ជាតិ
​​​ន​យោ​បាយ​ជាតិ​
សហភាព​អន្តរ​សភា​នឹង​បញ្ជូន​ប្រតិភូ​មក​ស្វែងរក​ការពិត​ពី​សភាពការណ៍​នៅ​កម្ពុជា​
19, Oct 2017 , 4:26 pm        
រូបភាព
ប្រធានសហភាពអន្តរសភា លោក Saber Hossain Chowdhury និងលោក យ៉ង់ សែម ប្រធានប្រតិភូកម្ពុជា
ប្រធានសហភាពអន្តរសភា លោក Saber Hossain Chowdhury និងលោក យ៉ង់ សែម ប្រធានប្រតិភូកម្ពុជា
​ភ្នំពេញ​៖ សហភាព​អន្តរ​សភា (Inter-Parliamentary Union)  ចង់ដឹង​ការពិត ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​។ សហភាព​អន្តរ​សភា ប្រកាសថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​មកកាន់​កម្ពុជា​។ ជាការ​ឆ្លើយតប គណៈប្រតិភូ​កម្ពុជា ប្រកាស​ស្វាគមន៍​ទស្សនកិច្ច​នោះ​របស់​គណៈប្រតិភូ​សហ​ភាព​អន្តរ​សភា​។​



​ប្រធាន​សហភាព​អន្តរ​សភា លោក Saber Hossain Chowdhury បានប្រកាស​ពី​បំណង​បញ្ជូន​ប្រតិភូ​សហភាព​អន្តរ​សភា​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ដើម្បី​តាមដាន​អំពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​សមាជិក​មួ​យ​នេះ​។ សេចក្តីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​លើក​ទី​១៣៧​នៅក្នុង​ទីក្រុង Saint Petersburg នៃ​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃទី​១៨​តុលា ខណៈ​ប្រធាន​សហភាព​នេះ​កំពុង​សួរដេញដោល​មក​ប្រធាន​ប្រតិភូ​កម្ពុជា​គឺ​លោក យ៉ង់ សែម សមាជិក​ព្រឹទ្ធសភា​កម្ពុជា អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​។ តំណាង​សភា​មកពី​ជាង​១៥០​ប្រទេស​បាន​ចូលរួម​ប្រជុំ​សហភាព​អន្តរ​សភា​នេះ​។​

​ប្រធាន​សហភាព​អន្តរ​សភា​បាន​និយាយ​អំពី​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេលដែល​លោក​កំពុង​ចោទសួរ​ប្រតិភូ​នីតិបញ្ញត្តិ​របស់​កម្ពុជា​អំពី​ការអនុម័ត​ច្បាប់​ស្តីពី​រំលាយ​គណបក្សនយោបាយ និង​ការបែងចែក​អាសនៈ​សភា​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​នោះ​។

​ការចាប់​ឯកឧត្តម កឹម សុខា ការចាប់​អ្នកនយោបាយ​ប្រឆាំង​មួយចំនួនទៀត បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការកែប្រែ​ច្បាប់ ដើម្បី​យក​អាសនៈ​នៃ​គណបក្ស​ណាមួយ ដែល​ត្រូវបាន​រំលាយ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ជាដើម សុទ្ធសឹងតែ​ជា​ប្រធានបទ​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​នេះ​។​

​លោក យ៉ង់ សែម សមាជិក​ព្រឹទ្ធសភា ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​សហភាព​អន្តរ​សភា បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ ទៅកាន់​ប្រធាន​សហភាព​អន្តរ​សភា​៖«​យើង​នឹង​សម្របសម្រួល​សម្រាប់​វត្ត​មាន​របស់លោក​ប្រធាន​នៅ​កម្ពុជា ព្រោះ​លោក​ប្រធាន ស្នើឡើង​ហើយ​ថា ចង់ទៅ​កាន់​កម្ពុជា​»​។​

