អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន៖ អតីតរដ្ឋមន្ត្រីយុត្តិធម៌ត្រូវបណ្តេញចេញពីបក្សកុម្មុយនីស្តព្រោះ«ប្រព្រឹត្តអំពើពុករលួយ» លោក Wang Qishan ប្រធានគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យទទួលបន្ទុកសម្អាតអំពើពុករលួយ (រូបភាព៖ Reuters)
× ព្រោះពាក់ព័ន្ធអំពើពុករលួយ អតីតរដ្ឋមន្ត្រីយុត្តិធម៌ចិនលោកស្រិ Wu Aiying ត្រូវបានគេបណ្តេញចេញពីបក្សកុម្មុយនីស្តចិននៅសប្តាហ៍នេះ។ ការសម្រេចបណ្តេញអ្នកនយោបាយនេះធ្វើឡើង ក្រោយមានការស៊ើបអង្កេតត្រឹមត្រូវពីសំណាក់គណៈកម្មការប្រឆាំងពុករលួយចិនដឹកនាំដោយលោក Wang Qishan ដែលជាមនុស្សជំនិតប្រធានាធិបតី ស៊ី ជិនភីង។
លោកស្រី Wu Aiying វ័យ ៦៥ ឆ្នាំ ដែលជារដ្ឋមន្ត្រីយុត្តិធម៌ចិនពីឆ្នាំ ២០០៥ ដល់ឆ្នាំ ខែកុម្ភៈឆ្នាំ ២០១៦ នេះត្រូវបានគណបក្សកុម្មុយនីស្តចិនបណ្តេញចេញពីបក្សជាផ្លូវការនៅសប្តាហ៍នេះ។ ការសម្រេចបណ្តេញអ្នកនយោបាយជាន់ខ្ពស់រូបនេះដោយសារលោកស្រីមានជាប់ពាក់ព័ន្ធអំពើពុករលួយដែរ។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការបណ្តេញលោកស្រី Wu ចេញពីបក្សជាសមត្ថកិច្ចការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយការសម្រេចចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំបួនថ្ងៃនៃគណៈកម្មាធិការនេះ។ ឈ្មោះលោកស្រី Wu ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីផ្លូវការនៃមន្ត្រីដែលត្រូវបណ្តេញចេញដោយសារពាក់ព័ន្ធសំណុំរឿងពុករលួយ។
ក្រៅពីឈ្មោះលោកស្រី គេឃើញឈ្មោះអតីតអភិបាលក្រុងចុងឈីង លោក Sun Zhengcai ផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការនេះ គណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យរកឃើញថា លោកស្រី Wu បានប្រព្រឹត្តអំពើមួយចំនួនដែលប៉ះពាល់ខ្លាំងលើវិន័យបក្ស ដែលមិនអាចលើកលែងបាន។ ប៉ុន្តែគេមិនបានបញ្ជាក់ឲ្យច្បាស់ពីករណីពុករលួយដែលលោកស្រីពាក់ព័ន្ធឡើយ។
តាមពិតទៅលោកស្រី Wu បានចូលបម្រើការងាររបស់ខ្លូនដោយធ្វើជាមន្ត្រីប្រចាំខេត្ត Shandong ហើយក្រោយមកក៏ឡើងកាន់តំណែងជាអនុប្រធានបក្សខេត្ត។ នៅឆ្នាំ ២០០៣លោកស្រីបានផ្លាស់ប្តូរតួនាទីមកកាន់ក្រសួងយុត្តធម៌នៅក្រុងប៉េកាំងមុនឡើងជារដ្ឋមន្ត្រីក្រសួងការនេះនៅឆ្នាំ ២០០៥។
មន្ត្រីយុត្តិធម៌ក្លាយជាគោលដៅធំជាងគេមួយនៃគោលនយោបាយកណ្តាប់ដៃដែកកម្ចាត់ពុករលួយរបស់លោក ស៊ី ជិនភីង កន្លងមក។ គោលនយោបាយរបស់លោកដែលត្រូវបានអនុវត្តអស់ប្រាំឆ្នាំមកនេះបានធ្វើឲ្យមន្ត្រីធំតូចជាង ១,៣ លាននាក់ រងពិន័យ អស់តំណែងនិងត្រូវជាប់ទោសទណ្ឌផង។ ក្នុងចំណោមនោះមានមន្ត្រីដ៏មានឥទ្ធិពលដូចជាលោក Zhou Yongkang ប្រធានផ្នែកសន្តិសុខផ្ទៃក្នុង និងបក្សពួកជាច្រើនអ្នលត្រូវបាត់បង់តំណែង ដែលនេះមិនរាប់ទាំងមន្ត្រីគ្រាក់ៗមួយចំនួនទៀតដែលត្រូវជាប់គុកឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com