ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​ថ្មី​៖ កៅអី​សភា និង​ឃុំ​សង្កា​ត់របស់ CNRP នឹង​បាន​ទៅលើ CPP បើ​បក្ស​ផ្សេង​មិន​យក​
16, Oct 2017 , 6:12 pm        
រូបភាព
រូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ)  និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ខាងស្តាប់ដៃ)  រួមទាំងតំណាងរាស្រ្តផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧
រូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី (ខាងឆ្វេងដៃ) និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ខាងស្តាប់ដៃ) រួមទាំងតំណាងរាស្រ្តផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២0១៧
​ភ្នំពេញ​៖  បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ អាសនៈ​ក្នុង​រដ្ឋសភា រួមទាំង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​នេះ នឹងត្រូវ​បែងចែក​ឲ្យ​គណបក្ស​ផ្សេងៗ ព្រោះ​ច្បាប់​ថ្មី​បានចែង​មក​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ បើ​គណបក្ស​ទាំងនោះ​មិន​ទទួលយក គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ឱកាស​បាន​អាសនៈ​ទាំងអស់នោះ​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ការកែប្រែ​ច្បាប់​បែបនេះ គឺ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង​ដើម្បី​ធ្វើ​ឲ្យ​ស្របតាម​សភាពការណ៍​ជាក់ស្តែង​។ ប៉ុន្តែ​អ្នកនយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​អត្ថាធិប្បាយ​ថា «​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ គឺជា​ការ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​»​។​



​បើ​ត្រូវ​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​មែន​នោះ អាសនៈ​ទាំង​៥៥​ក្នុង​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា ក្នុងអំឡុងពេល​យ៉ាងយូរ​៧​ថ្ងៃ លើកលែងតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ថ្មី ក្នុង​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​រដ្ឋសភា​ទើប​អនុម័ត​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​នេះ​។ ប៉ុន្តែ ខ្លឹមសារ​ក្នុង​សេចក្តីស្នើ​នេះ​ក៏បាន​ចែង​ដែរ​ថា ប្រសិនជា​គណបក្ស​នានា​ប្រកាស​មិន​ទទួលយក​អាសនៈ​ទាំងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា អាចមាន​សិទ្ធិ​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅពេល​ត្រូវបាន​រំលាយចោល​។

​មាត្រា​១៣៨ (​ស្ទួន​) ក្នុង​សេចក្តីស្នើ​នេះ បានចែង​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងករណី ពុំមាន​គណបក្ស ទទួលយក​អាសនៈ ដែល​នៅ​ទំនេរ​របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​នំ​នេ​រ​នោះ ឲ្យ​ទៅ​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​»​។​

​ចំណែក សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ក៏​ទើបនឹង​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដែរ​។ ខ្លឹមសារ​ថ្មី ក្នុង​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ បាន​កំណត់ថា រាល់​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ដែល​ត្រូវបាន​រំលាយ ត្រូវ​បែងចែក​ឲ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់​ជាមួយ​។ ដូច្នេះ បើតាម​ខ្លឹមសារ​នេះ គណបក្ស​ណា ក៏​អាច​ទទួលបាន​អាសនៈ​របស់​គណបក្ស ដែល​ត្រូវបាន​រំលាយ​ដែរ ដោយ​មិន​គិតថា​គណបក្ស​នោះ កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឬ​មិន​ដឹកនាំ​រដ្ឋាភិបាល​ឡើយ​។ ចំណុច​សំខាន់ ក្នុង​សេចក្តីស្នើ​នេះ គឺ​នៅត្រង់ថា ឲ្យ​តែ​គណបក្ស​ណា បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់ ជាមួយ​គណបក្ស ដែល​ត្រូវ​រំលាយ គណបក្ស​នោះ​នឹង​ទទួលបាន​ផលចំណេញ​ពី​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​។

​មាត្រា​២0 (​ថ្មី​) ក្នុង​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បានចែង​យ៉ាង​ដូច្នេះ​៖«​ក្នុងករណី គណបក្ស​ណាមួយ ត្រូវបាន​រំលាយ បញ្ជី​បេក្ខជន និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំងអស់​នៃ​គណបក្ស​នោះ លែងមាន​សុពលភាព និង​លែងមាន​គុណ​ស​ម្ប​តិ្ត​តទៅទៀត​ហើយ​។ ករណីនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ទៅ​ឲ្យ​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅក្នុង​ឃុំ​-​សង្កាត់ ក្នុងអំឡុងពេល​យ៉ាងយូរ​១៤​ថ្ងៃ​»​។​

