បទយកការណ៍ / បទសម្ភាសន៍
CAM-ASEAN រៀបចំ​កម្មវិធី​«ASEAN Knowledge Line Contest» ដើម្បី​វាស់​ចំណេះ​យុវជន ពី​អាស៊ាន
21, Oct 2017 , 9:19 am        
រូបភាព
ដោយ:
 វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន​(Cam Asean) នឹង​រៀបចំ​ការប្រកួតប្រជែង​មួយ​ឈ្មោះថា « ASEAN Knowledge Line Contest » ២០១៧ ។ និស្សិត​ដែលមាន​អាយុ​ចន្លោះ​ពី​១៧ ដល់​២៥​ឆ្នាំ និង​ជា​ជនជាតិខ្មែរ អាចដាក់​ពាក្យ​ចូលរួម​ប្រកួត ចាប់ពី​ថ្ងៃទី​១៣ ខែតុលា រហូតដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន thmeythmey.com លោក យ៉ាន ឧ​ត្ត​ម  ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន CAM-ASEAN កម្ម​វី​ធី​នេះ​រៀបចំឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​យុវជន​ពី​បច្ចុប្បន្នភាព​នៃ​អាស៊ាន និង​ការវិវឌ្ឍ​នៃ​សហគមន៍​អាស៊ាន​។ កម្មវិធី​នេះ ក៏​ជំរុញ​ឲ្យ​បេក្ខជន​ស្រាវជ្រាវ សរសេរ និង​ជជែក​វែកញែក​បន្ថែមទៀត អំពី​សហគមន៍​អាស៊ាន​ដែរ​។ បើតាម លោក យ៉ាន់ ឧ​ត្ត​ម បេក្ខជន​ជ័យលាភី នឹង​ទទួលបាន​ពានរង្វាន់ មេដាយ ទស្សនកិច្ច​សិក្សា​រយៈពេល​ខ្លី នៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ប្រាក់​លើកទឹកចិត្ត អាហារូបករណ៍​សិក្សា នៅ CAM-ASEAN រយៈពេល​មួយឆ្នាំ និង​រង្វាន់​ជាច្រើន​ទៀត​។​



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង​លោក យ៉ាន់ ឧ​ត្ត​ម ដូចតទៅ​៖


លោក ទីន សុខ​លីម​៖ ខ្ញុំ​ចង់​ឲ្យ​លោក​រៀបរាប់​ខ្លះៗ ពី​កត្តា​ដែល​ជំរុញ​ឲ្យ​បង្កើត​គម្រោង​« ASEAN KNOWLEDGE LINE Contest » នេះ​ឡើង​?
​លោក យ៉ាន់ ឧ​ត្ត​ម​៖ ខ្ញុំ​ចង់​បញ្ជាក់ថា មជ្ឍមណ្ឌល​សិក្សា​ពី​អាស៊ាន​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) បានរៀបចំ​កម្មវិធី​ជាច្រើន​។ នេះ​ជា​លើក​ទី​៣ ដែល​សាលា CAM-ASEAN បានរៀបចំ​កម្មវិធី​«ASEAN KNOWLEDGE LINE Contest»​នេះ ពោលគឺ​តាំងពី​ឆ្នាំ​២០១៥​មក​។ កម្ម​វី​ធី​នេះ​រៀបចំ​គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​យុវជន​នាពេល​បច្ចុប្បន្ន ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ដើរ​ទាន់​សម័យកាល និង​ការវិវឌ្ឍ​សហគមន៍​អាស៊ាន​។ កម្មវិធី​នេះ​ជំរុញ​ឲ្យ​ប្អូនៗ​ជា​យុវជន​ស្រាវជ្រាវ សរសេរ និង​ជជែក​វែកញែក​បន្ថែមទៀត អំពី​សហគមន៍​អាស៊ាន​។

​លោក ទីន សុខ​លីម​៖ តើ​បេក្ខជន​ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ សម្រាប់​ដាក់ពាក្យ​ប្រកួត​កម្មវិធី​នេះ​? 
​លោក យ៉ាន់ ឧ​ត្ត​ម​៖ សម្រាប់​បេក្ខជន ដែលមាន​ចំណាប់អារម្មណ៍​ប្រកួត​នេះ​។ ទី​១ បេក្ខជន ត្រូវមាន​អាយុ​ចន្លោះ ១៧​ឆ្នាំ ដល់​២៥​ឆ្នាំ ជា​និស្សិត​កម្រិត​បរិញ្ញាបត្រ និង​ត្រូវតែ​ជា​ជនជាតិខ្មែរ​។ ប្អូនៗ​អាចបំពេញ​ពាក្យ​ចូលរួម​ប្រកួត អាចបំពេញ​តាម​អន​ឡាញ​នៅ​គេហទំព័ CAM-ASEAN ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬក៏​អាចមក​បំពេញ​ពាក្យ​នៅ CAM-ASEAN ផ្ទាល់​តែម្តង​។

