កីឡាជាតិ
ជាតិ
បងប្អូន​បង្កើត​ត្រកូល​ហុក​ជួយ​ឲ្យ​ក្រុម​វិសាខា និង​ស​.​ស​.​យ​.​ក​.​កំចាយមារ​លើក​ពាន​ក្នុង​ឆ្នាំ​តែមួយ​
16, Oct 2017 , 9:19 pm        
រូបភាព
ក្រុមវិសាខាទទួលពានជើងឯកពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានកីឡា នៅពហុកីឡដ្ឋានជាតិ
ក្រុមវិសាខាទទួលពានជើងឯកពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានកីឡា នៅពហុកីឡដ្ឋានជាតិ
ដោយ:
​លោកគ្រូ​បង្វឹក ហុក សុ​ជី​វ័​ន្ត បាន​ដឹកនាំ​ក្រុម​វិសាខា​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​ក្រោយ​យកឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ២-០ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​១៥ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ព្រឹ​តិ្ត​ការណ៍​ដាច់ដោយឡែក​មួយទៀត គឺ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ជាតិ​ក្នុង​សាល ក្រុម​ស​.​ស​.​យ​.​ក​.​កំចាយមារ​ក្រោម​ការដឹកនាំ​របស់លោក ហុក សុចិ​ត្រា បាន​គ្រង​តំណែង​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុម​ឱ​ម៉ា​ល់ ១០-៦ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។



​ក្រោយ​យកឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ២-០ ក្នុងជំនួប​ដ៏​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​១៥ តុលា ក្រុម​វិសាខា​ដែល​ដឹកនាំ​ដោយ លោក ហុក សុ​ជី​វ័​ន្ត បាន​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​ប្រចាំឆ្នាំ​២០១៧​។ ចំណែក​យុវជន​ក្រសួងការពារជាតិ​គ្រង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៥-៣​។​

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​គ្រង​ជើងឯក​វិសាខា​ទទួលបាន​៣០​លាន​រៀល​អម​ជាមួយ​មេដាយ និង​ពាន​ជើងឯក​មួយ​។ រីឯ​ក្រុម​លេខ​២​យុវជន​សាល​បាល់ទាត់​ជាតិ​បាទី​បាន​២០​លាន​រៀល ចំណែក​ក្រុម​លេខ​៣​យុវជន​ក្រសួងការពារជាតិ​បាន​១៥​លាន​រៀល និង​ក្រុម​លេខ​៤​សូល​ទី​ឡូ​អង្គរ​បាន​១០​លាន​រៀល​។ ចំណែក​ក្រុម Fair Play កំពង់ចាម​ទទួលបាន​៣​លាន​រៀល​។

​ក្រៅពី​ពានរង្វាន់​សម្រាប់​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​ព្រឹត្តិការណ៍​នេះ​បានផ្តល់​ប្រាក់រង្វាន់​ជាច្រើន​ទៀត​រួមមាន ក្រុម​អាជ្ញាកណ្តាល​ល្អ​បាន​ទៅលើ​លោក ស្រី សុ​វណ្ណា​រ៉េត​, លោក សុខ ចាន់​ភា​រិ​ទ្ធ​, លោក កាំ​ង ធឿន និង​លោក ឃួន វីរៈ ដែល​ចូលរួម​កាត់សេចក្តី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​១,៥​លាន​រៀល​។ លោក ហុក សុ​ជី​វ័​ន្ត គ្រង​តំណែង​គ្រូបង្វឹក​ល្អជា​មួយ​ថវិកា​លើកទឹកចិត្ត​១​លាន​រៀល ខណៈ​អ្នកចាំទី​ល្អ និង​ថវិកា​៨០​ម៉ឺន​រៀល​បាន​ទៅលើ​កីឡាករ ជា វណ្ណ​សាក់ មកពី​ក្លិប​វិសាខា​។