​យ៉ាងណាក៏ដោយ អាសនៈ​ទាំង​៥៥​ក្នុង​រដ្ឋសភា រួមទាំង​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ ៥​ពាន់​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​មិនអាច​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​នោះទេ ដ្បិត​ខណៈ​នេះ មាន​គណបក្ស​ខ្លះ ដូចជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាដើម បានបង្ហាញ​បំណង​តិចៗ​ចង់បាន​អាសនៈ​រួចទៅហើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ​។ ផ្ទុយទៅវិញ គណបក្ស​ខ្លះទៀត មានដូចជា​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ជាដើម ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​មួយចំនួន​ថា ពួកគេ​មិន​ចង់បាន​អាសនៈ​ទាំង​នោះដែរ​។​

​ក្រៅពី​ច្បាប់​ទាំង​២​ខាងលើ ច្បាប់​ចំនួន​២​ទៀត​ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​ត្រូវបាន​រដ្ឋសភា អនុម័ត​ដែរ​។ សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​ខាងលើ ត្រូវបាន​តំណាងរាស្ត្រ​៦៧​រូប ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​វត្តមាន​រប​ស់ស​ម្តេច ហ៊ុន សែន ដែរនោះ ចំណាយពេល​តែ​ជិត​២​ម៉ោង​ប៉ុណ្ណោះ ដើម្បី​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២0១៧​នេះ​។ ឯ​តំណាងរាស្ត្រ​ទាំង​អស់ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​កិច្ចប្រជុំ​នេះ​។

​លោក ជាម យៀប តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​ថ្លែង​ការពារ​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​ថា ការកែប្រែ​ច្បាប់​ទាំង​៤​នេះ គឺ​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេសជាតិ​។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ យល់ថា ការកែប្រែ​នេះ នឹងធ្វើ​ឲ្យ​ច្បាប់​ក្នុងប្រទេស​កម្ពុជា មាន​ភាព​ពេញលេញ ដើម្បី​អនុវត្ត​ឲ្យ​បាន​សមស្រប​ទៅតាម​សភាពការណ៍​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​។ លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូមជម្រាបថា ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គ្មាន​ចេតនា​ចង់​បំផ្លិចបំផ្លាញ បុគ្គល​ឬ​គណបក្ស​ណាមួយ​ឡើយ​»​។

​ទោះជា​យ៉ាង​ណាក្តី ការកែប្រែ​ច្បាប់​ខាងលើ បាន​រង​ការរិះគន់​ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​តំណាងរាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ជាក់ស្តែង ស្របពេល​រដ្ឋសភា បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​អនុម័ត​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនោះ តំណាងរាស្ត្រ​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ​ជា​លក្ខណៈ​រិះគន់​និង​សើចចំអក​។

«​ថ្ងៃនេះ ខ្ញុំ​ជិះ​ក្របី​គយគន់​មើល [​គេ​] ប្លន់​យក​កៅអី​តំណាងរាស្ត្រ កៅអី​ឃុំ សង្កាត់ និង​កៅអី​រាជធានី ខេត្ត  ហើយ​និង​កៅអី​ក្រុង ស្រុក ខណ្ឌ​»​។ នេះ​ជា​សារ​បែប​ដៀមដាម របស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vann Ho  ដោយ​អម​ជាមួយ​រូបលោក អង្គុយ​លើស​ត្វ​ក្របី​ស៊ីម៉ង់ត៍​មួយ​។​

​ឯ​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​វាយប្រហារ​ធ្ងន់ៗ​ដែរ ចំពោះ​ខ្លឹមសារ​ថ្មី​នៃ​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​ខាងលើ​។ លោក បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Eng Chhai Eang យ៉ាង​ដូច្នេះ​ថា​៖«[.....] ប្រសិនបើ​អ្នកណា​យក​ច្បាប់​វិសោធនកម្ម​ខាងលើនេះ ទៅ​អនុវត្ត​ក្នុងការ​បែងចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃទៀត គឺជា​ការ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ យ៉ាង​កំរោល ហើយ​អ្នកទទួលយក​អាសនៈពី​អំពើ​ការ​ប្លន់​នេះ មាន​ឈ្មោះថា ទទួលផល​ចោរកម្ម​»​។

​សូមបញ្ជាក់ថា ការកែប្រែ​ច្បាប់​ទាំង​៤​ខាងលើ គឺ​ស្របពេល​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ក្រសួងមហាផ្ទៃ ដើរតួ​ជាដើម​បណ្តឹង កំពុង​សិ្ថ​ត​ក្នុង​ដៃ​តុលាការ​កំពូល​។ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​អ្នកស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើបណ្តឹង​ដាក់​ទៅកាន់​តុលាការ​កំពូល​។ សម្រាប់​គណបក្ស​ទាំង​២​នេះ ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ គឺ​មិនអាច​លើកលែង​ឲ្យ​បានឡើយ រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល​ផងដែរ​។ នេះ​ជា​មូលហេតុ​ចម្បង ដែល​គណបក្ស​ទាំង​២ ចង់​ឲ្យ​តុលាការ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 ច្បាប់បោះឆ្នោត​
  ចែក​អាសនៈ​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com