ជាតិ
លោក ឃួង ស្រេង ប្រកាសសង់ស្ពានអាកាស២បន្ថែមទៀត នៅរាជធានីភ្នំពេញ រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីមានគម្រោងសង់ស្ពានអាកាស២បន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈចំនួនពលរដ្ឋ និងយានយន្ត បានបន្តកើនឡើង។
«សាលារាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសនៅរង្វង់មូលចោមចៅ និងច្រមុះជ្រូកដែលជាផ្លូវកែងរវាងផ្លូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវ២៧១ ព្រមទាំងធ្វើផ្លូវក្រោមដីផងដែរ»។ នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានថ្លែងនៅក្នុងកម្មវិធីប្រគល់ស្ពាន និងផ្លូវ លី យ៉ុងផាត់ នៅរសៀលថ្ងៃទី១៥ ខែតុលានេះ។
បើតាមលោក ឃួង ស្រេង មូលហេតុនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីបន្ថែមនេះ គឺដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលពេលបច្ចុប្បន្ន ពលរដ្ឋរស់នៅភ្នំពេញ មានជាង៣លាននាក់ និងចំនួនយានយន្តបានកើនឡើងជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ស្ពាន លី យ៉ុងផាត់ ឬស្ពានព្រែកព្នៅ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសទិញពីក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីដាក់ឲ្យពលរដ្ឋឆ្លងកាត់ដោយមិនបង់ប្រាក់វិញ។ ស្ពាននេះ មានប្រវែង ៩៩៦ម៉ែត្រ និងទទឹង១៤ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦A ដោយបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១០៕
Tag:
ស្ពានអាកាស
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com