អន្តរជាតិ
ប្រធានាធិបតី ត្រាំ ព្រមាន​សមាជិកសភា ច​ន ម៉ា​ខេន ដែល​ព្យាយាម​ប្រឆាំង​លោក
18, Oct 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​មាន​សង្គ្រាមពាក្យសម្តី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona លោក ច​ន ម៉ា​ខេន (John McCain)  លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​តបត​វិញ បើសិនជា​លោក​លោក ម៉ា​ខេន ធ្វើ​ហួសហេតុ​ដោយ​ព្យាយាម​ប្រឆាំង​រូបលោក​នោះ​។ ការទាស់ទែង​ខ្វែងគំនិត​គ្នា​រវាង​ប្រធានាធិបតី​និង​សមាជិកសភា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រេះឆា​ក្នុង​បក្ស ហើយ​អាច​បង្ក​ផលប៉ះពាល់​ដល់​គោលនយោបាយ​របស់លោក ត្រាំ ជាពិសេស​ការកែទម្រង់​ពន្ធ​។



​ពេល​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋ Philadelphia កាលពី​ថ្ងៃ​ចន្ទ​ទី ១៦ ខែតុលា លោក ច​ន ម៉ា​ខេន បាន​ថ្លែង​រិះគន់​លោក ត្រាំ ដូច្នេះ​៖ «​រត់គេច​ពី​ការទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​ពិភពលោក ដើម្បី​តែ​ចលនា​ជាតិនិយម​ក្លែងក្លាយ​ដែល​បង្កើតឡើង​ដោយ​ក្រុមមនុស្ស​ដែល​ស្វែងរក​ជនរងគ្រោះ​ជាង​ព្យាយាម​ដោះស្រាយ​បញ្ហា​មិនមែនជា ការ​ស្នេហា​ជាតិ​ឡើយ​ដែល​មេដឹកនាំ​ធ្លាប់មាន​ពី​អតីតកាល​ឡើយ​»​។

​ក្រោយ​ពេលដែល​លោក ម៉ា​ខេន និយាយ​រិះគន់​ខ្លួន​បែបនេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ប្រតិកម្ម​តប និង​ព្រមាន​ប្រឆាំង​តប​លោក ម៉ា​ខេន វិញ​បើ​វា​ហួសហេតុ​ពេក​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បាន​អះអាង​ដូច្នេះ​៖ មនុស្ស​ទាំងអស់​គួរ​ប្រុងប្រយ័ត្ន​ព្រោះ​នៅពេល​ដល់​ចំណុច​ណាមួយ​នោះ​ខ្ញុំ​នឹង​តប​វិញ​ហើយ​។ ខ្ញុំ​ជាម​នុស្ស​ត្រឹមត្រូវ​ហើយ​ល្អ​ទេ​។ ខ្ញុំ​ល្អ​ណាស់ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឆាំង​តប​វិញ​ភា្ល​ម​បើ​វា​ហួសហេតុ​ពេក ហើយ​វា​មិន​សាមញ្ញ​»​។​

​តាមពិតទៅ​លោក ម៉ា​ខេន បាន​បន្ត​រិះគន់​លោក ត្រាំ តាំងពី​លោក​ស្បថ​ចូលកាន់​តំណែង​តាំងពី​ចុងខែ​មករា​ម្ល៉េះ​។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក ម៉ា​ខេន និង​លោក ត្រាំ អាក្រក់​ខ្លាំង​កាលពី​ប៉ុន្មាន​ខែ​មុន ក្រោយ​ពេលដែល​លោក ម៉ា​ខេន មិន​ជួយ​លោក ត្រាំ និរាករណ៍​ច្បាប់​ស្តី​សុខាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (ObamaCare) ។

​កន្លងមកនេះ ក្រៅពី​មាន​ជម្លោះ​ជាមួយ​លោក ម៉ា​ខេន លោក ត្រាំ ក៏មាន​សង្គ្រាមពាក្យសម្តី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ក្នុង​បក្ស​ជាមួយគ្នា​ដែរ​។ នោះ​គឺ​សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស​
​លោក Bob Corker​។ លោក Corker បាន​ចោទថា លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​រុញច្រាន​សហរដ្ឋអាមេរិក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាមលោកលើកទីបី​ផងដែរ​។​

​ពាក់ព័ន្ធ​ជម្លោះ​រវាង​ប្រធានាធិបតី និង​សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់​ក្នុង​សាធារណរដ្ឋ​ជាមួយគ្នានេះ អ្នកជំនាញ​វាយតម្លៃថា វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​របស់លោក​ក្នុង​កែទម្រង់​វិស័យ​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវ​ឆ្លងកាត់​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​ជាពិសេស​ការកែទម្រង់​ពន្ធ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  John McCain
  Bob Corker
© រក្សាសិទ្ធិដោយ thmeythmey.com