ជាតិ
ចំណារលើសិលាចារឹកកាលពីអតីតកាល៖«សូមឲ្យកើតនៅកម្ពុជានាអនាគតជាតិ!»
× នៅលើផ្ទាំងសិលាចារឹកមួយដែលគេបានរកឃើញនៅក្នុងតំបន់ខ្ពង់រាបនគររាជ ក្នុងរជ្ជកាលរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២ មានចារប្រយោគ១ឃ្លាថា៖ «ចេត្ឆលំ មេល្តិ បុណ្យនំ ជាតោហំកម្ពុជេទ្រុតម» ប្រែថា «បើផលដែលកើតចេញ ពីបុណ្យរបស់ខ្ញុំមាន មែននោះ សូមឲ្យឆាប់កើតនៅកម្ពុជា»។
តើប្រយោគ១ឃ្លាខាងលើនេះ ដែលសិក្សាដោយលោក ចីរភ័ត ប្រភ័នវិទ្យា មានអត្ថន័យយ៉ាងដូចម្តេចខ្លះសម្រាប់យើងជាពុទ្ធសាសនិក?។ សូមជម្រាបថា ការដែលយើងយកប្រយោគមួយឃ្លាដែលសរសេរនៅស.វទី១១នៃគ.ស មកបកស្រាយនេះ គឺដោយសារតែយើងមានគោលបំណងធំៗពីរ។ ចំពោះយើង ខ្លឹមសារនៃប្រយោគមួយឃ្លានេះ គឺទី១ : ចង់បង្ហាញជាប្រយោលថា នៅបុរាណកាល ក្នុងខណៈដែលនគរខ្មែរមានភាពរុងរឿងថ្កើងថ្កាននោះ នរណាមួយក៏ចង់ឲ្យក្លាយទៅជាខ្មែរដែរ។ ត្បិតខ្មែរខ្លាំងពូកែ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម មានស្តុកស្តម្ភជាងជនជាតិដទៃដែលនៅជុំវិញខ្លួន ទើបពុទ្ធសាសនិកខ្មែរនាជំនាន់នោះប៉ងប្រាថ្នាឲ្យកើតជាខ្មែរម្តងទៀត។
បើនិយាយមួយបែបទៀត ក្នុងសម័យកាលដ៏ត្រចះត្រចង់នោះ កាលណាបានកើតជាខ្មែរ គឺជាមោទនភាពដ៏វិសេសវិសាលណាស់សម្រាប់មហាជនគ្រប់រូប គ្រប់មជ្ឈដ្ឋាន។ តែជាអកុសល ផ្ទុយទៅវិញ ចាប់តាំងពីរដ្ឋថៃត្រូវបានបង្កើតឡើងនៅលើទឹកដីខ្មែរបុរាណ នាចុងសតវត្សរ៍ទី១៣ ដើមស.វទី១៤ រហូតដល់បច្ចុប្បន្ន។ គេសង្កេតឃើញមានការផ្លាស់ប្តូរនូវផ្នត់គំនិតរបៀបនេះ ព្រោះថា ជាទូទៅ ជនជាតិថៃ និងជនជាតិខ្មែរដើមកំណើតថៃ ឈប់ចង់ក្លាយទៅជាខ្មែរទៀតហើយ ដូចជាករណីសហគមន៍ខ្មែរ ដែលរស់នៅក្នុងភូមិភាគឥសាននៃព្រះរាជាណាចក្រថៃសព្វថ្ងៃនេះ រួមមាន ខេត្តអ៊ូប៊ុន, ស៊ីសាកេត, បុរីរម្យ, សុរិន្ទ្រ, នគររាជសីមាជាដើមជាឧទាហរណ៍ស្រាប់។ សិលាចារឹកបាននិយាយដល់ការគោរពបូជាចំពោះព្រះពុទ្ធលោកេសូរចំនួន ៩អង្គ នៃនិកាយពេជ្រយាន ឬវជ្រយានផងដែរ តាមរយៈពិធីបន់ស្រន់មួយ ដែលគេតាំងឈ្មោះថា ពិធីទេវរាជ។ ក៏ប៉ុន្តែចំណុចដែលខុសនោះ គឺ ក្នុងសិលាចារឹក ដែលលោក ចីរភ័ត ប្រភ័នវិទ្យា បានលើកយកមកនិយាយនេះ ពុំមានវត្តមានរបស់ពាក្យស្រុកខ្មែរ ដូចដែលមានក្នុងសិលាចារឹកដទៃនោះទេ។ ខាងលើនេះ គឺគ្រាន់តែជាទិន្នន័យជាប្រវត្តិសាស្ត្រខ្លះ ដែលគេអាចទាញចេញពីប្រភពសិលាចារឹកខ្មែរបុរាណ។ សូមបញ្ជាក់ថា សិលាចារឹកខាងលើនេះ មានឈ្មោះថា សិលាចារឹកសប្បាក ហើយត្រូវបានសិក្សាដោយលោក ជីរភ័ត ប្រភ័ន្ទវិទ្យា (Cf. Chirapat Prapandvidya, 1990, The Sab Bak Inscription : Evidence of an Early Vajrayana Buddhist Presence in Thailand, Journal of the Siam Society, 78 (2) : 11-14) និងលោក កង្វល់ ខាក្សីមា៕
(អត្ថបទរបស់លោកសាស្ត្រាចារ្យបណ្ឌិត មីសែល ត្រាណេ នៅក្នុងគេហទំព័រ http://www.khemaravidya.com)
© រក្សាសិទ្ធិដោយ thmeythmey.com