បទយកការណ៍ / បទសម្ភាសន៍
គ្រូបង្រៀន​បកប្រែ​កាសែត​៖​អ្នករៀន​រីក​ទាំង​បច្ចុប្បន្នភាព​ពិភពលោក ដុះដាល​ទាំង​ភាសា​
14, Oct 2017 , 2:39 pm        
រូបភាព
ដោយ:
​លោក ខៀវ សុវណ្ណ​ធី ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ឯកជន​មួយ ប្រហែល​២០​ឆ្នាំ​មកហើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com គ្រូបង្រៀន​រូបនេះ បញ្ជាក់ថា អ្នករៀន​បកប្រែ​កាសែត មិន​ត្រឹមតែ​អាច​បង្កើន​កម្រិត​ភាសា​អង់គ្លេស​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សិស្ស​អាច​ជ្រួតជ្រាប​ពី​បច្ចុប្បន្នភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​ផង​។  លោក បញ្ជាក់បន្ថែម​ដូច្នេះ​៖«​រៀន​បកប្រែ​កាសែត គឺ​រៀន​ទាំង​សរសេរ និង​ចំណេះដឹង​ទូទៅ​នៅក្នុង​អត្ថបទ​កាសែត​»​។ តែ លោក ខៀវ សុវណ្ណ​ធី ក៏​បញ្ជាក់ដែរថា ដើម្បី​រៀន​បកប្រែ​កាសែត បាន​សិស្ស​ក៏​ចាំបាច់​មានចំណេះ​ទូទៅ​សមល្មម និង​ភាសា​អង់គ្លេស ក្នុង​កម្រិត​Pre-Intermediate​ឡើងទៅ​ដែរ ទើប​ឆាប់​ចាប់បាន​។​



​ដើម្បី​ជាក់ច្បាស់ សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង លោក ទីន សុខ​លីម អ្នកកាសែត​នៃ សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក  ខៀវ សុវណ្ណ​ធី គ្រូបង្រៀន​បកប្រែ​កាសែត ដូចតទៅ​៖

​លោក ទីន សុខ​លីម​៖ លោក ខៀវ សុវណ្ណ​ធី  លោក បាន​បង្រៀន​បកប្រែ​កាសែត ប្រហែល​២០​ហើយ​នៅ នៅ​សាលា​ភាសា​អង់គ្លេស ចិន ថៃ បារាំង កូរ៉េ មី​ស្ទើ​ប៉ុង​។ តើ​ការរៀន​បកប្រែ​កាសែត​មាន​ប្រយោជន៍​អ្វីខ្លះ​?
​លោក ខៀវ សុវណ្ណ​ធី​៖ រៀន​បកប្រែ​កាសែត​នេះ វា​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​អ្នករៀន ពីព្រោះ​ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង និង​ព័ត៌មាន​ផ្សេងៗ យល់ដឹង​ច្បាស់ ពី​បញ្ហា​សង្គម​ដែល​កំពុង​កើតឡើង​។ ម្យ៉ាងទៀត  អ្នករៀន​បកប្រែ​កាសែត ក៏​អាច​សិក្សា​ពាក្យ​បច្ចេកទេស​ក្នុងពេល​ជាមួយគ្នា​ដែរ​។ ជារួម រៀន​បកប្រែ​កាសែត គឺ​រៀន​ទាំង​សរសេរ និង​ចំណេះដឹង​ទូទៅ​នៅក្នុង​អត្ថបទ​កាសែត​។
 
​លោក ទីន សុខ​លីម​៖ សម្រាប់​សិស្ស​ដែល​ចង់​រៀន​បកប្រែ​កាសែត តើ​ពួកគេ​ត្រូវមាន​ចំណេះដឹង​ភាសា​អង់គ្លេស​មូលដ្ឋាន​កម្រិត​ណា​?
​លោក ខៀវ សុវណ្ណ​ធី​៖ ពួកគេ​ត្រូវតែ​មានចំណេះដឹង​ទូទៅ​ច្រើន​បន្តិច​ដែរ​។ អ៊ីចឹង​បើ​គាត់​មិន​យល់ដឹង​ពី​ពាក្យ​បច្ចេកទេស ក៏​គាត់​ពិបាក​រៀន​ដែរ​។ ប៉ុន្តែ​ជួនកាល​ពួកគេ​មានចំណេះដឹង​ទូទៅ​ទាប​ទេ តែ​អាស្រ័យ​លើ​គ្រូ​ដែរ គាត់​មាន​វិធីសាស្ត្រ​ល្អ​ក្នុងការ​បង្រៀន សិស្ស​ក៏​អាច​ចេះ​ទៅតាម​ហ្នឹង​ដែរ​។ ម្យ៉ាង​រៀន​បកប្រែ​កាសែត ក៏មាន​ដំណាក់កាល​ដែរ ហើយ​ដំណាក់កាល​ដំបូង ពួកគេ​ត្រូវ​រៀន​ពី​កម្រិត​ស្រាល​ទៅ​សិន យ៉ាងហោច​ក៏​ធ្លាប់​រៀន​អង់គ្លេស​តាម​សៀវភៅ​កម្រ​តិ Pre-Intermediate ខ្លះ​ដែរ​។ បើ​មិន​ធ្លា​ប់រៀន មក​រៀន​កម្រិត​បកប្រែ​កាសែត​មិន​បានទេ​។   

