ជាតិ
លោក នេ​ត សាវឿន ចង់​ឲ្យ​ចោទ​ចោរឆក់ ពីបទ «​ប៉ុនប៉ង​មនុស្សឃាត​»
18, Oct 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ចោរឆក់ គួរតែ​ត្រូវបាន​ចោទ​ពីបទ «​ប៉ុនប៉ង​មនុស្សឃាត​» មួយ​បន្ថែមទៀត ក្រៅតែពី​ការដាក់ទោស ពាក់ព័ន្ធ​នឹង​ការ​ឆក់​។ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានស្នើ​ឡើង​យ៉ាង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស រួមទាំង​ភាគី​ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ​។​



​ប្រសាសន៍​របស់លោក នេ​ត សាវឿន ខាងលើ ត្រូវបាន​ដកស្រង់​យកទៅ​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ។ បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ លោក នេ​ត សាវឿន យល់ថា ការដាក់ទោស​លើ​ចោរឆក់ កន្លងមក មាន​លក្ខណៈ​ធូរស្រាល ដែល​មិន​អាចធ្វើ​ឲ្យ​ពួកគេ រាងចាល ហើយក៏​បន្ត​ប្រព្រឹត្ត​បទល្មើស​ដដែល​។

​លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធិ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​យក​ប្រសាសន៍​របស់លោក នេ​ត សាវឿន ទៅប្រាប់​ក្រុមអ្នកកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា លោក នេ​ត សាវឿន ជំរុញ​ឲ្យ​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​អំពើ​ឆក់ ដែល​នៅតែ​បន្ត​កើតមាន​ជា​ញឹកញាប់​នាបច្ចុប្បន្ន ហើយ​ពេលខ្លះ ក៏​បណ្តាល​ឲ្យ​ជនរងគ្រោះ បាត់បង់​ជីវិត​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​គន​របាល​ជាតិ​ដដែល​៕


Tag:
 ចោរឆក់​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com