កីឡាជាតិ
ជាតិ
កំពតទទួលព្រះខ័នរាជស្វាយរៀងឯសូលទីឡូអង្គរជួបប៉ូលិសខណៈគីរីវង់ស្វាគមន៍អាស៊ីអឺរ៉ុប ជំនួបរវាងក្រុមប៉ូលិសជាមួយសូលទីឡូអង្គរក្នុងជើងទី១កន្លងទៅ
× ក្រុមបាល់ទាត់កំពតស្វាគមន៍ព្រះខ័នរាជស្វាយរៀងជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន នៅម៉ោង៣រសៀលថ្ងៃទី១៨ តុលានេះនៅកីឡដ្ឋានខេត្តកំពត។ នៅម៉ោង៣រសៀលនេះដែរ ខណៈសូលទីឡូអង្គរតទល់ជាមួយក្រុមអគ្គស្នងការនគរបាល់ជាតិនៅខេត្តសៀមរាប ក្រុមគីរីវង់សុខសែនជ័យស្វាគមន៍អាស៊ីអឺរ៉ុបយូណាយធីត។ ចំណែកជំនួបរវាងយុវជនសាលាបាល់ទាត់ជាតិបាទីជាមួយភ្នំពេញក្រោននៅទីលានបជ្ឈមណ្ឌលកីឡាបាទីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីសុំដកខ្លួនពីការប្រកួត។
ក្រោយបរាជ័យក្រៅទឹកដីយ៉ាងធ្ងន់ធ្ងរ ៨-០ ក្នុងជើងទី១ ក្រុមកំពតត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពតទទួលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងក្នុងជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១នៅម៉ោង៣រសៀលថ្ងៃពុធ ទី១៨ តុលា នេះ។ សម្រាប់ជំនួបនេះព្រះខ័នរាជស្វាយរៀងមានឱកាសឡើងទៅវគ្គបន្តច្រើនជាងកំពត ពោលគឺគ្រាន់តែរក្សាលទ្ធផលត្រឹមស្មើ ឬចាញ់ក្រោម៨គ្រាប់តែប៉ុណ្ណោះ។
រីឯការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបម្ចាស់ផ្ទះសូលទីឡូអង្គរក្រោយចាញ់ ៤-១ ក្នុងជើងទី១ទាមទារត្រូវយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិក្នុងជំនួបជើងទី២ឲ្យលើសពី៣គ្រាប់ ដើម្បីបានកៅឡើងទៅវគ្គបន្ត។ ចំណែកម្ចាស់ផ្ទះគីរីវង់សុខសែនជ័យក្រោយឈ្នះ ២-០ ក្នុងជើងទី១ទាមទារទប់ត្រឹមស្មើ ឬចាញ់អាស៊ីអឺរ៉ុបក្រោម២គ្រាប់តែប៉ុណ្ណោះដើម្បីឡើងទៅវគ្គបន្ត។ ការប្រកួតទាំងពីរគូនេះធ្វើឡើងនៅម៉ោង៣រសៀលថ្ងៃទី១៨ តុលានេះដូចគ្នា។
កីឡាករ នេន សុធារ័ត្ន (ក្រោយ)ព្យាយាមដណ្តើមបាល់ជាមួយកីឡាករកំពតនាជំនួបជើងទី១កាលពីពេលកន្លងទៅ
ដោយឡែកជំនួបរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីជាមួយក្រុមភ្នំពេញក្រោនដែលគ្រោងធ្វើនៅថ្ងៃទី១៨ តុលានេះនៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាត់ជាតិបាទីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីសុំដកខ្លួនចេញ ជាហេតុធ្វើឲ្យភ្នំពេញក្រោនទទួលបានកៅអីឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។ ការដកខ្លួននេះ គឺដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ តុលា នៅពហុកីឡដ្ឋានជាតិ។
ក្រុម U19 កម្ពុជាទទួលក្រុមភ្ញៀវ U19 ចិន នាជំនួបបើកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ មុនស្វាគមន៍ U19 មីយ៉ាន់ម៉ា និងហ្វីលីពីនជាបន្តបន្ទាប់នៅថ្ងៃទី២៦ និងទី២៨ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិដូចគ្នា៕
Tag:
បាល់ទាត់
Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com