បានទេ ព្រោះ​វា​មិនទាន់​ក្លាយជា​ច្បាប់​។ ឥឡូវ វា​គ្រាន់តែ​ជា​សេចក្តីស្នើ​ប៉ុណ្ណោះ​»​។

​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​កំពុង​អនុវត្ត​ប​ច្ចុ​ប​ន្ប​ន្ន បាន​ចែងថា​៖«​ក្នុងករណី គណបក្ស​បោះបង់ចោល​អាស​នៈ ដែល​ខ្លួន​ទទួលបាន  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បែងចែក​អាសនៈ ដែល​បោះបង់ចោល​នោះ ទៅ​ឲ្យ​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ផ្សេងទៀត ដែលមាន​អាសនៈ​នៅក្នុង​ក្រុមប្រឹក្សា [​ឃុំ​-​សង្កាត់​] ក្នុងអំឡុងពេល​យ៉ាងយូរ​១៤​ថ្ងៃ​....»​។

​រហូតមកដល់​ពេលនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ពិភាក្សាគ្នា​រួចហើយ ចំពោះ​សេចក្តីស្នើច្បាប់​ទាំង​៤​ខាងលើ ហើយក៏​ប្រគល់​ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​នីតិកម្ម ដើម្បី​សិក្សា​និង​ពិនិត្យ​លម្អិត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​របស់រ​ដ្ឋ​សភា​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេល​ការពិនិត្យ​ត្រូវបាន​បញ្ចប់ គណៈកម្មការ​ជំនាញ នឹង​បញ្ជូន​សេចក្តីស្នើច្បាប់​ទាំងនោះ ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ហើយ​ចុងក្រោយ​នឹងត្រូវ​ដាក់ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ដើម្បី​អនុម័ត​ជា​ផ្លូវការ​។

​សេចក្តីស្នើច្បាប់​ទាំង​៤ ជាពិសេស​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​រង​ប្រតិកម្ម​ពី​សំណាក់​តំណាងរាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ភាគច្រើន​នៃ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ បាន​ប្រតិកម្ម​តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​លោក អេង ឆៃ​អាង តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា​៖«​ខ្លឹមសារ​នៃ​ការសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​យក​អាសនៈ​របស់​គណបក្ស ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​។ 



​ចំណែក លោក អ៊ូ ច័ន្ទ​ឫទ្ធិ  តំណាងរាស្ត្រ​និង​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក សេចក្តីស្នើច្បាប់​ខាងលើ ថា​ជាការ​បង្វែរ​ឆន្ទ​:​ម្ចាស់ឆ្នោត ដែល​គាំទ្រ​គណបក្ស​មួយ យកទៅ​ឲ្យ​គណបក្ស​មួយទៀត ហើយ​អាច​នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​ប្រទេសជាតិ​។ លោក បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​នេះ គឺ​កាន់តែ​អាក្រក់​បំផុត ព្រោះថា​ម្ចាស់ឆ្នោត​ពាក់កណ្តាល​នគរ​បានផ្តល់​សេចក្តីទុកចិត្ត​លើ​គណបក្ស​មួយ​នេះ [​គណបក្ស​សង្គ្រោះ​ជាតិ​] ដូច្នេះ​មិនត្រូវ​កែ​ច្បាប់​តាម​ក្រោយ ដើម្បី​បង្វែរ​ឆន្ទ​:​ម្ចាស់ឆ្នោត​ឡើយ​»​។



​រីឯ​លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​នីតិកម្ម​និង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ផង​នោះ ក៏បាន​រិះគន់​ចំពោះ​ការកែប្រែ​ច្បាប់​ខាងលើ​ដែរ​។ លោកស្រី បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖«​តំណាងរាស្ត្រ ត្រូវបាន​កើតចេញពី​ការគាំទ្រ ការពេញចិត្ត​របស់​ប្រជារាស្ត្រ តាមរយ​:​ការបោះឆ្នោត ឲ្យ​ធ្វើជា​តំណាង​របស់ខ្លួន​។ ហេតុនេះ បុគ្គល​ណា បក្ស​ណា ដែល​ប្រជារាស្ត្រ​មិនបាន​គាំទ្រ​ឲ្យ​ធ្វើជា​តំណាង​ផង គួរ​មាន​ភាព​ខ្មាសអៀន​ក្នុង​ខ្លួន​ក្នុងការ​ប៉ុនប៉ង ឃុបឃិត កម្ចាត់​អ្នកតំណាង​ស្របច្បាប់​របស់​រាស្ត្រ​។ រាស្ត្រ​មិនត្រូវ​ការ​អ្នក​ទេ បើ​រាស្ត្រ​ចង់បាន​អ្នកជា​តំណាង នោះ​រាស្ត្រ​បោះឆ្នោត​ឲ្យ​អ្នក​ហើយ​»​។​



​ឆ្លើយតប​នឹង​ការរិះគន់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ខ្លឹមសារ​នៃ​សេចក្តីស្នើច្បាប់​ខាងលើ មិនមែនជា​ជាការ​បង្វែរ​ឆន្ទៈ​ប្រជាពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ លោក​បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែល​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ព្រោះ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​បទល្មើស ហើយ​តំណាងរាស្ត្រ​របស់ខ្លួន ថែមទាំង​មិនសូវ​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា ថែមទៀត​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​គាត់​ប្រព្រឹត្ត​បទល្មើស មិន​ថា​គាត់​ក្បត់​ឆន្ទៈ​រាស្ត្រ​ផង​?​។ គាត់ ធ្វើ​កំហុស​ខ្លួនឯង ត្រូវ​បន្ទោស​ខ្លួនឯង ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​។ គាត់ ជា​តំណាងរាស្ត្រ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ ដូច្នេះ​គាត់ ត្រូវ​បំរើ​រាស្ត្រ បម្រើ​ជាតិ តែ​គាត់ មិនដែល​ចូល​សភា​ទេ តែ​បើក​ប្រាក់ខែ​។ គាត់​ហ្នឹងហើយ ជា​អ្នករំលោភ​ឆន្ទៈ​រាស្ត្រ​នោះ​»​។​

​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើង​ដែរ ទាក់ទង​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​បើ​រំលាយ​បក្ស​១ បក្ស​៥​ទៀត​ចូល​ជំនួស​។ បានសេចក្តីថា ពី​បក្ស​២ ឡើង​បក្ស​៦​នៅក្នុង​សភា​។ ហើយ​វា​នឹង​កើតឡើង នៅពេល​មិនយូរប៉ុន្មាន នាពេល​ខាងមុខនេះ​។ វា​ជា​ស្ថានសួគ៌​លោកិយ​នៃ​គណបក្សនយោបាយ​»​។​

​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖«[….] តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សាកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​»៕


Tag:
 សេចក្តីស្នើ​ច្បាប់បោះឆ្នោត​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com