អន្តរជាតិ
ឌូ​ទើ​តេ ថា ទោះ​ហ្វីលីពីន​ក្រ​ក៏ដោយ ហ្វីលីពីន​ឈប់​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​ទៀតហើយ​
20, Oct 2017 , 1:52 pm        
រូបភាព
​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់នៅសប្តាហ៍នេះថា ខ្លួន​លែង​ទទួលយក​ជំនួយ​របស់​សហភាព​អឺរ៉ុប​ហើយ​ចាប់ពីពេលនេះ​ទៅ​។  ការប្រកាស​លែង​ទទួល​ជំនួយ​អឺរ៉ុប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចោទថា ស្ថាប័ន​អឺរ៉ុប​នេះ​ប្រមាថ​អធិបតេយ្យ​ហ្វីលីពីន​។​



​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Alan Peter Cayetano បាន​ទទួលស្គាល់នៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែតុលាថា ហ្វីលីពីន​បានសម្រេច​ចិត្ត​ឈប់​ទទួលយក​ជំនួយ​របស់​សហភាព​អឺរ៉ុប​ទៀតហើយ​ចាប់ពីពេលនេះ​ទៅ​។ ការសម្រេច​នេះ​ធ្វើឡើង​តាម​ការចង្អុលបង្ហាញរ​បស់​ប្រធានាធិបតី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។

​យោងតាម​សារព័ត៌មាន CNN Philippines លោក Cayetano បាន​បកស្រាយ​ថា ភាគី​ទាំងពីរ​ហ្វីលីពីន និង​សហភាព​អឺរ៉ុប​បាន​ព្យាយាម​ដោះស្រាយ​រួមគ្នា​ដែរ​កន្លងមក ហើយ​សហភាព​អឺរ៉ុប​ពិចារណា​ផ្លាស់ប្តូរ​ពាក្យ​ក្នុង​កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឲ្យ​វា​មាន​លក្ខខណ្ឌ​តិច​ជាមុន​។ ប៉ុន្តែ​មិនមាន​ការឯកភាព​គ្នា​ឡើយ​។​

​យ៉ាងណាមិញ បើតាម​ការបកស្រាយរ​បស់​ប្រមុខ​ការទូត​ហ្វីលីពីន​រូបនេះ កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​នេះ​ផ្តល់​សិទ្ធិ​ឲ្យ​តែ​ភាគី​ម្ខាង​ប៉ុណ្ណោះ ព្រោះ​សហភាព​អឺរ៉ុប​អាច​លុបចោល​ជំនួយ​ឯកតោភាគី​បើសិនជា​រកឃើញថា វា​មានការ​បំពាន​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​នោះ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​លោក Cayetano បាន​ព្រលយ​ថា បើសិនជា​គ្មាន​ការកំណត់​លក្ខខណ្ឌ ហ្វី​លី​ពី​នឹង​ទទួលយក​ជំនួយ​សហភាព​អឺរ៉ុប​ឡើងវិញ​។​

​បើតាម​របាយការណ៍​ស​ហ​ភាព​អឺរ៉ុប ហ្វី​លី​ពី​នឹង​ទទួលបាន​ជំនួយ ៣២៥ លាន​អឺ​រ៉ុ​ពី​សហភាព​អឺរ៉ុប​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០២០​ខាងមុខ​។ ជំនួយ​ភាគច្រើន​ត្រូវយក​មកប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល និង​បង្កើត​ការងារ កែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​វិស័យ​យុត្តិធម៌​ជាដើម​។​

​តាមពិតទៅ ការ​ឈានដល់​ប្រកាស​ឈប់​យក​ជំនួយ​ពី​សហភាព​អឺរ៉ុប​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី ឌូ​ទើ​តេ ចេញមុខ​ជេរ​ប្រទេស​ផ្តាសា និង​ទិតៀន​សហភាព​អឺរ៉ុប​ដែល​មិន​គោរព​អធិបតេយ្យ​ហ្វីលីពីន​ដោយ​ថ្កោលទោស​សង្គ្រាម​គ្រឿងញៀន​។

​លោក ឌូ​ទើ​តេ បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​នឹងមិន​ទទួលយក​វា​ឡើយ​។ វា​មិន​អី​ទេ ទោះ​យើង​វា​ក្រ​ក្តី​។  ខ្ញុំ​ប្រាប់​ប្រជាជន​ខ្ញុំ​ហើយ​ថា យើង​មិនអាច​នៅ​ក្រ​រហូត​ទេ ប៉ុន្តែ​ប្រសិន​គេ​នៅ​បន្ត​ប្រាប់​យើង​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទៀត យើង​ក៏​មិនអាច​នៅ​បន្ត​ពឹង​ផ្អែកលើ​ជំនួយ​រហូត​ដែរ​។ ខ្ញុំ​ជេរ​ពួកគេ​ដោយសារ​គេ​មិន​ចេញ​គោរព​អធិបតេយ្យ​របស់​រដ្ឋ​»​។ 

​កន្លងមក​លោក ឌូ​ទើ​តេ ក៏បាន​ទាមទារ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ចាក​ចេញពី​ហ្វីលីពីន​ផងដែរ​បន្ទាប់ពី​មានការ​ថ្កោលទោស​សង្គ្រាម​របស់លោក​។ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក​Cayetano បាន​ចេញមុខ​បន្ធូរបន្ថយ​ភាព​តានតឹង ដោយ​អះអាងថា សម្តី​របស់លោក ឌូ​ទើ​តេ គឺ​សម្តៅលើ​បុគ្គល​ប៉ុណ្ណោះ មិនមែន​សម្តៅលើ​សហភាព​អឺរ៉ុប​ឡើយ ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទំនាក់ទំនង​ការទូត​នឹង​នៅ​បន្តទៅ​មុខជា​និច្ច​។



Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន​
  Alan Peter Cayetano
© រក្សាសិទ្ធិដោយ thmeythmey.com