រថយន្ត
ទីផ្សា​យានយន្ត​នៅ​រុស្ស៊ី ងើបឡើង​វិញ ក្រោយ​រង​វិបត្តិ​សេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​
16, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ផលិត​យានយន្ត​មាន​សុទិដ្ឋិនិយម​ខ្ពស់​លើ​ការពង្រីក​ទីផ្សា​របស់ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី នា​ឆ្នាំ​២០១៧​នេះ ដោយ​ការលក់​រថយន្ត​ថ្មី​ចេញ មាន​កំណើន​រហូតដល់​១៨​ភាគរយ​កាលពី​ខែកញ្ញា កន្លងមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AFP​។​



​ទីផ្សា​រថយន្ត​នៅ​ប្រទេស​រុស្ស៊ី បាន​នៅ​ទ្រឹង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​៤​ឆ្នាំ ប៉ុន្តែ​បាន​ផុសផុល​ឡើងវិញ​នៅ​ឆ្នាំ​២០១៧ ។ សមាគម​ពាណិជ្ជកម្ម​អឺរ៉ុប (AEB) ដែល​តំណាង​ឲ្យ​វិនិយោគិន​បរទេស​នៅ​រុស្ស៊ី  បាន​វាយតម្លៃថា ការលក់​យានយន្ត​នៅ​រុស្ស៊ី នឹងមាន​កំណើន​១០.៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧ ដែល​កាលពីដើមឆ្នាំ​ពួកគេ​គិតថា មាន​កំណើន​តែ​ក្នុងរ​ង្វ​ន់​៤​ភាគរយ​។​

​ប្រសិនបើ​កំណើន ឡើង​ដូច​ជាការ​ទស្សន៍ទាយរ​បស់ AEB មែន​នោះ រថយន្ត​នៅ​ទីផ្សា​រុស្ស៊ី នឹង​កើន​ដល់​១.៥៨​លាន​គ្រឿង ប៉ុន្តែ​ចំនួន​នេះ នៅមាន​គម្លាត​ឆ្ងាយ​ពី​ឆ្នាំ​២០១២​នៅឡើយ ដោយនៅ​កាលណោះ ចំនួន​មាន​រហូតដល់​៣​លាន​គ្រឿង ជា​កំណត់ត្រា​។​

​កន្លងមក ទីផ្សា​យានយន្ត​រុស្ស៊ី បាន​ជួប​វិបត្តិ​ជា​បន្តបន្ទាប់ ដូច​តម្លៃ​ប្រេង​ធ្លាក់ចុះ និង​ការ​រងគំ​នាម​សេដ្ឋកិច្ច​ដែល​ទាក់ទង​នឹង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ជាដើម ប៉ុន្តែ​នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋបាល​លោក វ្លា​ឌី​មៀ ពូ​ទីន បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​។​

​តាម​ការដកស្រង់​រប​ស់ AFP លោក Joerg Schreiber ប្រធាន​គណៈកម្មការ​យាន​យន្ត​របស់ AEB បាន​សម្តែង​ការអបអរសាទរ​ចំពោះ​កំណើន​នៃ​ការលក់​យានយន្ត​នៅ​រុស្ស៊ី ដែល​តួលេខ​ឡើង​គុណ​ជា​ពីរ​នា​រយៈពេល​៥​ខែ​ជាប់ៗ​គ្នា ដោយ​ខែកញ្ញា មាន​កំណើន​ខ្ពស់​ជាងគេ​។​

​កំណើន​នៃ​ការលក់​យានយន្ត​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទីផ្សា​រុស្ស៊ី កាលពី​ខែកញ្ញា រួមមាន យន្ត​ម៉ាក Lada (+២៤​ភាគរយ​) Kia (+៤០​ភាគរយ​) Hyundai (+១២​ភាគរយ​) និង Renault (+២២​ភាគរយ​)​។ ផ្ទុយទៅវិញ ទីផ្សា​រថយន្ត Toyota មានការ​ថយចុះ​១០​ភាគរយ ខណៈ BMW ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​បន្ថែម​ថ្មី​មួយទៀត​នៅ​រុស្ស៊ី​៕


© រក្សាសិទ្ធិដោយ thmeythmey.com