អន្តរជាតិ
ស៊ី ជិនភីង៖ «សមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ត្រូវមានខ្យល់ដកដង្ហើមដូចគ្នា»
× ប៉េកាំង៖ មហាសន្និបាតលើកទី១៩ នៃបក្សកុម្មុយនីស្តចិនបានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែតុលា នៅឯវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង។ ប្រតិភូចំនួន២២៨០នាក់មកពីគ្រប់ទីកន្លែងទូទាំងប្រទេសចិន បានជួបគ្នាក្នុងមហាសន្និបាតដែលរៀបចំរៀងរាល់ប្រាំឆ្នាំម្ដង។ មហាសន្និបាតនេះ នឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៤ ខែតុលា ចំណែកឯការជ្រើសរើសថ្នាក់ដឹកនាំថ្មីនឹងធ្វើឡើងក្រោយមហាសន្និបាតបញ្ចប់។
ថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន បានបង្ហាញវត្តមានក្នុងពិធីបើកមហាសន្និបាតបក្សលើកទី១៩ ដែលធ្វើឡើងក្នុងវិមានប្រជាជនចិន ក្បែរទីលានធានអានមេន។ ក្រៅពីប្រតិភូទាំងជិតបីពាន់នាក់ និងថ្នាក់ដឹកនាំបច្ចុប្បន្ន អតីតប្រធានាធិបតីលោក ចាង ជេមីន ដែលមានវ័យជរាទៅហើយ និងលោក ហ៊ូ ជិនតាវ ព្រមទាំងអតីតមន្ត្រីសំខាន់ជាច្រើនទៀត ក៏ចូលរួមក្នុងជំនួបដ៏សំខាន់ក្នុងថ្ងៃដែលមេឃបង្អុរភ្លៀងមិនឈប់។
បន្ទាប់ពីការគោរពភ្លេងជាតិ និងការគោរពវិញ្ញាណក្ខន្ធមេដឹកនាំជំនាន់មុនមានលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡាយ នោះ អគ្គលេខាធិការបក្សកុម្មុយនីស្តចិនលោក ស៊ី ជិនភីង ក៏បានថ្លែងបើកកម្មវិធី ដោយបានលើកឡើងពីសមិទ្ធផលរយៈពេល៥ឆ្នាំ លើវិស័យសេដ្ឋកិច្ច ការកែទម្រង់បក្ស និងរដ្ឋស៊ីជម្រៅ វិស័យយោធា និងកិច្ចការការទូតជាដើម។ សុន្ទរកថាលើកនេះ ប្រៀបបានការកំណត់គោលដៅថ្មីសម្រាប់សមាជិកបក្សអនុវត្តនារយៈពេល៥ឆ្នាំខាងមុខ និងពេលបន្ទាប់ទៀត។
ក្នុងការថ្លែងរយៈពេល៣ម៉ោង និង៣០នាទី អគ្គលេខាធិការបក្សរូបនេះក៏បានបញ្ជាក់ថា មហាសន្និបាតបក្សលើកនេះ ធ្វើឡើងចំដំណាក់កាលសំខាន់នៃការកសាងសង្គមរុងរឿងសម្រាប់ប្រជាជនទាំងអស់ និងចំពេលដែលសង្គមនិយមនៅប្រទេសចិនឈានដល់យុគសម័យថ្មីដែរ។ លោក ស៊ី ក៏បានរំឮកប្រតិភូទាំងអស់ពីបេសកកម្មរបស់បក្ស គឺការស្វែងរកសេចក្ដីសុខសម្រាប់ប្រជាជនចិន និងការធ្វើយុវកម្មសម្រាប់ប្រទេសជាតិ។
«ក្នុងបក្សរបស់យើង សមាជិកទាំងអស់ត្រូវមានខ្យល់ដកដង្ហើមដូចគ្នា ចែករំលែកអនាគតដូចគ្នា និងត្រូវតភ្ជាប់គ្នារហូត។ បំណងប្រាថ្នារបស់ប្រជាជនក្នុងការរស់នៅជីវិតល្អប្រសើរ ត្រូវតែជាការផ្ដោតអារម្មណ៍របស់សមាជិកបក្ស»។ នេះជាសម្ដីដាស់តឿនរបស់លោក ស៊ី ដែលបានស្នើឲ្យសមាជិកបក្សទាំងអស់ដាក់គោលដៅឲ្យបានខ្ពស់ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល និងត្រូវមានការប្ដេជ្ញាចិត្តក្នុងការកែទម្រង់ទៀតផង។
សូមបញ្ជាក់ដែរថា បើតាមអ្នកនាំពាក្យមហាសន្និបាត របៀបវារៈសំខាន់ៗនេះមហាសន្និបាតលើកទី១៩ នេះរួមមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបក្ស ការជ្រើសរើសសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងអគ្គលេខាធិការបក្ស ព្រមទាំងគោលនយោបាយរយៈពេល៥ឆ្នាំ។ លោក ស៊ី ជិនភីង រំពឹងបន្តតំណែងរយៈពេល៥ឆ្នាំទៀត ខណៈមនុស្សជិតស្និទ្ធរបស់លោក នឹងចូលកាន់តំណែងសំខាន់ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com