ជាតិ
នយោបាយជាតិ
ស៊ុយអែត នឹងពិចារណាពីទំនាក់ទំនងជាមួយកម្ពុជា បើបក្សសង្គ្រោះជាតិត្រូវរំលាយ រូបភាព៖ លោកស្រី អេននីកា បេន ដាវីត (Annika Ben David) ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស ស្ថិតនៅចំពោះអ្នកកាសែត ក្នុងសន្និសីទមួយស្តីពីស្ថានការណ៍សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២0១៧
× ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែតបានព្រមានថា ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា អាចនឹងធ្លាក់ចុះ ប្រសិនបើគណបក្សសង្រោះជាតិ ដែលជាគូរប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលាយ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា កម្ពុជានៅតែបន្តធ្វើកិច្ចការទាំងឡាយ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ដោយមិនខ្វល់ពីការព្រមានរបស់ស៊ុយអែតឡើយ។
រដ្ឋាភិបាលស៊ុយអែត នឹងពិចារណាឡើងវិញអំពីចំណងមិត្តភាពរវាងកម្ពុជានិងស៊ុយអែត ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ នេះជាការលើកឡើងរបស់លោកស្រី អេននីកា បេន ដាវីត (Annika Ben David) ឯកអគ្គរាជទូតនៃប្រទេសស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងសន្និសីទមួយនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២0១៧។ សន្និសីទនេះត្រូវបានរៀបចំនៅក្នុងនិវេសនដ្ឋាននៃឯកអគ្គរាជទូតស៊ុយអ៊ែត ដែលស្ថិតនៅជាប់របងនឹងទីស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
ការជួបជាមួយអ្នកកាសែតជាតិ និងអន្តរជាតិជាង១០ស្ថាប័ន ត្រូវបានរៀបចំធ្វើឡើងបន្ទាប់ពី លោកស្រីឯកអគ្គរាជទូតបានចំណាយពេល៥ថ្ងៃ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលកម្ពុជាមួយចំនួន ជុំវិញបញ្ហាសិទ្ធិមនុស្សនិងស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកស្រីនឹងចាកចេញពីកម្ពុជា ទៅកាន់ស៊ុយអែតវិញ បន្ទាប់ពីសន្និសីទកាសែតនេះ។ ឯលោកស្រី ម៉ារៀ សាហ្គ្រីន (Maria Sargren) ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ពុំបានចូលរួមក្នុងសន្និសីទនេះឡើយ ដោយសារតែលោកស្រី ជាប់រវល់នឹងការងារផ្សេង។
ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែន តើការពិចារណារបស់រដ្ឋាភិបាលស៊ុយអែត អាចនឹងមានលក្ខណៈដូចម្តេច? រដ្ឋាភិបាលស៊ុយអែត អាចនឹងដកស្ថានទូត ចេញពីកម្ពុជា? អ្នកកាសែតម្នាក់ បានសួរយ៉ាងដូច្នេះ ហើយលោកស្រី បានឆ្លើយតបថា៖«មិនអ៊ីចឹងទេ។ យើងគិតថាមិនមែនជាជម្រើស ដែលយើងត្រូវធ្វើទេ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺយើងព្យាយាមបន្តទំនាក់ទំនងល្អ ជាមួយកម្ពុជា។ ប៉ុន្តែ គ្រាន់តែថា បើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយ វាមានន័យថា ទិសដៅហ្នឹងមិនត្រឹមត្រូវ សម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ ដូច្នេះ វាជាចំណុចមួយ ដែលយើងត្រូវគិតគូរ និងយកមកវិភាគថាតើ យើងនឹងរៀបចំទំនាក់ទំទងជាមួយកម្ពុជាឡើងវិញយ៉ាងដូចម្តេច?»។
លោកស្រី អេននីកា ដាវីត បន្តថា លោកស្រី មិនអាចបញ្ជាក់បានឡើយ ថារដ្ឋាភិបាលស៊ុយអែត នឹងដាក់ទណ្ឌលើកម្ពុជាឬយ៉ាងណា ក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ឬស្ថានការណ៍នយោបាយ នៅតែមិនធូរស្បើយ។ លោកស្រីបញ្ជាក់ថា អ្វីដែលលោកស្រី អាចនិយាយបាននៅពេលនេះ គឺការផ្តល់ព័ត៌មានពីស្ថានការណ៍កម្ពុជាបច្ចុប្បន្ន ទៅដល់រដ្ឋាភិបាលស៊ុយអែត ហើយទុកឲ្យរដ្ឋាភិបាលស៊ុយអែត ជាអ្នកសម្រេច។
សម្រាប់លោកស្រី រដ្ឋាភិបាលស៊ុយអែត មិនរីករាយចំពោះស្ថាការណ៍នៅកម្ពុជា នាពេលបច្ចុប្បន្នឡើយ ជាពិសេសការចាប់ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងបណ្តឹងសុំឲ្យរំលាយគណបក្សនេះ។ លោកស្រី បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាដើម្បីឲ្យស្ថានការណ៍ វិលមករកសភាពដើមឡើងវិញ។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនពេញចិត្តចំពោះប្រសាសន៍របស់លោកស្រី អេននីកា ដាវីត ខាងលើ ដែលភ្ជាប់ទំនាក់ទំនងកម្ពុជាស៊ុយអែត ទៅនឹងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិនោះ។ សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះ លោកស្រីឯកអគ្គរាជទូត មិនគួរមានប្រសាសន៍បែបនេះឡើយ។ លោកសង្កត់ធ្ងន់យ៉ាងនេះថា៖«ជាការសម្រេចរបស់កម្ពុជា គ្មានប្រទេសណាអាចលូកដៃចូលបានទេ។ ហើយសួរថា ការព្រមានពីទំនាក់ទំនងរវាងកម្ពុជានិងស៊ុយអែតអ៊ីចឹង កម្ពុជាភ័យទេ? កម្ពុជា មិនដែលភ័យទេ»។
ចំពោះលោក ផៃ ស៊ីផាន ឯកឧត្តម កឹម សុខា នៅតែជនត្រូវចោទ ក្នុងអំពើក្បត់ជាតិ ហើយក៏អាចពាក់ព័ន្ធដល់គណបក្សសង្គ្រោះជាតិទាំងមូលផងដែរ ដែលតុលាការ ត្រូវចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា សហគមន៍អន្តរជាតិមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីធ្វើអន្តរាគមន៍លើបណ្តឹងនៃការរំលាយគណបក្សសង្គ្រោះជាតិ។ ហើយការដោះលែងឯកឧត្តម កឹម សុខា ក៏ស្ថិតក្នុងការទាមទាររបស់សហគមន៍អន្តរជាតិដែរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ការចង់បានរបស់សហគមន៍អន្តរជាតិខាងលើ នៅមិនទាន់មានលទ្ធផលឡើយ៕
Tag:
ស៊ុយអែត
កម្ពុជា
មិត្តភាព
រំលាយបក្សសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com