បទយកការណ៍ / បទសម្ភាសន៍
យុវជន ស៊ុម ច័ន្ទ​តារា កែ​ពី​សិស្ស​គេច​សាលា និង​ហ៊ាន​ស្រមៃ​ធ្វើជា​អភិបាលខេត្ត
15, Oct 2017 , 7:39 pm        
រូបភាព
ដោយ:
​ចង់​ក្លាយជា អភិបាល​ខេត្តតាកែវ គឺជា​មហិច្ឆតា​របស់ យុវជន ស៊ុម ច័ន្ទ​តារា ។ មាន​អាយុ​២១​ឆ្នាំ ច័ន្ទ​តារា ជា​សិស្ស​ក្រមការ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ប្រាប់​ពី​ម​ហិ​ច្ច​តា​របស់ខ្លួន​ដល់​សារព័ត៌មាន thmeythmey.com ដូច្នេះ ដោយសារតែ​គេច​ង់​ក្លាយជា​បុគ្គល​ម្នាក់​ដែល​អាចរួមចំណែក ក្នុងការ​សម្រេច​លើ​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្ត​កំណើត​របស់គេ និង​មាន​ពេលវេលា​នៅ​ជាមួយ​ប្រជាពលរដ្ឋ​។​



​លោក ស៊ុម ច័ន្ទ​តារា ជា​យុវជន​ម្នាក់​ដែលមាន​មហិច្ឆតា​ខ្ពស់ មិន​ខុសពី​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន​ទៀត​ដែរ​។ មាន​វ័យ​២១​ឆ្នាំ មកពី​ខេត្តតាកែវ និង​ជា​សិស្ស​ក្រមការ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ផង ច័ន្ទ​តារា ចង់​ធ្វើជា​អភិបាលខេត្ត​កំណើត​របស់ខ្លួន​តែម្តង​។

​ដើមឡើយ តារា ជា​ក្មេង​ដែល​មិនបាន​ឲ្យ​តម្លៃ​ដល់​ការអប់រំ​នោះឡើយ​។ គេ​តែង​គេច​សាលា​ទៅ​ដើរលេង ឬ​លេង​បាល់​ជា​ញឹកញាប់ ជាមួយ​មិត្តភក្តិ​វិទ្យាល័យ​មួយចំនួនទៀត​។ កាលណោះ យុវជន ច័ន្ទ​តារា ទទួលស្គាល់ថា គេ​មិនបាន​ខ្វល់​ពីស​ម្តី​ដាស់តឿន​របស់​ឪពុកម្តាយ​ឡើយ ដោយសារតែ​ជឿ និង​ស្តាប់​ការអូសទាញ​ពី​មិត្តភក្តិ​។ តារា រៀបរាប់ថា​៖«​ម្តាយ​ខ្ញុំ​ស្តីបន្ទោស​ឲ្យ​ខ្ញុំ​ទាំង​ទឹកភ្នែក  ដោយសារ​ខ្ញុំ​គេច​ម៉ោង​រៀន​។ ពេលនោះ ខ្ញុំក៏​យល់​ដែរ​ថា ខ្ញុំ​ជា​កូនប្រុស​ម្នាក់​នៅក្នុង​គ្រួសារ តែ​បែរជា​ធ្វើ​ឲ្យ​ឪពុកម្តាយ​គាត់​ពិបាកចិត្ត ប៉ុន្តែ​ខ្ញុំ​ក៏​មិនទាន់​យល់​ពី​តម្លៃ​នៃ​ការសិក្សា​ដែរ និង​ម្យ៉ាង​មិត្តភក្តិ​អូសទាញ​ផង ខ្ញុំ​ក៏​ទៅតាម​គេ​»​។ 



​ទឹកភ្នែក និង​ពាក្យសម្តី​ដាស់តឿន​របស់​ម្តាយ​គ្រានោះ មិនបាន​ធ្វើ​ឲ្យ​ភ្ញាក់ខ្លួន​ឡើយ​។ គេ​បន្ត​គេច​ម៉ោង​រៀន​ដដែល រហូតដល់​ថ្ងៃមួយ​ដែល​គេ​បាន​យក​លំ​ហាត់​ទៅ​សួរ​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែលជា​សិស្ស​ពូកែ​នៅក្នុង​ថ្នាក់​។ «​ហេតុអ្វី​មក​សួរ​ខ្ញុំ​អីចឹង ម៉េច​ក៏​មិន​ខំរៀន​ខ្លួនឯង​ទៅ​»​។ នេះ​ជា​ចម្លើយ​ដែល​គេ​ទទួលបាន ក៏​ជា​ចម្លើយ ដែល​ចាក់​ដោត​ដល់​បេះដូង​សិស្ស​គេច​សាលា​ម្នាក់ រហូតដល់​គេ​ចេះ​ខ្មាស​ខ្លួនឯង និង​ស្តាយ​ដែល​មិន​ស្តាប់​សម្តី​ម្តាយ​។ ចាប់ពីពេលនោះ​មក យុវជន ដែលមាន​ឪពុក​ជា​គ្រូបង្រៀន និង​ម្តាយ​ជា​អាជីវករ​រូបនេះ ឈប់​គេច​សាលា និង​ចាប់ផ្តើម​ប្រឹងរៀន​សូត្រ រហូត​ក្លាយជា​សិស្ស​លេចធ្លោ​មួយរូប​។ យុវជន ស៊ុម ច័ន្ទ​តារា រៀបរាប់​បន្ត​ដូច្នេះ​៖«​ខ្ញុំ​មានការ​តាំងចិត្ត​មួយ​ថា ខ្ញុំ​មិន​ធ្វើ​ឲ្យ​ឪពុកម្តាយ​ខ្ញុំ​អស់សង្ឃឹម ក៏ដូចជា​ស្រក់​ទឹកភ្នែក​ម្តងទៀត​ទេ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​គាត់​មាន​មោទកភាព​ដោយសារ​ខ្ញុំ​»​។ កូនពៅ​ក្នុង​គ្រួសារ​រូបនេះ បាន​ប្រឹងប្រែង​រហូត​ប្រឡង​ជាប់​បាក់​ឌុប និង​ទទួល​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជំនាញ​រដ្ឋបាល​សាធារណៈ នៅ​ឆ្នាំ​២០១៣  និង​ប្រឡង​ជាប់​ជា​សិស្ស​ក្រមការ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ឆ្នាំ​២០១៧​នេះ​។



