កីឡាជាតិ
ជាតិ
Maycon ជួយ​ឲ្យ​បឹងកេត​ឡើង​ចំណាត់ថ្នាក់ រីឯ​ទ័ព​ទទួលបាន​លទ្ធផល​ដូច​ការរំពឹង​
15, Oct 2017 , 1:10 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​បាន​ឡើងឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៧​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែតុលា​។ ជាមួយគ្នានេះ ក្រសួងការពារជាតិ​(​ទ័ព​)​បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២-១ នៅលើ​ទឹកដី​របស់ខ្លួន​ដូច​ការរំពឹង​របស់​គ្រូបង្វឹក​។ ចំណែក​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​ត្រឹម​វាយបក​តាម​ស្មើ ១-១ ជាមួយ​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​។​



​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ខ្សែបម្រើ​ជនជាតិ​ប្រេ​ស៊ី​ល Maycon Calijuri បានសម្រេច​គ្រាប់​បាល់​ឲ្យ​បឹងកេត​នាំមុខ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ នៅ​នាទី​ទី​៦៧​។ ការប្រកួត​ដំណើរការបាន​៨​នាទី Maycon បានសម្រេច​គ្រាប់​ទី​២​ឲ្យ​បឹងកេត​បង្កើន​ការនាំ​មុខ ២-០​។ ពីរ​គ្រាប់​នេះ ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ២-០ សម្រាប់​បឹងកេត​លើ​ម្ចាស់ផ្ទះ​ស្វាយរៀង​ផងដែរ​។

​ពីរ​គ្រាប់​របស់ Maycon បាន​នាំ​ឲ្យ​បឹងកេត​ដែល​ឈរ​លេខ​រៀង​ទី​៤​ក្នុង​សប្តាហ៍​ទី​១៦​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៧​ដោយមាន​៣៣​ពិន្ទុ​។ ព្រះខ័ន​រាជ​ស្វាយរៀង​ទោះបី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ខក​ចិត្ត​នៅក្រោម​ដំណក់​ភ្លៀងរលឹម​ក៏ដោយ តែ​ក្រុម​នេះ​បាន​បន្ត​ឈរ​កំពូល​តារាង​ដោយ​រក្សា​៣៧​ពិន្ទុ​។​

​ងាក​ទៅ​មើល​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ក្រុម​មិន​ស្គាល់​ចាញ់​៩​ប្រកួត​ជាប់​គ្នា​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​ដូច​ការរំពឹងទុក​រប​ស់លោក ពេ​ទ ឡុង​រចនា គ្រូបង្វឹក​ក្រុម​ទ័ព​នេះ​បាន​ជួយ​ឲ្យ​ក្រុម​នេះ​រំកិល​ចំណាត់ថ្នាក់​ពី​លេខ​៦​ទៅ​លេខ​៥​ជាមួយ​៣០​ពិន្ទុ​។ ការបរាជ័យ​លើកដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Oriol Mohedano បានធ្វើ​ឲ្យ​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ​រ​ធ្លាក់​ពី​លេខ​រៀង​ទី​៥​មកឈរ​លេខ​ទី​៦​ដោយ​រក្សា​២៨​ពិន្ទុ​។



​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន RSN ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​វាយបក​តាម​ស្មើ​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​យ៉ាង​ត្រដាបត្រដួស​ក្នុង​លទ្ធផល ១-១​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ្នំពេញ​ធ្លាក់​ចំណាត់ថ្នាក់​ពី​លេខ​៣​ទៅ​លេខ​៤​ដោយមាន​៣២​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​បាន​បន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​៣៣​ពិន្ទុ​៕ 
 

Tag:
 Cambodian League 2017
  បឹងកេត​
  ទ័ព​
© រក្សាសិទ្ធិដោយ thmeythmey.com