អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុន ប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនដើម្បីជួយសេដ្ឋកិច្ចឥណ្ឌូណេស៊ី រូបភាព៖ Jakarta Post
× រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាពង្រឹងសមត្ថភាព និងវត្តមានរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ។ ការប្តេជ្ញានេះ ធ្វើឡើងស្របពេលដែល បានឃើញពីវត្តមានរបស់ក្រុមហ៊ុនជប៉ុននៅឥណ្ឌូណេស៊ី បានចូលរួមសកម្មក្នុងការបង្កើតការងារសម្រាប់ពលរដ្ឋជាង៤,៧លានហើយនោះ ។
អគ្គរដ្ឋទូតជប៉ុនប្រចាំឥណ្ឌូណេស៊ី លោក Masafumi Ishii នៅថ្ងៃ១២ តុលា បានថ្លែងនៅក្នុងកម្មវិធីមួយនៅក្រុងហ្សាការតាថា រដ្ឋាភិបាលរបស់លោក ពិតជាមានការប្តេជ្ញាយ៉ាងខ្លាំងក្នុងការរក្សា និងកសាងភាពជាដៃគូជាមួយនឹងឥណ្ឌូណេស៊ី ដែលជាគូយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ជប៉ុនក្នុងរយៈពេលវែង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។
លោកអគ្គរដ្ឋទូត បានបន្ថែមថា ជោគជ័យមួយនៃភាពជាដៃគូសេដ្ឋកិច្ច អាស្រ័យលើទស្សនវិស័យវែងឆ្ងាយ ហើយ វា ក៏នឹងបង្កើតឲ្យក្លាយជាទំនាក់ទំនងឈ្នះ-ឈ្នះផងដែរ ។
តំណាងការទូតក្រុងតូក្យូ បានពន្យល់ទៀតថា ក្រុមហ៊ុនជប៉ុន បានចូលរួមក្នុងវិស័យដែលជាផលិតផលសរុបក្នុងស្រុកផ្លូវការរបស់ឥណ្ឌូណេស៊ីរហូតដល់ ១០ភាគរយ ដែលមានតម្លៃប្រមាណ ៥២,៥ ពាន់លានដុល្លារនៅឆ្នាំមុន ។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុន ក៏បានចូលរួមវិនិយោគដ៏ធំនៅក្នុងរោងចក្រថាមពលវារីអគ្គិសនីនៅឥណ្ឌូណេស៊ី ដែលមានសមត្ថភាព ៨ ៧៤០ មេហ្គាវ៉ាត់ឯណោះ ។
បើតាមសារព័ត៌មាន The Jakarta Post ឥណ្ឌូណេស៊ី គឺជាទិសដៅធំបំផុតទីបីរបស់ក្រុមហ៊ុនជប៉ុន ខណៈទិសដៅទីមួយ និងទីពីរ គឺឥណ្ឌា និងចិន ៕
Tag:
ជប៉ុន
ឥណ្ឌូណេស៊ី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com