អន្តរជាតិ
ពលករ​កូរ៉េខាងជើង​នៅក្រៅ​ប្រទេស​ប្រឈមមុខ​នឹង​ការគាបសង្កត់​ដោយសារ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ខ្លួន
20, Oct 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កាលពី​ចុងខែ​កញ្ញា ក្រសួងការបរទេស​ប៉ូឡូញ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​កូរ៉េ​ថា ប្រទេស​ប៉ូឡូញ​មិនមាន​បំណង​ចេញ​សៀវភៅ​ការងារ​ថ្មី​ឲ្យ​ពលករ​កូរ៉េខាងជើង​នោះទេ ដើម្បី​គោរព​ទៅតាម​សេចក្តីសម្រេច​ពីរ​ចុងក្រោយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។ វិធានការ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​របប Kim Jong Un និង​ការធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន​។​



​ការបោះ​ជំហាន​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​ពលករ​កូរ៉េខាងជើង​នៅក្រៅ​ប្រទេស​ប្រឈម​នឹង​ឧបសគ្គ​។​

​ក្រសួងការបរទេស​ប៉ូឡូញ​បាន​សរសេរ​នៅក្នុង​អ៊ី​ម៉ែ​ល​មកកាន់ VOA ថា​៖ «​ក្រសួង​គ្រួសារ ការងារ និង​គោលនយោបាយ​សង្គម​បាន​ផ្ញើ​សារ​ទំនាក់ទំនង​ទៅកាន់​ការិយាល័យ​តាម​ខេត្ត ដោយបាន​ស្នើ​ឲ្យ​ពួកគេ​បដិសេធ​ការសម្រេចចិត្ត​ទាំងអស់​ទាក់ទង​នឹង​ពាក្យស្នើសុំ​សៀវភៅ​ការងារ​ពាក់ព័ន្ធ​ជាមួយនឹង​ពលរដ្ឋ​កូរ៉េខាងជើង រហូត​ទាល់តែ​ដំណើរការ​នៃ​ការផ្លាស់ប្តូរ និង​ការវិវត្ត​នៃ​ជំហរ​ទូទៅ​របស់​សមាជិក​រដ្ឋ​ក្នុង​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​កម្រិត និង​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​នេះ​ត្រូវ​បានបញ្ចប់​»​។​

​បើ​គិតពី​ទិដ្ឋាការ​ការងារ​ទាំងអស់​ដែល​ចេញទៅ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើង​នៅក្នុង​ឆ្នាំ​២០១៦ និង​២០១៧ ចំនួន​នៃ​ពលករ​កូរ៉េខាងជើង​ដែលមាន​ការងារ​នៅក្នុង​ប្រទេស​ប៉ូឡូញ​មាន​ចំនួន​ប្រមាណ​ជា​៤០០​នាក់​គិត​នៅត្រឹម​ខែមករា​នៅ​ឆ្នាំនេះ​។ នេះ​ជាការ​ធ្លាក់ចុះ​ពី​៥៥០​នាក់ ដែលជា​ចំនួន​នៅក្នុង​ខែកក្កដា ឆ្នាំមុន នេះ​បើ​យោងតាម​ការប៉ាន់ស្មានរ​បស់​រដ្ឋាភិបាល​ប៉ូឡូញ​។ នៅក្នុង​ឆ្នាំ​២០១៤ ស្ថាន​កុងស៊ុល​របស់​ប៉ូឡូញ​នៅក្នុង​ក្រុង​ព្យុងយ៉ាង​បានផ្តល់​ទិដ្ឋាការ​ការងារ​ចំនួន​១៤៧ និង​ក្នុង​ឆ្នាំ​២០១៥ ចំនួន​១២៩​។​

​ក្រសួងការបរទេស​ប៉ូឡូញ​និយាយថា ប្រទេស​ប៉ូឡូញ​ដែលជា​ប្រទេសមួយ​ក្នុង​សហភាព​អឺរ៉ុប​ដែល​បាន​ជួល​ពលករ​កូរ៉េខាងជើង មិនមាន​វិធានការ​ជា​ប្រព័ន្ធ​ណាមួយ​កំពុង​ត្រូវបាន​អនុវត្ត ដើម្បី​រារាំង​ពលរដ្ឋ​នៃ​ប្រទេស​ផ្សេង រួមទាំង​កូរ៉េខាងជើង​ផងដែរ មិន​ឲ្យ​ធ្វើការ​នៅក្នុង​ប្រទេស​នេះ ដោយ​ការហាមឃាត់​មិន​ឲ្យ​ធ្វើការ​នោះទេ​។ នេះ​បង្ហាញ​ពី «​ការឆ្លុះបញ្ចាំង​មិន​ស្មើភាព​គ្នា​នៃ​ការរើសអើង​ដោយ​ផ្អែកលើ​ជាតិ​សាសន៍​»​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា​៖ «​នៅក្នុង​បរិបទ​នេះ យើង​ស្វាគមន៍​សេចក្តីសម្រេច​លេខ​២៣៧១ ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧ និង​លេខ​២៣៧៥​ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​។​សេចក្តីសម្រេច​ទី​១​និយាយ​ពី​ការផ្តល់​ការងារ​ដល់​ពលរដ្ឋ​កូរ៉េខាងជើង​នៅក្រៅ​ប្រទេស​»​។​

​កូរ៉េខាងជើង​ត្រូវបាន​គេ​ចោទប្រកាន់​ជា​យូរ​មក​ហើយពី​ការប្រើប្រាស់​ថវិកា​របស់​ពលករ​នៅក្រៅ​ប្រទេស​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ដល់​កម្មវិធី​ផលិត​អាវុធ​។ ចាប់តាំងពី​ពេលនោះ​មក សេចក្តីសម្រេច​ចំនួន​២​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ​នេះ​ជា​លើក​១​ដែល​រួមបញ្ចូល​វិធានការ​រឹតត្បិត​លើ​ពលករ​កូរ៉េខាងជើង​នៅក្រៅ​ប្រទេស​។​

​វិធានការ​ស្រដៀង​គ្នា​ត្រូវបាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​គុយវែត​ដែល​បាន​ឈប់​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់​ពលរដ្ឋ​កូរ៉េខាងជើង និង​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ផ្ទេរ​លិខិត​ស្នាក់នៅ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ទៅ នេះ​បើ​យោងតាម​របាយការណ៍​អនុវត្ត​របស់​ប្រទេស​គុយវែត​នូវ​សេចក្តីសម្រេច​លេខ​២៣៧១​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ របាយការណ៍​នេះ​ត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សា​នេះ​កាលពី​ចុងខែ​សីហា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com