អន្តរជាតិ
CIA ៖ «ព្យុងយ៉ាងជិតផលិតអាវុធនុយក្លេអ៊ែរដែលអាចវាយប្រហារអាមេរិកបានហើយ» រូបភាព៖ Washington Examiner
× ស្ថាប័នទីភ្នាក់ងារចារកម្មមជ្ឈិម (CIA) ព្រមានថា កូរ៉េខាងជើងកាន់តែជិតមានលទ្ធភាពផលិតមីស៊ីលចម្ងាយឆ្ងាយដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនិងបាញ់ដល់ដីអាមេរិកហើយ។ស្ថាប័ននេះយល់ឃើញថា អាមេរិកគួរយកចិត្តទុកដាក់រកវិធានការដើម្បីទប់ស្កាត់ ហើយការប្រើប្រាស់កម្លាំងទ័ពនៅតែជាជម្រើសចាំបាច់មួយដែរ។
ប្រធានស្ថាប័នទីភ្នាក់ងារចារកម្មមជ្ឈិម (CIA) លោក Mike Pompeo បានបង្ហាញក្តីបារម្ភចំពោះការរីកចម្រើននៃសមត្ថភាពក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងដែលអាចបង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក។ លោកថែមទាំងជំរុញឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឹងប្រែងទប់ស្កាត់បញ្ហានេះផង ហើយការប្រើកម្លាំងនៅជាជម្រើសមួយរបស់អាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ថ្លែងនៅវេទិកាគោលនយោបាយវ៉ាស៊ីនតោន (Washington Policy Forum)នៅថ្ងៃព្រហស្បតិ៍ លោក Pompeo បានអះអាងថា លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកវិធីសាស្ត្រទប់ស្កាប់កូរ៉េខាងជើងកុំឲ្យផលិតនុយក្លេអ៊ែរបាន។ ប៉ុន្តែរដ្ឋបាលអាមេរិកនៅតែរក្សាជំហរប្រើប្រាស់ទណ្ឌកម្ម និងវិធានការទូតដដែលដើម្បីឈានទៅរំសាយអាវុធ។
ប៉ុន្តែទាំងប្រធានស្ថាប័ន CIA និង ទីប្រឹក្សាសន្តិសុខជាតិ HR McMaster បានផ្តល់យោបល់ថា ការប្រើប្រាស់កម្លាំងទ័ពនៅតែជាជម្រើសមួយរបស់អាមេរិកក្នុងការទប់ស្កាត់ក្រុងព្យុងយ៉ាងមិនឲ្យផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយបាននោះ។
លោក Pompeo បានបញ្ជាក់ដូច្នេះ៖ « ប្រធានាធិបតី ត្រាំ បានបញ្ជាក់ច្បាស់ហើយ។ លោកត្រៀមខ្លួនធ្វើយ៉ាងណាធានាឲ្យបានថា គីម ជុងអ៊ុនមិនមានសមត្ថភាពបង្កគ្រោះថ្នាក់ដល់អាមេរិក។ អាមេរិកអាចប្រើប្រាស់កម្លាំងទ័ពបើសិនជាចាំបាច់នោះ»។
ចំណែកលោក McMaster វិញបានប្រកាសថា កូរ៉េខាងជើងមិនអាចអភិវឌ្ឍអាវុធណាដែលធ្វើឲ្យប៉ះពាល់ដល់អាមេរិកឡើយ។ លោកយល់ថា មកដល់ពេលនេះវាមិនទាន់យឺតពេលឡើយដើម្បីទប់ស្កាត់ ប៉ុន្តែពេលវេលាកាន់តែខើចហើយ។
កាលពីដើមសប្តាហ៍នេះ តំណាងកូរ៉េខាងជើងបានគំរាមប្រទេសនានាដែលចង់ចូលដៃចូលជើងជាមួយអាមេរិកដើម្បីប្រើប្រាស់កម្លាំងប្រឆាំងខ្លួន នៅគណៈកម្មាធិការរំសាយអាវុធនៃមហាសន្និបាតអង្គការសហប្រជាជាតិផង។ មិនត្រឹមតែប៉ុណ្ណោះទេ បេសកជនក្រុងព្យុងយ៉ាងក៏បានប្រកាសថាខ្លួនមិនយកបញ្ហានុយក្លេអ៊ែរ និងមីស៊ីលដាក់លើតុចរចាជាដាច់ខាតដរាបណាអាមេរិកមិនបោះបង់កាយវិការក្រអឺតក្រទម និងបង្កអរិភាពនោះ។
សូមបញ្ជាក់ថា កន្លងមករបបដឹកនាំក្រុងព្យុងយ៉ាងមិនដែលលាក់បាំងឡើយពីការប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពអភិវឌ្ឍកាំជ្រួចមីស៊ីលបាលីស្ទិក ដែលអាចបាញ់ដល់ទឹកដីងាមេរិក និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកទៀតផង៕
Tag:
CIA
ព្យុងយ៉ាង
Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com