អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សំណុំរឿង​ពុករលួយ​៖ សវនាការ​ត្រូវ​ព្យួរ លោកស្រី ប៉ាក ចោទថា ជាការ​កាច់​កុង​នយោបាយ
19, Oct 2017 , 12:43 pm        
រូបភាព
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពេលបញ្ជូន​ទៅ​តុលាការកន្លងមក
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពេលបញ្ជូន​ទៅ​តុលាការកន្លងមក
​សវនាការ​ជំនុំ​ជម្រះក្តី​ពុករលួយ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវបាន​ព្យួរ​បណ្តោះអាសន្ន​សិន បន្ទាប់ពី​មេធាវី​ការពារ​ក្តី​លោកស្រី​សុំ​ដកខ្លួន​ដើម្បី​បង្ហាញ​ការតវ៉ា​ប្រឆាំងនឹង​នីតិវិធីតុលាការ​។ មេធាវី​ការពារ​ក្តី​លោកស្រី​អតីត​ប្រធានាធិបតី​ខាងលើ​អះអាងថា នីតិវីធី​តុលាការ​លម្អៀង​និង​មាន​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​។

 
​ដោយសារ​អវត្តមាន​ចុងចោទ ហើយ​មេធាវី​ការពារ​ក្តី​ដកខ្លួន​ផង​នោះ តុលាការក្រុង​សេ​អ៊ូ​ល​បានសម្រេច​ពន្យារពេល​បើក​សវនាការ​ជំនុំជម្រះ​រឿង​ពុករលួយ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​សិន​។ គ្មាន​ការបញ្ជាក់​ច្បាស់​ទេពី​កាលបរិច្ឆេទ​ថ្មី​នៃ​ការជំនុំជម្រះ​នេះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  លោកស្រី​ប៉ាក ដែល​ប្រឈម​ការចោទប្រកាន់​ច្រើន​ទាំង​បទ​រំលោភ​អំណាច និង​ពុករលួយ​ផង​នោះ មិនបាន​បង្ហាញខ្លួន​នៅក្នុង​តុលាការក្រុង​សេ​អ៊ូ​ល​ឡើយ ដោយ​លោកស្រី​មាន​បញ្ហា​សុខភាព​។​
 
​ដើម​សប្តាហ៍​កន្លងទៅ ក្រុម​មេធាវី​ការពារ​ក្តី​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានសម្រេច​ដកខ្លួន​ចេញ ដើម្បី​សម្តែង​ការតវ៉ា​ចំពោះ​នីតិវិធីតុលាការ ដោយ​ពួកគេ​អះអាងថា វា​មាន​ភាពលម្អៀង​។ 
 
​ការដកខ្លួន​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោកស្រី​ប៉ាក នេះ​ធ្វើឡើង​បន្ទាប់ពី​លោកស្រី ប៉ាក ថ្កោលទោស​តុលាការ​ដែល​ចេញ​ដីកា​ពន្យារពេល​ឃុំ​ឃាំ​លោកស្រី ប្រាំ​មួយខែ​ទៀត​។ លោកស្រី​ចាត់ទុក​ការសម្រេច​របស់​តុលាការ ជាការ​សងសឹក​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​។ 
 
 
​តុលាការ​បាន​ទទូច​សុំ​ឲ្យ​មេធាវី​ការពារ​ក្តី​លោកស្រី​ពិចារណា​ឡើ​ញ​វិញ​ចំពោះ​ការលាលែង​នេះ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​ចុងចោទ​។ ប៉ុន្តែ​វា​គ្មាន​ការកែប្រែ​ការសម្រេចចិត្ត​នេះឡើយ​។ ដូច្នេះហើយ​ទើបបានជា​សវនាការ​នេះ​ត្រូវ​ពន្យារពេល​បណ្តោះអាសន្ន​សិន​។  
 
​ចៅក្រម​ដែល​ទទួលបន្ទុក​កាត់ក្តី​សំណុំ​រឿងនេះ​លោក Kim Se-Yun បានបញ្ជាក់​ដូច្នេះ​៖ «​សំណុំ​រឿងនេះ​មិនអាច​បន្តទៅ​មុខ​បាន​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​ឡើយ ដោយសារ​បណ្តឹង​ចោទប្រកាន់​លោកស្រី ប៉ាក អាច​នឹងធ្វើ​ឲ្យ​លោកស្រី​ប្រឈម​ការកាត់ទោស​ធ្ងន់ធ្ងរ​ផង​»៕
 
 
 

Tag:
 ពុករលួយ
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com