​ក្នុង​កិច្ចប្រជុំពេញអង្គ ប្រធាន​សហភាព​អន្តរ​សភា បាន​ចោទសួរ​នៅ​ចំពោះមុខ​គណៈប្រតិភូ​កម្ពុជា​ថា តើ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុងតែ​កែប្រែ​ច្បាប់ ដែលមាន​លក្ខណៈ​ជា​នយោបាយ ដើម្បី​រំលាយ​គណបក្សប្រឆាំង តើ​មែន​ឬទេ​? ហើយ​លោក​គាំទ្រ​ការ​ការ​ប្រែ​ច្បាប់​បែបនេះ​ឬ​អត់​? ប្រធាន​សហភាព​អន្តរ​សភា​បន្ត​សួរ​ទៀតថា បើ​ការស្នើ​ឲ្យ​ធ្វើ​ច្បាប់ មាន​លក្ខណៈ​ជា​នយោបាយ​បែបនេះ គ្រាន់តែ​ដើម្បី​រំលាយ​គណបក្សប្រឆាំង ហើយ​អាសនៈ​ទាំង​៥៥ ក្នុង​សភា​របស់​គណបក្សប្រឆាំង ក៏ត្រូវ​បាត់បង់​ទៀត​នោះ តើ​ប្រព័ន្ធ​នយោបាយ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា អំពី​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស អាច​នឹង​បន្ត​កើត​មាននៅ​កម្ពុជា ទៀត​ទេ​? 

​ក្នុងនាម​ប្រធាន​គណៈប្រតិភូ​កម្ពុជា លោក យ៉ង់ សែម ពុំបាន​អត្ថាធិប្បាយ​ឲ្យ​បាន​ក្បោះក្បាយ ទាក់ទង​នឹង​សំណួ​របស់​ប្រធាន​សហភាព​អន្តរ​សភា ឡើយ​។ លោក បាន​ឆ្លើ​យ៉ាងខ្លី​ថា លោក មិន​សន្និដ្ឋាន​ជាមុន​ទេ ថា​ការកែប្រែ​ច្បាប់​ខាងលើ គឺ​ស្ថិតក្នុង​គោលបំណង​អ្វី​ឲ្យ​ពិត​ប្រាក ដ្បិត​រូបលោក ពុំទាន់​បានឃើញ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ទាំងនោះ​។

​បន្ទាប់ពី​ប្រធាន​សហភាព​អន្តរ​សភា​ប្រកាសថា ចង់​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​មកកាន់​កម្ពុជា​រួចហើយ សហភាព​អន្តរ​សភា​ដែល​បច្ចុប្បន្ន មាន​ប្រទេស​លើ​ពិភពលោក​ជាង​១៧0 ជា​សមាជិក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​តែម្តង​។ សេចក្តីថ្លែងការណ៍ បានលើកឡើង​យ៉ាង​ដូច្នេះ​៖«​សហភាព​អន្តរ​សភា បានស្នើ​ទៅកាន់​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា ដើម្បី​សុំ​ឲ្យ​រៀបចំ​គណៈប្រតិភូ​ទៅ​ស្វែង​ការពិត នៅ​ប្រទេស​ទាំង​បួន [​ដែលមាន​កម្ពុជា​ផងដែរ​] នាពេលខាងមុខ ដ៏​ខ្លី​នេះ​»​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ សហភាព​អន្តរ​សភា បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព ដែល​កើតឡើង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង ដែល​កំពុង​ជួប​បញ្ហា​ជា​បន្តបន្ទាប់ ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ កាន់តែ​ខិតជិត​មកដល់​។ ក្នុង​សេចក្តីថ្លែងការណ៍ សហភាព​អន្តរ​សភា​បាន​ជំរុញ​ឲ្យ​មានការ​ដោះលែង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​ស​ង្រោះ​ជាតិ ព្រមទាំង​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​ឲ្យ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ជាច្រើន​ទៀត ដែលមាន​លោក សម រង្ស៊ី ជាដើម អាច​វិល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នា​ឆ្នាំ​២0១៨​។​

​សេចក្តី​ការណ៍​ខាងលើ បាន​បង្ហោះ​លើ​គេហទំព័រ​របស់​សហភាព​អន្តរ​សភា ដោយ​ភ្ជាប់​ជា​មួយរូប​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ប៉ូលិស​ដាក់​ខ្នោះ ពេល​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។​

​គួរ​បញ្ជាប់​ផងដែរ​ថា នៅក្នុង​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​នោះ ឯកសារ​វីដេអូ​ដែល​ផ្សាយ​អំពី​ការបញ្ចេញមតិ​របស់លោក​ស្រី មួ សុខ​ហួរ សមាជិក​រដ្ឋសភា​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​នៃ​គណបក្សប្រឆាំង​ត្រូវបាន​ចាក់ផ្សាយ​ឲ្យ​សមាជិក​បានឃើញ​ដែរ​។ លោកស្រី មួ សុខ​ហួរ បាន​និយាយ​អំពី​ការ​និរទេស​ពី​ប្រទេស​កំណើត​ដោយ​បង្ខំ​៕


Tag:
 IPU
  សហភាព​អន្តរ​សភា
© រក្សាសិទ្ធិដោយ thmeythmey.com