អន្តរជាតិ
នយោបាយអន្តរជាតិ
លោក លី សៀនឡុង នឹងចេញពីតំណែង ក្រោយបណ្តុះបណ្តាលអ្នកបន្តវេនឲ្យខ្លាំង រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានបញ្ជាក់ថា លោកត្រៀមខ្លួនចុះចេញពីតំណែងរួចរាល់ហើយក្រោយការបោះឆ្នោតសភាខាងមុខ។ លោកបន្ថែមថា អ្នកបន្តតំណែងពីលោកមានវត្តមានក្នុងគណៈរដ្ឋមន្ត្រីរួចហើយ ប៉ុន្តែលោកត្រូវធានាថា អ្នកបន្តដឹកនាំនោះត្រៀមខ្លួនរួចរាល់។
«ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»។ នេះជាសម្តីរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ពេលអ្នកសារព័ត៌មានសាកសួរលោកពីការចុះចេញពីតំណែងជាមេដឹកនាំរដ្ឋសិង្ហបុរីមុនឈានដល់វ័យ ៧០នោះ ក្នុងបទសម្ភាសន៍មួយសារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែតុលាមុនលោកបំពេញទស្សនកិច្ចនៅអាមេរិក។
លោក លី បានបន្តដូច្នេះថា៖ អ្វីដែលខ្ញុំត្រូវធានាមុនចាកចេញនោះគឺ អ្នកដែលបន្តវេនដឹកនាំបន្ទាប់ខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីកាន់កាប់ការងារនេះ»។
-អ្នកបន្តវេនពី លោក លី សៀនឡុង មានវត្តមានក្នុងគណៈរដ្ឋមន្ត្រីរួចហើយ
ជាច្រើនដងមកហើយ លោក លី សៀនឡុង បានបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំផ្លូវសម្រាប់ដាក់បេក្ខជនថ្មីសម្រាប់បន្តដឹកនាំប្រទេសទៅមុខក្នុងគណបក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចនោះ។ ការគិតគូររឿងរើសអ្នកបន្តវេននេះកាន់តែកើនឡើង នៅពេលដែលលោក លី ដួលនៅពេលដែលលោកកំពុងថ្លែងសុន្ទរកថាក្នុងពិធីបុណ្យជាតិកាលពីឆ្នាំមុននោះ។
រូបភាព៖ AFP
លោក លី ខ្លួនឯងធ្លាប់ព្រលយថា ការរៀបចំឲ្យមានថ្នាក់ដឹកនាំថ្មីនេះនឹងត្រូវធ្វើឡើងយ៉ាងយូរត្រឹមបន្ទាប់ពីការបោះឆ្នោតលើកក្រោយ(២០២១) ពោលគឺមុនពេលដែលលោកឈានដល់វ័យ ៧០ឆ្នាំ។
ក្នុងបទសម្ភាសន៍ដដែល អ្នកសារព័ត៌មានបានសាកសួរលោក លី សៀនឡុង ពីការជ្រើសរើសអ្នកបន្តវេនដែរ។ លោកបានឆ្លើយតបវិញថា មនុស្សដែលមានសមត្ថភាពអាចបន្តវេននោះមានវត្តមានក្នុងគណៈរដ្ឋមន្ត្រីរួចទៅហើយ ប៉ុន្តែបក្សមិនទាន់សម្រេចចិត្តនៅឡើយទេ។
«ដូចខ្ញុំបាននិយាយខាងដើម វាមានមនុស្សនៅក្នុងគណៈរដ្ឋមន្ត្រីរួចហើយ។ សំណួរនៅពេលនេះគឺថា តើគេនោះជាអ្នកណា ហើយវាចាំបាច់ត្រូវមានការសម្រេចចិត្តទៀត»។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីសិង្ហបុរីវ័យ ៦៥ឆ្នាំរូបនេះ។
-រៀបចំក្រុមខ្លាំង ការផ្ទេរអំណាចនឹងកើតឡើងដោយរលូន
ទាក់ទិននឹងការជ្រើសរើសនិងរៀបចំអ្នកបន្តវេន លោក លី ពន្យល់បន្ថែមផងដែរថា ការផ្ទេរអំណាចនិងការដឹកនាំនេះអាចធ្វើទៅបានដោយរលូន ដរាបណាវាមានការបង្កើតក្រុមដែលខ្លាំង និងអាចសហការគ្នាបានជិតស្និទ្ធ រួមទាំងអាចទទួលខុសត្រូវលើគោលនយោបាយសំខាន់ៗ និងដឹកនាំក្រសួងស្ថាប័នធំៗបាន។
លោក លី សៀនឡុងបានលើកឡើងដូច្នេះ៖«វាអាចសម្រេចបានដោយកសាងក្រុមមួយ។ នៅពេលខ្ញុំចាកចេញ អ្នកដទៃក្នុងក្រុមនឹងអាចធ្វើការរួមគ្នា និងដឹកនាំប្រទេសទៅមុខទៀត។ ពួកគេធ្វើការងារនេះដោយប្រឹងប្រែង មានទំនួលខុសត្រូវចំពោះរាល់គោលនយោបាយធំៗរបស់ជាតិ និងដឹកនាំគ្រប់គ្រងក្រសួងធំៗដែលស្មុគស្មាញផងនោះ»៕
Tag:
លី សៀនឡុង
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com