កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Leicester ចង់បាន​អ្នកចាត់ការ​ល្បី​ជំនួស​តំណែង Shakespeare
18, Oct 2017 , 4:37 pm        
រូបភាព
​ម្ចាស់​ក្លិប Leicester City ចង់បាន​គ្រូ​ល្បី​មកកាន់​តំណែង​ជំនួស​លោក Craig Shakespeare ដែល​ត្រូវ​បានបញ្ចប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ដោយសា​រដឹក​នាំ​មិន​បានល្អ ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League​។​



​លោក Shakespeare ត្រូវបាន Leicester City បញ្ឈប់​តំណែង​ហើយ បន្ទាប់ពី​ដឹកនាំ​ក្រុម​ជើងឯក​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល ២០១៥-២០១៦ អស់​រយៈពេល ៧​ខែ ពោលគឺ​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦​មក ក្រោយពេល​ក្លិប​បានបញ្ចប់​តំណែង​លោក Claudio Ranieri​។​

 អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស វ័យ​៥៣​ឆ្នាំនេះ បាន​ដឹកនាំ​ក្រុម​រហស្សនាម​កញ្ជ្រោង​ខៀវ​បាន​យ៉ាង​ល្អ​កាលពី​រដូវ​កាល​មុន ដែល​ធ្វើ​ឲ្យ​ម្ចាស់​ក្លិប​ដែលជា​សេដ្ឋី​ជនជាតិ​ថៃ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ទៀតផង​។​


                     Michael Appleton ជំនួយការលោក Shakespeare

​ប៉ុន្តែ​ក្រោយ​ដឹកនាំ​បានតែ​៤​ខែ ក្នុង​កិច្ចសន្យា​នេះ ក្លិប Leicester បានសម្រេច​បញ្ចប់​តំណែង​លោក​វិញ ដោយសារ​ដឹកនាំ​ក្រុម​ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៨​ប្រកួត​ក្នុង​លី​កមាន​៦​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី​១៨ ដែលជា​តំបន់​ត្រូវ​កាត់ចោល​។​

​បើតាម​គេហទំព័រ​កីឡា Telegraph ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែតុលា​នេះ ក្រោយ​បញ្ចប់​តំ​ណែ​លោក Shakespeare ម្ចាស់​ក្លិប Leicester City លោក Vichai Srivaddhanaprabha បានដាក់​គោលដៅ​យក​អ្នកចាត់ការ​លំដាប់​កំពូល​មក​ដឹកនាំ​ក្រុម​វិញ​។ លោក Carlo Ancelotti ដែល​ទំនេរ​ពី​ការងារ​ក្រោយ Bayern Munich បញ្ឈប់​ពី​តំណែង​កាលពី​ថ្មីៗ​នោះ កំពុងស្ថិត​ក្នុង​រា​ដា​ដើម្បី​យកមក​ជំនួស​កៅអី​នេះ​។ ក្រៅពីនេះ​ក៏មាន​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Sam Allardyce,  David Moyes, Chris Coleman និង​លោក Alan Pardew ក៏​ស្ថិតក្នុង​ជម្រើស​ដែរ​។​

​ដោយសារ​មិនទាន់​រក​អ្នក​ជំនួស​ភ្លាមៗ​បាន ក្លិប​បានសម្រេច​ឲ្យ​ជំនួយការ​លោក Michael Appleton ទទួលបន្ទុក​ក្រុមបណ្តោះអាសន្ន​សិន ដោយ​ត្រូវ​ដឹកនាំ​ក្រុម​ពេល​ប៉ះ Swansea City ក្នុង​ក្របខណ្ឌ Premier League ចុង​សប្តាហ៍​នេះ​៕


Tag:
 បាល់ទាត់​
  Leicester City
  Craig Shakespeare
© រក្សាសិទ្ធិដោយ thmeythmey.com