​លោក ទីន សុខ​លីម​៖ ពាក្យ​បច្ចេកទេស ជា​បញ្ហា​ដ៏​លំបាក​ចម្បង​ដែល​សិស្ស​ភាគច្រើន​បានលើកឡើង ប៉ុន្តែ​ជា​បទពិសោធន៍​ដែល​លោក​បាន​ឆ្លងកាត់​ប្រហែល​២០​ឆ្នាំ តើ​រៀន​បកប្រែ​កាសែត​បែបណា​ទើប​ឆាប់​ចេះ​?
​លោក ខៀវ សុវណ្ណ​ធី​៖ ដើម្បី​ឲ្យ​ចាំ​ពាក្យ​ច្រើន និង​មិន​ងាយ​ភ្លេច​ទៅវិញ ទាល់តែ​យើង​រៀន ហើយ​អនុវត្តន៍​។ ត្រង់ចំណុច​នេះ គ្រូ​ដើរតួ​សំខាន់​ណាស់ ទោះបីជា​យើង​រៀន​បកប្រែ​កាសែត​ក៏ដោយ គ្រូ​គឺ​ដើរតួនាទី​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​ចាំ និង​ដើម្បី​ចាំ​យើង​វិភាគ​អត្ថបទ​កាសែត​នេះ និង​លើកយក​ជា​សំណួរ​សួរ​សិស្ស​។ សិស្ស​អាច​លើក​សំណួរ​សួរ​គ្រូ ដោយ​ប្រើពាក្យ​នៅក្នុង​កាសែត​នេះ​តែម្តង គឺ​ឆាប់​ចាំ ឆាប់​ចេះ ដូចជា​ប្រើពាក្យ​បច្ចេកទេស នៅក្នុង​ការ​សួរ​គ្នា​ទៅវិញទៅមក ពី​បញ្ហា​ទូទៅ​ដែល​កើតឡើង​ដែលមាន​នៅក្នុង​អត្ថបទ​កាសែត​។ សិស្ស​ដែល​ចង់​រៀន​បកប្រែ​កាសែត​ឲ្យ​ឆាប់​ចេះ យើង​រៀន​ហើយ ត្រូវ​អនុវត្តន៍ យកពាក្យ​បច្ចេកទេស និង​បញ្ហា​ទាំងអស់​នៅក្នុង​អត្ថបទ​កាសែត បង្កើតជា​សំណួរ​សួរ​គ្នា​ទៅវិញទៅមក និង​រក​ចម្លើយ នោះ​គឺ​យើង​ឆាប់​ចេះ ក្នុង​រយៈពេល​ខ្លី​តែម្តង មិនចាំបាច់​ប្រើពេល​៥​ឆ្នាំ ឬ​១០​ឆ្នាំ​ទេ​។



លោក ទីន សុខ​លីម​៖ មាន​សិស្ស​ជាច្រើន បានមក​រៀន​បកប្រែ​កាសែត​ជាមួយ​លោកគ្រូ​។ លោក មាន​ចំណុច​ពិសេស​អ្វី ដែល​ទាក់ទាញ​ឲ្យ​ពួកគេ​មក​រៀន​ជាមួយ​លោក​? 
លោក ខៀវ សុវណ្ណ​ធី​៖ ក្នុងនាម​ខ្ញុំ​ជា​គ្រូ ខ្ញុំ​ត្រូវ​យល់​ពី​អារម្មណ៍​របស់​សិស្ស  ពីព្រោះ​សិស្ស​ដែល​មក​រៀន​នេះ ជួនកាល​គ្នា​មាន​សមត្ថភាព​ទាប​។ អ៊ីចឹង​ក្នុងនាម​ជា​គ្រូ យើង​ត្រូវ​រក​វិធីសាស្ត្រ និង​បង្រៀន​យ៉ាងម៉េច ដើម្បី​ឲ្យ​គេ​ឆាប់​ចេះ​។ នៅក្នុង​ការបង្រៀន​នោះ​ក៏​អ៊ីចឹង​ដែរ មិនមែន​គ្រូ​មាន​សមត្ថភាព​ខ្ពស់ ចេះតែ​បង្រៀន​ទៅតាម​អ្វីដែល​ខ្លួន ចង់​បង្រៀន​នោះទេ​។ យើង​ត្រូវ​ស្ទង់​អារម្មណ៍ សមត្ថភាព​របស់​សិស្ស និង​ទេពកោសល្យ​ក្នុងការ​និយាយ និង​ការបង្រៀន​បកប្រែ​របស់​យើង​។ យើង​មិនមែន​ចេះ តែ​បកប្រែ​ទៅនោះ​ទេ​។ យើង​ត្រូវ​គិតថា តើ​បកប្រែ​យ៉ាងម៉េច ដើម្បី​ឲ្យ​សិស្ស​ឆាប់​យល់ ពីព្រោះ​សិស្ស​នៅក្នុង​ថ្នាក់ អ្នកខ្លះ​ក៏​មិនសូវ​ចេះ​ដែរ​៕


Tag:
 ខៀវ សុវណ្ណ​ធី​
  ភាសា​
 ​ បកប្រែ​
 ​ កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com