         លោក ហុក សុជីវ័ន្ត ពេលឡើងទទួលពានរង្វាន់គ្រូបង្វឹកល្អនៅពហុកីឡដ្ឋានជាតិ

​កីឡាករ នុត ស៊ីនួន ក្រោយ​សម្រេចបាន​១៨​គ្រាប់​ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ក្រុម​វិសាខា​លើក​ពាន​បាន​គ្រង​តំ​ណែ​ក​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ខណៈ​កីឡាករ សៀង ច​ន្ធា របស់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ក្លាយជា​កីឡាករ​លេង​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ដោយ​កីឡាករ​ទាំងពីរ​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ម្នាក់​៨០​ម៉ឺន​រៀល​។

​ក្រុម​វិសាខា និង​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ ទទួលបាន​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ក្រោយ​ឆ្នាំ​២០១៨​។ ចំណែក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​យុវជន​ក្រសួងការពារជាតិ​គ្មាន​កៅអី​ឡើងទៅ​លេង​ក្របខណ្ឌ​លី​ក​កំពូល​នោះឡើយ​។ ក្នុងនោះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចូលរួម​គ្រាន់តែ​ដើម្បី​ដកស្រង់​បទពិសោធ ខណៈ​យុវជន​ក្រសួងការពារជាតិ​មាន​ក្រុម​ឈុត​ធំ​របស់ខ្លួន​កំពុង​លេង​ក្នុង​ក្របខណ្ឌ​នេះ​រួចទៅហើយ​។​


          លោក​ ហុក សុចិត្រា ផ្តល់បទសម្ភាសឲ្យក្រុមអ្នកសារព័ត៌មានក្រោយឈ្នះជើងឯក

​ដោយឡែក ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដោយឡែក​មួយទៀត ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ​ដែលមាន​លោក ហុក  សុចិ​ត្រា ជា​គ្រូបង្វឹក​បាន​គ្រង​ជើងឯក​ពានរង្វាន់​ជើងឯក​ជាតិ​ក្នុង​សាល​ប្រចាំឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​ឱ​ម៉ា​ល់ ១០-៦ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​១៤ តុលា នៅ​ទីលាន Clear Arena​។ ក្រុម​ឆន្ទៈ​កីឡា​បាន​គ្រង​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ព្រឹត្តិការណ៍​ជើងឯក​ជាតិ​ក្នុង​សាល ក្រោយ​យកឈ្នះ​ក្រុម​អាណាចក្រ​បៃតង​ក្នុង​លទ្ធផល ៦-២ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។​

​ក្រុម​ជើងឯក​យុវជន​ស​.​ស​.​យ​.​ក​.​កំចាយមារ​ទទួលបាន​មេដាយ និង​ពាន​មួយ​អម​ជាមួយ​ថវិកា​លើកទឹកចិត្ត​ចំនួន​២០​លាន​រៀល​។ ហើយ​តាមរយៈ​ការ​គ្រង​ជើងឯក​នេះ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក ហុក សុចិ​ត្រា មួយ​នេះ​ទទួល​សិទ្ធ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​កម្រិត​អាស៊ាន​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Club Championship នា​ឆ្នាំ​២០១៨ ខាងមុខ​ផងដែរ​។​


                   ក្រុមស.ស.យ.ក. កំចាយមារលើកពាន

​ក្រុម​ឱ​ម៉ា​ល់​ដែល​គ្រង​ជើងឯក​រង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល រីឯ​ក្រុម​លេខ​៣​ឆន្ទៈ​កីឡា​បាន​៥​លាន​រៀល និង​ក្រុម​លេខ​៤​អាណាចក្រ​បៃតង​បាន​៣​លាន​រៀល​។ ចំណែក​ក្រុម Fair Play B.A United ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១,៥​លាន​រៀល​។ ដោយឡែក​ពានរង្វាន់​ក្រុម​អាជ្ញាកណ្តាល​, គ្រូបង្វឹក​ល្អ​(​លោក ហុក សុចិ​ត្រា​), អ្នក​ទាត់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​(​កីឡាករ អោក​ច័ន្ទ សេរី​វង្ស​) និង​អ្នកចាំទី​ល្អ​ជាងគេ​(​គង់ វង្ស​សុវិជ្ជា​)​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ម្នាក់​១​លាន​រៀល​៕  


Tag:
 បាល់ទាត់​
  Cambodian League 2
  National Futsal Cup
© រក្សាសិទ្ធិដោយ thmeythmey.com