ជាតិ
អ្នកច្បាប់​អន្តរជាតិ​ម្នាក់​បារម្ភ​ពី​នីតិរដ្ឋ​នៅ​កម្ពុជា លោក សុខ ឥសាន​ថា ជា​មតិ​លំអៀង​កាន់ជើង​បក្សប្រឆាំង​
18, Oct 2017 , 4:15 pm        
រូបភាព
​ភ្នំពេញ​៖ ទីប្រឹក្សា​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists) បាន​រិះគន់ថា សេចក្តីស្នើច្បាប់​ចំនួន​៤ ដែល​អនុម័ត​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បំបិទ​សំឡេង​គណបក្សប្រឆាំង ដែល​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​នីតិរដ្ឋ​កម្ពុជា​។​



​លោក Kingsley Abbott ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​គណៈកម្មកា​រ​អ្នកច្បាប់​អន្តរជាតិ (ICJ) ដែលមាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក បាន​កត់សម្គាល់ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ធ្វើជា​«​អាវុធ​» ដោយមាន​ការពឹង​អាស្រ័យទៅលើ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា ដែល​គ្មាន​ឯករាជ្យ​ពេញលេញ​នោះ ដើម្បី​បំបិទ​សំឡេង​បក្សប្រឆាំង ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​កម្ពុជា​។ សម្រាប់​លោក វា​គឺជា​ក្តី​ព្រួយបារម្ភ​មួយ ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដើម្បី​ពង្រឹង​អំណាច​ខ្លួន ក្រោម​ហេតុផល​ថា​ការពារ​នីតិរដ្ឋ​ស្របច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​នេះ​។​
អត្ថបទទាក់ទង

​មន្ត្រី​ប្រឹក្សា​ច្បាប់​ជាន់ខ្ពស់​អន្តរជាតិ​របស់​ICJ រូបនេះ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៨ តុលា​នេះ ដោយ​រិះគន់​ការធ្វើ​វិសោធនកម្ម​ច្បាប់​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​ការ​កំណែទម្រង់​ខ្លឹមសារ​ច្បាប់​កាលពីពេល​ថ្មីៗ​នេះ គឺជា​បណ្ដោយ​ខ្សែបន្ទាត់ ដែល​រដ្ឋាភិបាល​កម្ពុជា​នាំគ្នា​អនុម័ត​ដោយ​ឥត​អៀនខ្មាស់ ឬក៏​ជាការ​កែប្រែ​ច្បាប់​ដោយមាន​គោលបំណង​ច្បាស់លាស់ ក្នុងការ​រំលោភបំពាន​ដោយ​ស្របច្បាប់​ទៅលើ​ក្រុមប្រឆាំង ឬ​ក្រុម​តំណាង​ប្រជាធិបតេយ្យ​ទន់ខ្សោយ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ​»​។​

​ជាមួយគ្នានេះ​លោក Kingsley Abbott បាន​បន្ថែមថា នីតិរដ្ឋ​គឺ​មិនមែន​គ្រាន់តែ​ជាការ​អនុម័ត និង​អនុវត្ត​ច្បាប់​នោះទេ ប៉ុន្តែ​វា​សំដៅ​ទៅលើ​កំណត់​សេចក្តីព្រាងច្បាប់ ដែលមាន​ប្រសិទ្ធ​ភាពស្រប​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​គ្មាន​ការរើសអើង​ជាដើម​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុកថា​ជាការ​បញ្ចេញមតិ​របស់​បណ្តា​ស្ថាប័ន និង​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​លើ​បញ្ហា​ប្រទេស​កម្ពុជា​នេះ គ្មាន​អានុភាព និង​វិសាលភាព​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា​ទេ ។ លោក​ថា ការបញ្ចេញមតិ​របស់​បណ្ដា​ប្រទេស​ទាំងនោះ គ្រាន់តែ​ជាម​តិ​លំអៀង កាន់ជើង​គណបក្សប្រឆាំង​ប៉ុណ្ណោះ ។​

​អ្នកនាំពាក្យ​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យ ស្មើ​សិទ្ធិ ស្មើភាព ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក គោរព​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ដូច​មានចែង​ក្នុង​ធម្មនុញ្ញ អសប ក៏ដូចជា​ធម្មនុញ្ញ​អាស៊ាន ។ កម្ពុ​ជាមាន​សិទ្ធិ​ដោះស្រាយ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​តាមច្បាប់​កម្ពុជា មិន​យក​ច្បាប់​បណ្តា​ប្រទេស​មក​អនុវត្ត​ទេ​។ ការធ្វើ​វិសោធនកម្ម​ច្បាប់​នានា គឺជា​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​សង្គម​កម្ពុជា ឲ្យ​ស្របតាម​ដំណាក់កាល​និង​សភាព​ការ​ណ៏​ថ្មី ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​នីតិវិធី បទ​បទញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ជា​ធរមាន​»​។​

​ជុំវិញ​ការកែប្រែ​ច្បាប់​ទាក់ទង​នឹង​ការ​បែង​ចែង​អាសនៈ​របស់​គណបក្ស​មួយ ដែល​ត្រូវ​រំលាយ ទៅ​ឲ្យ​គណបក្ស​ដទៃ​នេះ ត្រូវបាន​លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃទី​១៦ តុលា​ថា ការកែប្រែ​នេះ នឹងធ្វើ​ឲ្យ​ច្បាប់​ក្នុងប្រទេស​កម្ពុជា មាន​ភាព​ពេញលេញ ដើម្បី​អនុវត្ត​ឲ្យ​បាន​សមស្រប​ទៅតាម​សភាពការណ៍​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ពោលគឺ​គ្មាន​ចេតនា​ចង់​បំផ្លិចបំផ្លាញ​បុគ្គល ឬ​គណបក្ស​ណាមួយ​ឡើយ ។​

​គួរ​បញ្ជាក់ថា នៅពេលនេះ​ព្រឹទ្ធសភា កំពុង​ពិនិត្យ​សេចក្តីស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ទាក់ទង​នឹង​ការយក​អាសនៈ​នៃ​គណបក្ស​មួយ ដែល​ត្រូវបាន​រំលាយ​ឲ្យ​គណបក្ស​ដទៃ​៕



Tag:
 ICJ
  CNRP
 ​ ច្បាប់
  Kingsley Abbott
© រក្សាសិទ្ធិដោយ thmeythmey.com