ជាតិ
សិល្បះ
ពេជ្រ ថៃ ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodia
15, Oct 2017 , 12:05 am        
រូបភាព
ដោយ: ថ្មីៗ
កុមារា ពេជ្រ ថៃ បាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia របស់​ទូរទស្សន៍​ហង្ស​មាស ប្រចាំឆ្នាំ​២០១៧ ដែលមាន​ប្រាក់រង្វាន់​១០០​លាន​រៀល និង​ការឧបត្ថម្ភ​ជាច្រើន​ផ្សេងទៀត​។ ពេជ្រ ថៃ ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខជន​៥​នាក់​ទៀត​នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៤ ខែតុលា​។​

 
​នៅក្នុង​កម្មវិធី ដែលមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ភរិយា បេក្ខជន​ទាំង​៦​នាក់ បាន​បើកឆាក​ដោយ​ច្រៀង​រួមគ្នា​។ បន្ទាប់មក​ពួកគេ​បាន​បកស្រាយ​ចម្រៀង​ម្នាក់​១​បទ​នៅ​វិញ្ញាសា​ទី​១ ។ 
 
​សម្រាប់​កូនក្រុម​របស់​កញ្ញា សុគន្ធ នីសា កុមារី ឃុ​យ ម៉ី​ហៀ​ង អាយុ​១២​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ ច្រៀង​បទ «​ខ្យល់​កំពូលភ្នំ​» កុមារី ណូ ឈូ​ស៊ីវ​ហេង អាយុ​៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ច្រៀង​បទ «Let it go»​។ 
 
​ចំណែក​កូនក្រុម​លោក ព្រាប សុវត្ថិ វិញ កុមារា ឡុង លីង​គ័​ង្គ អាយុ​១២​ឆ្នាំ មកពី​ខេត្តតាកែវ បកស្រាយ​បទ «​បង​ពីមុន​ឆ្កួត​បាត់​ហើយ​» កុមារា ពេជ្រ ថៃ អាយុ​១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង ច្រៀង​បទ «​អា​ណែ​ត​មាសបង​»​។ 
 
​ងាក​ទៅ​កូនក្រុម​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ឯណោះ​វិញ កុមារី រ៉​ន ចាន់​ឌី​ន អាយុ​១២​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ ច្រៀង​បទ «​ស្រី​ណា​មិន​យំ​» កុមារី សុខ សុជាតា អាយុ​១២​ឆ្នាំ ពី​រាជធានី​ភ្នំពេញ ច្រៀង​បទ «​ផ្លូវ​ស្នេហ៍​បែកបាក់​»​។​
 
​ឈានដល់​វិញ្ញាសា​ទី​២ បេក្ខជន​ត្រូវបាន​តម្រូវ​ឲ្យ​ច្រៀង​ជាមួយ​គ្រូបង្វឹក​របស់ខ្លួន​។ ឡុង លីង​គ័​ង្គ និង ពេជ្រ ថៃ ចាប់ដៃគ្នា​ច្រៀង​ជាមួយ លោក ព្រាប សុវត្ថិ នូវ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ថ្នម​»​។ បន្ទាប់មក កញ្ញា សុគន្ធ នីសា ច្រៀង​បទ «Sweet តែ​ដំបូង​» ជាមួយ ឃុ​យ ម៉ី​ហៀ​ង និង ណូ ឈូ​ស៊ីវ​ហេង ដែលជា​កូនក្រុម​របស់ខ្លួន​។ ចុងក្រោយ ជាការ​បកស្រាយ​បទ «​គ្មាន​ថ្ងៃ​អូន​មិន​យំ​» របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ជាមួយ រ៉​ន ចាន់​ឌី​ន និង សុខ សុជាតា​។​
 
​ក្រៅ​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត បេក្ខជន​វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង​៦​នាក់ សុទ្ធតែ​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ម្នាក់ៗ​ចំនួន ៣០០០​ដុល្លារ​អាមេរិក​ផងដែរ​៕
 
 

Tag:
 The Voice Kids Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com