កីឡាអន្តរជាតិ
អន្តរជាតិ
World Cup Play off៖ អ៊ីតាលី ជឿជាក់ថាអាចទម្លាក់ស៊ុយអែតបាន
×
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីលោក Gian Piero Ventura ជឿជាក់លើកូនក្រុមដែលជាម្ចាស់ជើងឯកពានរង្វាន់ពិភពលោក បួនសម័យកាលថា អាចផ្តួលស៊ុយអែតដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ីបាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកួត Play-Off ដើម្បីរកក្រុមប្រចាំទ្វីបអឺរ៉ុបចំនួន៤ទៀតឈានទៅប្រកួត FIFA World Cup 2018 នៅរុស្ស៊ីរកឃើញគូរប្រកួតហើយ ដែលក្នុងនោះ អ៊ីតាលី នឹងត្រូវជួបស៊ុយអែត ស្វីសជួប អៀរឡង់ខាងជើង, ក្រូអាស៊ី ប៉ះ ក្រិក, និងដាណឺម៉ាក ប៉ះ សាធារណរដ្ឋអៀរឡង់។
អ៊ីតាលីនឹងធ្វើដំណើរទៅជួបស៊ុយអែតសម្រាប់ការប្រកួតជើងទីមួយនៅក្នុងរដ្ឋធានី Stockholm នាថ្ងៃទី១០ ខែវិច្ឆិកា និងត្រឡប់ទៅទីក្រុង Milan ប្រទេសអ៊ីតាលី សម្រាប់ជើងទី២វិញ នៅក្រោយបីថ្ងៃបន្ទាប់ ដើម្បីដណ្តើមកៅអីទៅរុស្ស៊ីឆ្នាំក្រោយ។
ក្រោយលទ្ធផលចាប់ឆ្នោតរើសគូចេញហើយនោះ លោក Ventura ដែលជាគ្រូបង្វឹករបស់អ៊ីតាលី បាននិយាយថា៖«យើងមិនដែលគិតថាក្រុមយើងអវត្តមាននៅ World Cup ឡើយ។ ស៊ុយអែតគឺជាគូប្រជែងដ៏ខ្លាំងក្លាមួយដែលមិនអាចប្រហែសបាន។ ប៉ុន្តែ នៅលើផ្លូវឆ្ពោះទៅកាន់ការប្រកួតជម្រុះជាមួយស៊ុយអ៊ែតនៅរដ្ឋធានី Stockholm យើងមានការជឿជាក់និងមានទំនុកចិត្តខ្ពស់ដើម្បីឈ្នះ»។
លោក Gian Piero Ventura អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអ៊ីតាលី
សូមបញ្ជាក់ថា ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ កាលពីប្រកួតក្នុងវគ្គជម្រុះតាមពូលក្នុងតំបន់អឺរ៉ុបទាំង៨នេះ នឹងធ្វើការប្រកួត២ជើង ចាប់ពីថ្ងៃ១០ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រុមដែលឈ្នះក្នុងវគ្គ Play Off ចំនួន៤ ក្នុងចំណោម៨ក្រុមនេះ អាចឈានទៅប្រកួតផ្ដាច់ព្រ័ត្រ World Cup នៅរុស្ស៊ីបានជាមួយក្រុមទាំង៩របស់អឺរ៉ុបដែលមានកៅអីស្រាប់៕
Tag:
បាល់ទាត់
FIFA World Cup
អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com