ពីនេះ ពីនោះ
«​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​របប​ខ្មែរក្រហម​ភាគច្រើន​ត្រូវបាន​បោះបង់ចោល​»
20, Oct 2017 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម​។  ប្រជាជន​កម្ពុជា ៨៥​ភាគរយ​ជា​កសិករ ប្រកប​របរ​កសិកម្ម​។ ដូនតា​ខ្មែរ ក្នុងសម័យ​មហានគរ​ដ៏​រុងរឿង ជាពិសេស​នៅក្នុង​ទីក្រុង​អង្គរ បាន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ ទាំង​ធំ​ទាំង​តូច​ច្រើន​ឥត​គណនា ដើម្បី​ធ្វើ​កសិកម្ម និង​ការធ្វើ​ចរាចរ ដឹកជញ្ជូន​។ ដោយ​យក​ប្រភពពី​តំបន់​ក្បាលស្ពាន ភ្នំ​គូលែន ទឹកបាន​ហូរ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ព្រែកជីក​ជាច្រើន​ខ្វែងខ្វាត់​ក្នុង​ទីក្រុង​អង្គរ ដែល​បាន​សាងសង់ឡើង​ដោយ​កម្លាំង​មនុស្ស រូ​ច​ក៏​ហូរ​ចាក់​បន្តទៅ​ក្នុង​បឹង​ទន្លេសាប​។



មាន​អ្នកជំនាញ​ផ្នែក​បរិស្ថាន ក្នុង​នាយកដ្ឋាន​ភូមិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ស៊ីដនី បាន​ប្រសិទ្ធ​នាម​ទីក្រុង​អង្គ​រថា​ជាទី​ក្រុង​ប្រព័ន្ធ​ទឹក «Hydraulic City» ។ សម័យកាល​ក្រោយមក ពិតជា​គួរ​ឲ្យ​ស្តាយ មានការ​ប្រើប្រាស់​កម្លាំង​មនុស្ស​ដូចគ្នា​នឹង​សម័យអង្គរ​ដែរ ដើម្បី​សាងសង់​ទ្វារ​ទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ ជាច្រើន ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​។ ជា​ឧទាហរណ៍ ទ្វារ​ទឹក​ដូច​បានបង្ហាញ​ក្នុង​រូបភាព​នេះ គឺ​ស្ថិតនៅក្នុង​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពុងចាម បាន​សាងសង់ឡើង ក្នុង​សម័យកាល​មហាលោតផ្លោះ​មហាអស្ចារ្យ នៃ​របប​ខ្មែរក្រហម​។ មិនដឹងថា មានជីវិត​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​បាត់បង់ ក្នុងពេល​នៃ​ការសាងសង់ ដែលជា​ទូទៅ​គឺធ្វើឡើង​ដោយ​បង្ខំ តែ​បែ​ជា​មិនអាច​ប្រើ​ជា​ប្រយោជន៍​បាន​នេះឡើយ​។  (​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).




© រក្សាសិទ្ធិដោយ thmeythmey.com