កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ AFC សម្រេច​ឲ្យ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី លេង​នៅ​ទឹកដី​កណ្តាល​
20, Oct 2017 , 6:04 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានសម្រេច​ថា​ការប្រកួត​ជម្រុះ​ជុំ​ផ្តាច់ព្រ័ត្រ AFC Asian Cup រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ត្រូវធ្វើឡើង​នៅ​ទឹកដី​កណ្តាល ក្នុង​ខែវិច្ឆិកា​ខាង​មិ​ខ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ផ្លូវការ AFC​។​


​បន្ទាប់ពី​បាន​ពន្យា​ពេល​ការប្រកួត​អស់​រយៈពេល​៣​ដង​មកហើយ​នោះ ឥឡូវនេះ AFC បានកំណត់​ការប្រកួត​ឲ្យ​កូរ៉េខាងជើង និង ម៉ាឡេស៊ី​ត្រូវ​ប្រកួត​នៅ​ទឹកដី​កណ្តាល​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ពូ​ល​B ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ជើង​ទី​១​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា និង​ជើង​ទី​២​នៅ​៣​ថ្ងៃ​បន្ទាប់​។​
 
​តាមពិតទៅ​ក្រុម​ទាំងពីរ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​នេះ​តាំងពី​ថ្ងៃ​ទ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ព្យូ​ង​យ៉ាង​មក​ម្លេះ​មុន​ពន្យា​ពេល​ប្រកួត​៣​ដង​រួចមក​នោះ​។ ការ​ព្យា​ពេលកន្លងមក ដោយសារ​សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) ព្រួយបារម្ភ​អំពី​សុ​ន្តិ​សុខ​របស់​កីឡាករ​ខ្លួន និង​ស្នើ​ឲ្យ​មានការ​ប្រកួត​នៅក្នុង​ទឹកដី​កណ្តាល​ល្អជា​ជាង​ធ្វើ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។​
 
​ការព្រួយបារម្ភ​របស់ FAM កើតឡើង​ក្រោយ​មាន​ភាព​តានតឹង​ខាង​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​កំពុងតែ​ឡើង​កំដៅ​ខ្លាំង​។ មួយវិញទៀត ដោយសារ​កន្លងមក​ម៉ាឡេស៊ី​ធ្លាប់មាន​បញ្ហា​ការទូត​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​។​
 
​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ គឺ​ដើម្បី​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ក្នុង​វគ្គ​ជម្រុះ​នេះ​ចែកចេញជា​៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដោយ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ស្ថិ​ន​នៅ​ពូ​ល​B រូ​ម​ជាមួយ លី​បង់ និង​ហុងកុង​៕
 

Tag:
 បាល់ទាត់​ AFC Asian Cup
  AFC
  កូរ៉េខាងជើង​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com