ជាតិ
សេដ្ឋកិច្ច
សភា បានអនុម័តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដែលធានាការពារផលិតផលក្នុងស្រុក និងអ្នកវិនិយោគ
× ភ្នំពេញ៖ រដ្ឋសភា នៅថ្ងៃទី១២ខែតុលា បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ដែលនាំទៅដល់ការកាពារផលិតផលក្នុងស្រុក និងការវិនិយោគសុចរិត។
សេចក្ដីព្រាងច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានបង្កើតឡើង ដើម្បីការពារផលិតកម្ម និងឧស្សាហកម្មកម្ពុជា ពីផលប៉ះពាល់នៃការលក់បន្ទាបថ្លៃខុសប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅកម្ពុជា។ នេះបើតាមសេចក្ដីថ្លែងហេតុរបស់រដ្ឋាភិបាល។
សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ទំនុកចិត្ត និងធ្វើជាខែលការពារវិនិយោគិនក្នុងស្រុក និងបរទេស ដែលបណ្ដាក់ទុននៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានា សម្រាប់ជួយធានាដល់ប្រកួតប្រជែងដោយសុចរិត និងស្មោះត្រង់។ សេចក្ដីព្រាងច្បាប់នេះ នឹងជួយការពារផងដែរ ផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុកនៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលគំរាមកំហែងដល់ការរីកចម្រើននៃឧស្សាហកម្មក្នុងស្រុក។
តាមរយៈសេចក្ដីព្រាងច្បាប់នេះ រដ្ឋាភិបាលនឹងមានលទ្ធភាពក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផលនាំចូលណា ដែលអាចបង្កមហន្តរាយដល់ផលិតកម្ម និងឧស្សាហកម្មកម្ពុជា ខ្ពស់ជាងអត្រាពន្ធដែលកម្ពុជាបានចង និងសន្យានៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក្នុងករណីចាំបាច់។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការអនុម័ត សេចក្ដីព្រាងច្បាប់នេះ គឺជាសញ្ញាវិជ្ជមានដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែប្រសិទ្ធភាពនៃការអនុវច្បាប់នេះនឹងអាស្រ័យការអនុវត្តជាក់ស្ដែង។ លោក ងួន ម៉េង តិច ដែលត្រូវបានដកស្រង់សម្តីដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៣ខែតុលា បានថ្លែងយ៉ាងដូច្នេះថា៖«ការអនុម័តច្បាប់នេះល្អ ដែលនឹងផ្ដល់ការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារនេះ ប៉ុន្តែយើងចាំបាច់ត្រូវមើលថា តើការអនុវត្តរបៀបណានឹងត្រូវធ្វើឡើង»។
លោក ងួន ម៉េងតិច បន្តថ្លែងដូចនេះទៀតថា៖«ដូចដែលយើងដឹងថា អតុល្យភាពនៃការអនុវត្តពន្ធ និងផលិតផលនាំចូលក្រៅផ្លូវការ ធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជករត្រឹមត្រូវជាច្រើន»៕
Tag:
ងួន ម៉េងតិច
ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com