កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ Newcastle ប្រកាស​លក់​ក្លិប​ឲ្យ​បាន​មុន​ថ្ងៃ​ណូអែល ក្នុងតម្លៃ ៥៣០​លាន​ដុល្លារ​
17, Oct 2017 , 3:07 pm        
រូបភាព
​លោក Mike Ashley ម្ចាស់​ក្លិប Newcastle United បានប្រកាស​ដាក់លក់​ក្លិប​នេះ​ជា​ផ្លូវការ​ហើយ និង​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​នៅមុន​ថ្ងៃ​ណូអែល​។​



​បើតាម​ការផ្សាយ​របស់ The Independent លោក​មហាសេដ្ឋី​សញ្ជាតិ​អង់គ្លេស នឹងដាក់​លក់​ក្លិប​រហស្សនាម​សារិកា​ព្រៃ​ក្នុងតម្លៃ ៤០០​លាន​ផោន ប្រហែល​៥៣០​លាន​ដុល្លារ និង​មានការ​ដេញថ្លៃ​ផង ប៉ុន្តែ​ក្នុងនោះ​លោក​បានផ្តល់​ជូន​ឲ្យ​អ្នក​ដែល​ចង់​ទិញ​ក្លិប​នេះ​ដោយ​អាច​ពន្យា​ការបង់ថ្លៃ​បាន​។​

​លោក Ashley មាន​វ័យ​៥៣​ឆ្នាំ បច្ចុប្បន្ន​មានទ្រព្យ​រហូតដល់ ៣.៣​ពាន់​លាន​ដុល្លារ បាន​ចំណាយ​ប្រាក់​១៣០​លាន​ផោន ប្រមាណ ១៧២​លាន​ដុល្លារ​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ ពោលគឺ​រយៈពេល​១០​ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ក្រោម​ការកាន់កាប់​រប​ស់លោក​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ Newcastle United ធ្លាប់​ធ្លាក់​ទៅកាន់​លី​ក​លំដាប់​ទី​២ Championship ២​ដង​។​


                            លោក Mike Ashley ម្ចាស់ក្លិបសារិកាព្រៃ Newcastle

​តាមពិត​អ្នកជំនួញ​ខាង​សម្ភារ​កីឡា​រូបនេះ មានបំណង​លក់​ក្លិប​តាំងពី​រដូវ​កាល​មុន​មក​ម្លេះ នៅពេល​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​អង់គ្លេស ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយសារ​មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​របស់​ក្លិប​ធ្ងន់ធ្ងរ​ពេក​។ តែ​រហូតដល់​ពេលនេះ​លោក​បានប្រកាស់​ដាក់លក់​វា​ជា​ផ្លូវការ​។ នៅមុន​ការប្រកាស​លក់​នេះ ក៏​ធ្លាប់​លេចលឺ​ថា​កាលពី​ខែមិថុនា​មាន​អ្នកវិនិយោគ​ចិន​បាន​ចាប់អារម្មណ៍​ទិញយក​ក្លិប​នេះដែរ​។​

Newcastle បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៩ ក្នុង​តារាង Premier League មាន​១១​ពិន្ទុ បន្ទាប់ពី​ធ្វើការ​ប្រកួត​៨​លើកចុងក្រោយ ឈ្នះ​៣ ស្មើ​២ និង​ចាញ់​៣​ដង​៕


Tag:
 បាល់ទាត់​
  Newcastle United
  Mike Ashley
© រក្សាសិទ្ធិដោយ thmeythmey.com