​តារា ប្រាប់​សារព័ត៌មាន thmeythmey.com ថា គេ​ចង់​ក្លាយជា អភិបាល​ខេត្តតាកែវ ព្រោះតែ​គេច​ង់​ចូលរួម​សម្រេច​កិច្ចការ​អភិវឌ្ឍន៍​ផ្សេងៗ​សម្រាប់​ខេត្ត​កំណើត​ខ្លួន​។ ច័ន្ទ​តារា បញ្ជាក់ថា​៖«​គោលដៅ​ចុងក្រោយ ជីវិត​របស់ខ្ញុំ ចង់​ក្លាយជា​អភិបាល​ខេត្តតាកែវ ដែលជា​ខេត្ត​កំណើត​។ តាមរយៈ​តំណែង​នេះ ខ្ញុំ​អាចមាន​សិទ្ធិ​សម្រេចចិត្ត លើ​ការអភិវឌ្ឍ​ខេត្ត​នេះ និង​បាន​នៅក្បែរ​ប្រជាពលរដ្ឋ​»​។​

​មិន​ត្រឹមតែ​បាន​កែខ្លួន​ពី​យុវជន​ខិលខូច គេច​មិន​ចូលរៀន មិន​ខ្វល់​ពី​សង្គម តារា​បច្ចុប្បន្ន កំពុង​លើកទឹកចិត្ត​ឲ្យ​យុវជន ឲ្យ​គិតពី​បញ្ហា​សង្គម​ផងដែរ​។ តារា បាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជាច្រើន​តាំងពី​ឆ្នាំ​២០១៤​មកជា​មួយ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ទាំង​នៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ផង​។ បច្ចុប្បន្ន តារា ជា​អនុប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត ដើម្បី​ការអភិវឌ្ឍ​សង្គម​(YVSD) ដែល​កំពុង​ដឹកនាំ​គម្រោង​ផ្តោតលើ វិស័យ​អប់រំ និង​បរិស្ថាន និង​ប្រឹក្សា​យោបល់​ដល់​សមាជិក​ក្រុម​ផង​។

​តាម​យុវជន ស៊ុម ច័ន្ទ​តារា នៅពេល​យុវជន​ចាប់ផ្តើម​គិតពី​បញ្ហា​សង្គម គឺ​គេ​កំពុង​គិតពី​ប្រទេសជាតិ​ខ្លួនឯង ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រទេសជាតិ​យើង​នឹងមាន​បញ្ហា បើ​គ្មាន​ការ​អើពើ​ពី​យុវជន​។ សម្រាប់ ច័ន្ទ​តារា  ការចាប់ផ្តើម​គិតពី​បញ្ហា​សង្គម​របស់​យុវជន  បន្តិចៗ​ប្រទេសជាតិ​នឹង​កាន់តែ​ចម្រើន ហើយ​ការងារ​ស្ម័គ្រចិត្ត​បច្ចុប្បន្ន ដែល​រូបគេ​កំពុង​ជំរុញ​យុវជន​ឲ្យ​គិតពី​បញ្ហា​សង្គម​នេះ ក៏​ជា​ចំណែក​មួយ ក្នុងចំណោម​កិច្ចការងារ និង​ការ​ខំប្រឹងប្រែង​ជាច្រើន​ទៀត​ដែល យុវជន ស៊ុម ច័ន្ទ​តារា  ត្រូវធ្វើ ដើម្បី​ដើរ​លើ​វិថី​ឆ្ពោះទៅ​រកក្តី​ស្រមៃ ជា​អ្នកដឹកនាំ​ខេត្តតាកែវ នាពេល​អនាគត​នោះ​៕




Tag:
 ស៊ុម ច័ន្ទ​តារា​
  អភិបាលខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com