កីឡាជាតិ
ជាតិ
ទោះបី​គូប្រជែង​មាន​សមត្ថភាព​ខ្លាំង​តែ​គ្រូ​ទ័ព​និង​ណាហ្គា​វើ​ល​សុទ្ធតែ​រំពឹង​ជោគជ័យ​ខ្ពស់​
14, Oct 2017 , 7:39 am        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល
ដោយ:
​ទាំង​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ​(​ទ័ព​)​សុទ្ធ​តែមាន​ទំនុកចិត្ត​ទទួលបាន​ជោគជ័យ​ខ្ពស់ សម្រាប់​ការវិល​មកជួប​ដៃគូ​ចាស់​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ តុលា ចុង​សប្តាហ៍​នេះ​។ ក្នុងនោះ​ណាហ្គា​វើ​លត​ទល់​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន RSN រីឯ​ទ័ព​ស្វាគមន៍​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​ក្រុម​ភ្ញៀវ​បឹង​កេង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​។

    ​


​គ្រូបង្វឹក​ក្រុម​ទ័ព លោក ទេព ឡុង​រចនា បានចាត់ទុក​ការជួប​ក្រុម​កំពុង​ឡើង​ជើង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ជា​ជំនួប​មួយ​ដ៏​សំខាន់​ក្នុង​ការកំណត់​ជោគវាសនា​ឡើងទៅ​តំបន់ Top4 សម្រាប់​ក្រុម​របស់លោក​។ ក្នុងករណី​ទ័ព​បញ្ចប់​លទ្ធផល​ស្មើ ឬ​ចាញ់​ថា​យ​ហ្គឺ​រ លោក ឡុង​រចនា ជឿជាក់ថា ឱកាស​ឡើងទៅ​វគ្គ​បន្ត​អាច​នឹង​បាត់បង់​។ បច្ចុប្បន្ន​ទ័ព​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៦​ដោយ​រក្សា​២៧​ពិន្ទុ​ក្រោយ​ចាញ់​ស្វាយរៀង ៣-២, ណាហ្គា​វើ​ល ៣-០ និង​បឹងកេត ៣-១​។

​សម្រាប់​ការជួបគ្នា​នៅ​ជើង​ទី​១​ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្រោម​ការដឹកនាំ​របស់លោក Oriol Mohedano កំពុង​ឡើង​ជើង​យ៉ាងខ្លាំង ពោលគឺ​៩​ប្រកួត​កន្លងមក​ក្រុម​នេះ​មិនដែល​ស្គាល់​បរាជ័យ​ឡើយ​ដោយ​ឈ្នះ​៦ និង​ស្មើ​៣​។ ជាក់ស្តែង​សម្រាប់​ការជួប​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រុម​នេះ​បាន​រក្សា​លទ្ធផល​ស្មើ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ១-១ និង ២-២​។​

​ទោះបី​យ៉ាងនេះ​ក្តី​លោក ទេព ឡុង​រចនា ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ឲ្យ​បាន​នៅ​ល្ងាច​នេះ​។ ហើយ​លោក​អះអាងថា ក្រុម​ខ្លាំង​មិនមែន​ល្អ​១០០​ភាគរយ​នោះឡើយ ដ្បិត​ភាពខ្វះ​ចន្លោះ និង​ចំណុច​មិនល្អ​តែងតែ​កើតមាន​សម្រាប់​ក្រុម​នីមួយៗ​។ តែ​គ្រូបង្វឹក​រូបនេះ​ទទួលស្គាល់ថា កូនក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​មាន​ឆន្ទៈ​ប្រកួត​ខ្ពស់ និង​មានការ​សហការ​ក្នុង​ក្រុម​ល្អ តែ​សមត្ថ​ភាពមិន​លើស​ក្រុម​របស់លោក​ឡើយ​។       

​ទន្ទឹមនឹងនេះ ក្រុម​ឈរ​លេខ​រៀង​ទី​២​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ដណ្តើម​ឈរ​លេខ​រៀង​ទី​២​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN​។ សម្រាប់​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី​២​នេះ វា​ជា​ឱកាស​សងសឹក​សម្រាប់​ក្រុម​ណាហ្គា​វើ​ល​ដែល​បាន​រង​បរាជ័យ ១-០ កាលពី​ជើង​ទី​១​នៅលើ​ទឹកដី​របស់ខ្លួន​ផងដែរ​។

​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​លោក មាស ចាន់ណា បាន​លើកឡើងថា ការជួប​ភ្នំពេញ​ក្រោ​ន​នៅក្រៅ​ទឹកដី​លើក​នេះ​កត្តា​ទីលាន​អាចជា​បញ្ហា​ប្រឈម​១០​ភាគ​សម្រាប់​ណាហ្គា​វើ​ល​។ តែ​តាមរយៈ​ការលេង​ប្រកបដោយ​ការសហការ​ក្នុង​ក្រុម និង​កត្តា​គ្មាន​របួស​របស់​កូនក្រុម​បានធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​មាន​ទំនុកចិត្ត​ទទួលបាន​ជោគជ័យ​ខ្ពស់​សម្រាប់​ជំនួប​ក្រៅ​ទឹកដី​មួយ​នេះ​។ ទន្ទឹមនឹង​ការប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព លោក ចាន់ណា ទទួលស្គាល់ថា ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​មាន​ទម្រង់​លេង​ល្អ និង​សម្បូរ​កីឡាករ​វ័យក្មេង​ប្រកបដោយ​គុណភាព​ច្រើន​។

​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ទាំងពីរ​គូ​ខាងលើ ក៏មាន​ការប្រកួត​ដ៏​ចាប់អារម្មណ៍​មួយគូ​ទៀតផង​ដែរ គឺ​រវាង​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៤​បឹងកេត​ដែល​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ សម្រាប់​ការប្រកួត​កាលពី​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២៕  


Tag:
 Cambodian League 2017
  ទេព ឡុង​រចនា​
  មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com