អន្តរជាតិ
ប្រមុខអាស៊ានបំពេញទស្សនកិច្ចនៅបារាំងដើម្បីផ្សព្វផ្សាយពី«អាស៊ាន៥០ឆ្នាំ» រូបភាព៖ NDH
× ប្រមុខអាស៊ាន លោក លី ឡុងមិញ (Le Luong Minh )បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារាំងដើម្បីជួបពិភាក្សាជាមួយនឹងដៃគូកិច្ចសហប្រតិបត្តិការ និងជាពិសេសនោះដើម្បីផ្សព្វផ្សាយពីស្ថាប័នអាស៊ានក្នុងរយៈកាល៥០ឆ្នាំ ។
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន លោក លី ឡុងមិញ នៅថ្ងៃ១៦ តុលា បានបំពេញទស្សនកិច្ចទៅកាន់បារាំង ដោយរៀបចំដោយគណៈកម្មាធិការអាស៊ានប្រចាំប្រទេសបារាំង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ការទូតបារាំងផងដែរ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការអាស៊ាន បានលើកឡើងពីព្រឹត្តិការណ៍ពិសេសរបស់អាស៊ាន ដែលបានឈានដល់អាយុកាល ៥០ឆ្នាំ ។ លោក ក៏បានជួបពិភាក្សាជាមួយនឹងសហគមន៍ធុរកិច្ច តាមរយៈវេទិកាធុរៈកិច្ចអាស៊ាន ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធដំណើរសមារណកម្មសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់ប្រទេសអាស៊ាន និងសហភាពអឺរ៉ុប ។
បើយោងតាមគេហទំព័រផ្លូវការរបស់អាស៊ាន ប្រមុខអាស៊ាន ក៏បានឆ្លៀតឱកាសអះអាងជាថ្មីជាមួយនឹងបារាំងលើទំនាក់ទំនងរឹងមាំរវាងអាស៊ាន និងសហភាពអឺរ៉ុប ។ ភាគីទាំងពីរ បានផ្តល់តម្លៃខ្ពស់លើសមិទ្ធផលដែលបង្កើតមក ខណៈពេលដែលទំនាក់ទំនងស្ថាប័នទាំងពីរ ក៏បានឈានមកដល់អាយុកាល៤០ឆ្នាំនោះ ។
សូមជម្រាបផងដែរថា មកដល់ឆ្នាំ២០១៧នេះ អាស៊ាន បានមានអាយុកាល ៥០ឆ្នាំហើយ ។ សហភាពអឺរ៉ុបជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន ដ្បិតទម្រង់នៃការដឹកនាំ និងដំណើរការផ្សេងៗរបស់អាស៊ាន បានយកគំរូតាមសហភាពអឺរ៉ុបដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com