ជាតិ
ពីនេះ ពីនោះ
ចាស់ៗមិនយល់ពាក្យ «៤១ ៤១» ?
× «៤១ ៤១» គឺជាពាក្យថ្មីដែលយុវជនសម័យបច្ចេកវិទ្យាបានប្រើប្រាស់វានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងនិយាយតៗគ្នា។ ការប្រើពាក្យបង្កើតថ្មី «៤១ ៤១» ដែលពុំមាននៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត នោះ បានធ្វើឱ្យយុវជនមួយចំនួន និងជាពិសេស មនុស្សចាប់ពីវ័យចំណាស់ឡើងទៅស្ទើរតែទាំងអស់ មិនយល់អំពីអត្ថន័យនៃការប្រើប្រាស់ពាក្យដែលបង្កើតដោយយុវជនសម័យឌីជីថលនេះឡើយ។
ពាក្យ «៤១ ៤១» ដែលកំពុងពេញនិយមនៅក្នុងស្រទាប់យុវវ័យនេះ គឺកើតចេញពីយុវជនខ្មែរមួយក្រុមបាន Live វីដេអូតាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ដែលពួកគេចង់និយាយថា Share មួយ Share មួយ តែនិយាយមិនច្បាស់ឮថា «៤១ ៤១» ។ ដូច្នេះ ពាក្យ «៤១ ៤១» គឺមានន័យថា «Share មួយ Share មួយ» ដែលពួកគេចង់សំដៅទៅលើមិត្តភក្តិនៅក្នុងហ្វេសប៊ុកដែលកំពុងមើលពួកគេ Live វីដេអូ ឱ្យជួយចែកចាយវីដេអូនេះម្នាក់មួយៗ។
ក្រៅពីនេះ មានពាក្យថ្មីៗមួយចំនួនទៀត ដែលយុវជនសម័យទំនើបនេះ បានបង្កើតវាឡើងដោយពុំមាននៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត ដែលជាវចនានុក្រមគោលសម្រាប់ប្រើប្រាស់នៅក្នុងភាសាខ្មែរឡើយ។ ពាក្យទាំងនោះមានដូចជា៖ ចុម, សាំ JM (សាំចុយម្រាយ), ចាក់ដោត, បែកស្លុយ, ទាល់តែយូរ, ឡូយអស់ស្ទះ, Bro and Sis (បងប្រុស ឬប្អូនប្រុស និងបងស្រី ឬប្អូនស្រី) ឡូយកប់លូ, ឌឺប្រាំបួន, ឡូយប្រាំបួន, ឃ្យូតកិប, ឃ្យូតណប់, ឃ្យូតសន្លប់, Thx q nob, All nob jub jub, Honey bu kuk (ហានីប៊ូគូក) ។ល។
ពាក្យប្លែកៗដែលមិនមែនជាពាក្យដើមរបស់ខ្មែរខាងលើនេះ ខ្លះនៅតែជាពាក្យដ៏ពេញនិយមរបស់យុវជនក្នុងសម័យឌីជីថល សម្រាប់ប្រើប្រាស់នៅក្នុងការសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក និងការនិយាយគ្នាដដែល រីឯពាក្យខ្លះទៀត បានស្លាប់(លែងប្រើ)ទៅវិញក៏មាន ដោយពួកគេយល់ថា វាជាពាក្យហួសសម័យទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com