ជាតិ
សេដ្ឋកិច្ច
កម្ពុជា​កំពុង​សិក្សា​គម្រោង​ផ្កាយរណប​ដំបូង ដែល​អាច​នឹង​ចំណាយ​ទឹកប្រាក់ ១៥០ លាន​ដុល្លារ​
19, Oct 2017 , 11:23 am        
រូបភាព
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group
ដោយ:
​ភ្នំពេញ​៖  កម្ពុជា កំពុង​សិក្សា​លើ​គម្រោង​ផ្កាយរណប​ដំបូង ដែល​តាម​ការប៉ាន់ស្មាន​អាចមាន​តម្លៃ​ដល់​រង្វង់ ១៥០​លាន​ដុល្លារ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​សេវា​ទូរគមនាគមន៍ នា​ឆ្នាំ​២០២១​ខាងមុខ​។



​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) លោក អ៊ឹម វុត្ថា បាន​និយាយថា ការប៉ាន់ស្មាន​បឋម ដើម្បី​បង្កើត​ឲ្យ​មាន​ផ្កាយរណប​ដំបូង​របស់​កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ​១៥០ លាន​ដុល្លារ សម្រាប់​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ ឬ​ឆ្នាំ ២០២២ ។ បើតាម​លោក អ៊ឹម វុត្ថា គម្រោង​មួយ​នេះ​ត្រូវការ​រយៈពេល​មួយឆ្នាំ​ទៀត ដើម្បី​សិក្សា​លម្អិត មុននឹង​ឈានដល់​ការដំឡើង​ឧបករណ៍ និង​ដាក់​ឲ្យ​ដំណើរការ​។ អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​រូបនេះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​គិត​ចាប់ពីពេលនេះ យើង​ត្រូវការ​រយៈពេល​មួយឆ្នាំ ដើម្បី​សិក្សា​ឲ្យ​ចេញ​ជា​រូបរាង ហើយ​ដើម្បី​ទទួលបាន​ការអនុម័ត​ពី​រដ្ឋាភិបាល​លើ​សិទ្ធិ​បង្ហោះ​ផ្កាយរណប​»​។​



​លោក អ៊ឹម វុត្ថា បាន​ពន្យល់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា ហើយ​មានការ​ព្រមព្រៀង​សព្វគ្រប់​ពី​អ្នកពាក់ព័ន្ធ គម្រោង​នេះ​ត្រូវការ​រយៈពេល​ប្រមាណ ៣​ឆ្នាំ​ទៀត ដើម្បី​អាច​បង្ហោះ​ផ្កាយរណប​បាន ដែល​អាច​សម្រេច​ក្នុង​ឆ្នាំ​២០២១ ឬ ២០២២ ខាងមុខ​។ លោក​បន្ត​ដូច្នេះ​ថា ៖«​បើតាម​ស្ដង់ដារ​បច្ចេកទេស ការ​បង្ហោះ​ផ្កាយរណប​មួយ​បាន​ត្រូវការ​ពេល ៧​ឆ្នាំ​ឯណោះ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​ចិន China Great Wall Industry corporation មានបទពិសោធន៍​រួចទៅហើយ​នៅ​ប្រទេស​ឡាវ​លើ​គម្រោង​ដូចគ្នានេះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​ដំណើការ​ផ្កាយរណប​បាន​ឆាប់​ដូចនេះ​»​។​

​កាលពី​ថ្ងៃទី​១៦​ខែតុលា ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ការបាញ់​បង្ហោះ​ផ្កាយរណប​នៅ​កម្ពុជា ដែលមាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​។ ក្រុមហ៊ុន Royal Blue Skies ដែលជា​បុត្រ​ស​ម្ព័​ន្ត​របស់​ក្រុមហ៊ុន Royal Group  និង​ក្រុមហ៊ុន China Great Wall Industry corporation ក៏បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះដែរ​។ ក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន China Great Wall Industry corporation ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ទំហំ​ផ្កាយរណប និង​ថវិកា​នៃ​គម្រោង​នេះ ក្រោយពី​មានការ​ជំរុញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងឆ្នាំ​២០១៦ ។​



​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​តម្រូវការ​ប្រើប្រាស់​សេវា​ផ្កាយរណប មុននឹង​ឈានដល់​ការកំណត់​ទំហំ​ផ្កាយរណប ដែល​អាច​នឹងត្រូវ​បង្ហោះ​នៅពេល​ខាងមុខ​។ បើតាម​លោក អ៊ឹម វុត្ថា ប្រព័ន្ធ​ផ្កាយរណប នឹងត្រូវ​ប្រើប្រាស់​ដោយ​ប្រតិ​ប​ត្ត​ករ​ទូរគមនាគមន៍ ប្រតិបត្តិ​ករ​សោតទស្សន៍ ស្ថាប័ន​សន្តិសុខ​ជាតិ អាកាសចរ​ស៊ីវិល​ជាដើម​៕


Tag:
 ផ្កាយរណប​
  អ៊ឹម វុត្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com