កីឡាជាតិ
ជាតិ
ចំណូលរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងតិចជាង ចំណាយជាង២៤,០០០ដុលា្លរ លោក ងិន សុបញ្ញា ពេលឡើងអានរបាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាពការងារក្នុងអាណត្តិទី២នៅ NOCC
× សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ត្រូវខាតថវិកាជាង២៤,០០០ដុល្លារ សម្រាប់អាណត្តិទី២របស់ខ្លួនក្រោយទំហំប្រាក់ចំណូលតូចជាងចំណាយ។ ការខាតបង់នេះ មិនបានធ្វើឲ្យសហព័ន្ធដែលដឹកនាំលោក គង់ រិទ្ធីជព្វ បោះបង់ការខិតខំ និងការតស៊ូរបស់ខ្លួននោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហព័ន្ធនេះ បានរៀបចំមហាសន្និបាតផ្លាស់ប្តូរថ្នាក់ដឹកនាំមួយចំនួន និងដាក់ទិសដៅអភិវឌ្ឍន៍សម្រាប់អាណត្តិថ្មី។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលអានដោយ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅក្នុងអាណត្តិទី២សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជារកចំណូលសរុបបានចំនួន៣៥,០០០ដុល្លារ តែចំណាយរហូតដល់៥៩,៤៧១ដុល្លារ។ ដូច្នេះដោយចំណាយមានទំហំធំជាងចំណូលក្នុងអាណត្តិនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុង ត្រូវខាតថវិកាចំនួន២៤,៤៧១ដុល្លារ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៣ សហព័ន្ធរកចំណូលបានចំនួន៥,០០០ដុល្លារតែត្រូវចំណាយ១២,០០០ដុល្លារ នាំឲ្យខាតថវិកាចំនួន៧,០០០ដុល្លារ។ ឆ្នាំ២០១៤ សហព័ន្ធរកចំណូលបានចំនួន១២,០០០ដុល្លារ តែត្រូវចំណាយ១៩,២០៦ដុល្លារ នាំឲ្យខាតថវិកាចំនួន៧,២០៦ដុល្លារ។ នៅឆ្នាំ២០១៥ សហព័ន្ធទទួលបានចំណូល១៥,០០០ដុល្លារ តែត្រូវចំណាយរហូត២២,៤៥៥ដុល្លារ ដោយខាតថវិកាសរុបចំនួន៧,៤៥៥ដុល្លារ។ នៅឆ្នាំ២០១៦ និង ២០១៧ សហព័ន្ធមានចំណូល៣,០០០ដុល្លារ ហើយត្រូវចំណាយ៥,៨១០ដុល្លារ ដោយត្រូវខាតថវិកា២,៨១០ដុល្លារ។
សមាជិកប្រតិបត្តិអាណត្តិថ្មីរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាថតរូបជុំគ្នានៅ NOCC
អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញា បានបញ្ជាក់ថា ប្រភពចំណូលធំជាងគេរបស់សហព័ន្ធ គឺតាមរយៈការឧបត្ថម្ភផ្ទាល់ពី លោក គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធ។ ក្រៅពីនេះបានមកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនឯកជន ដែលជាដៃគូសហការរួមមាន ក្រុមហ៊ុនហ្វត ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បណ្ណាគារសន្តិភាព និងក្រុមហ៊ុន Herbal life។ តែយ៉ាងណា លោក មិនបានបញ្ជាក់លម្អិតពីតួលេខនីមួយៗ នៃប្រភពចំណូលនោះឡើយ។
ទោះបីមានការខាតថវិកាក្នុងអាណត្តិទី២របស់ខ្លួនក៏ដោយ ប៉ុន្តែសហព័ន្ធនេះមិនបានបោះបង់ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅកណ្តាលទីនោះឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែតុលា នៅទី ស្នាក់ការ NOCC សហព័ន្ធនេះបានរៀបចំមហាសន្និបាតជ្រើសតាំងសមាជិកប្រតិបត្តិថ្មី និងដាក់ទិសដៅអភិវឌ្ឍន៍សម្រាប់សម្រាប់អាណត្តិទី៣នេះផងដែរ។
តាមរយៈការបោះឆ្នោតដោយលើកដៃនៅទីស្នាក់ការ NOCC អង្គមហាសន្និបាតសម្រេចបោះឆ្នោតឲ្យប្រធានចាស់គឺ លោក គង់ រិទ្ធីជព្វ បន្តដឹកនាំជាប្រធានក្នុងអាណត្តិថ្មី(ឆ្នាំ២០១៧-២០២១)។ ចំណែកអ្នកស្រី ម៉ក់ វណ្ណស៊ីថា ជាអនុប្រធានទី១, អ្នកស្រី ហួត ចាន់ធានី អនុប្រធានទី២, លោក ងិន សុបញ្ញា បន្តធ្វើជាអគ្គលេខាធិការ ខណៈកញ្ញា ញ៉ែម សុភា និងកញ្ញា កាង ណុចបវរ ជាអគ្គហិរញ្ញឹក និងហិរញ្ញឹករង។ លោក មាស សារ៉េត, អ្នកស្រី សូ រ៉ាន់ដេត និងអ្នកស្រី បេង ប៊ុននេត ជាសមាជិកប្រតិបត្តិ។
ក្រោយជ្រើសតាំងសមាជិកប្រតិបត្តិអាណត្តិថ្មីរួច សហព័ន្ធបានដាក់ចេញទិសដៅ និងផែនអភិវឌ្ឍន៍មួយចំនួនសម្រាប់អាណត្តិថ្មីផងដែរ។ ក្នុងនោះសហព័ន្ធគ្រោងបញ្ចូលកីឡាករ-កីឡាការិនីចំនួន១០ក្នុងក្រុមជម្រើសជាតិថ្នាល និងស្នើឲ្យក្រសួងអប់រំយុវជន និងកីឡាបង្កើនចំនួនកីឡាករជម្រើសជាតិឈុតធំពី៦ទៅ១២នាក់។ លើសពីនេះ សហព័ន្ធនឹងខិតខំស្វែងរកដៃគូឧបត្ថម្ភដើម្បីរៀបចំការប្រកួតជើងឯកផ្សេងដើម្បីពង្រឹងសមត្ថភាពសម្រាប់ត្រៀមប្រកួតក្រៅប្រទេស និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕
Tag:
ទ្រីយ៉ាត្លុង
ងិន សុបញ្ញា
គង់ រិទ្ធិជព្វ
© រក្សាសិទ្ធិដោយ thmeythmey.com