​លោក ទីន សុខ​លីម​៖
  តើ​គម្រោង​នេះ មានកម្ម​វិធី​សំខាន់​អ្វីខ្លះ ?
​លោក យ៉ាន់ ឧ​ត្ត​ម​៖ ការប្រកួតប្រជែង​នេះ មាន​បួន​ដំណាក់កាល​។ ទី​១ ត្រូវបំពេញ​ពាក្យ​ចូលរួម​ប្រកួត​។ ទី​២ ត្រូវ​ចូលរួម​សិក្ខាសាលា​ធំ​ស្តីពី​«​សហគមន៍​អាស៊ាន​» ដែល​យើង​បាន​អញ្ជើញ​វាគ្មិន​ពី​ក្រសួងការបរទេស ក្រសួង​អប់រំ និង​ក្រសួងពាណិជ្ជកម្ម វាគ្មិន​ពី​តំណាង​ស្ថានទូត និង​សាកលវិទ្យាល័យ ដើម្បី​ចែករំលែក​ចំណេះដឹង​ពី​អាស៊ាន​។ ជាមួយគ្នានេះដែរ យើង​ក៏មាន​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ប្អូនៗ ពី​ការស្រាវជ្រាវ និង​ការសរសេរ​ផងដែរ​។ ទី​៣ ប្អូនៗ​ត្រូវ​ដាក់ពាក្យ​បន្ទាប់ពី​បាន​ស្រាវជ្រាវ និង​សរសេរ​។ នៅក្នុង​ដំណាក់​នេះដែរ យើង​នឹង​ជម្រុះ​បេក្ខជន​ទុក​ត្រឹមតែ​៤០​នាក់ ដើម្បី​ធ្វើ​បទ​បង្ហាញ ដល់​គណៈកម្មការ​ដែល យើង​ជ្រើស​រើសយក​ត្រឹមតែ​១០​នាក់​ទេ ដើម្បី​បន្តទៅ​ដល់​ដំណាក់កាល​ទី​៤ ។ ទី​៤​ជា​ដំណាក់កាល​ធ្វើ​បទ​បង្ហាញ​ខ្លី​ផង និង​ជជែក​វែកញែក​ដេញដោល​ផង​។ 

​លោក ទីន សុខ​លីម​៖ សម្រាប់​បេក្ខជន ដែល​បាន​ចូលរួម​ការប្រកួត​នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍    អ្វីខ្លះ​?
លោក យ៉ាន់ ឧ​ត្ត​ម​៖ សម្រាប់​ប្អូន​ដែល​ជាប់​ជ័យលាភី​កម្មវិធី​នេះ នឹង​ទទួលបាន​ពាន់រង្វាន់​មួយ មេដាយ​មួយ ទស្សនកិច្ច​សិក្សា​រយៈពេល​ខ្លី​ទៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី  ប្រាក់​លើកទឹកចិត្ត  អាហារូបករណ៍   រយៈ​មួយឆ្នាំ នៅ​CAM-ASEAN និង​រង្វាន់​ជាច្រើន​ទៀត​។ សម្រាប់​ប្អូនៗ​លេខ ២ និង​៣ ក៏​ទទួលបាន​ប្រហាក់ប្រហែល និង​មាន​រង្វាន់​រហូត​ដ​ល់លេ​ខ​១០ ។ ក្រៅតែពី​រង្វាន់​ដែល​យើង​ផ្តល់ជូន​នេះ ខ្ញុំ​ជឿថា​ប្អូនៗ អ្នកចូលរួម​នោះ នឹង​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត ពី​សហគមន៍​អាស៊ាន ការស្រាវជ្រាវ ការសរសេរ និង​ការធ្វើ​បទ​បង្ហាញ ជាពិសេស​នោះ ការជជែក​ពិភាក្សាគ្នា​។

លោក ទីន សុខ​លីម​៖  តើ​លោក​មានការ​រំពឹងទុក​បែបណា ចំពោះ​កម្មវិធី​នេះ​?
​លោក យ៉ាន់ ឧ​ត្ត​ម​៖ ក្នុងនាម​ជា​អ្នករៀបចំ​កម្មវិធី ខ្ញុំ​សង្ឃឹមថា​ប្អូនៗ និង​យុវជន​ច្រើន នឹងចូលរួម​កម្មវិធី​នេះ​។ ខ្ញុំ​បញ្ជាក់​ម្តង​ទៀតថា កម្មវិធី​យើង​ធ្វើឡើង​នេះ ដើម្បី​ជំរុញ​ឲ្យ ប្អូនៗ យុវជន​មានការ​ស្រាវជ្រាវ​បន្ថែមទៀត​ពី​អាស៊ាន និង​ចូលរួម​ប្រកួតប្រជែង​សាកល្បង​សមត្ថភាព​ខ្លួនឯង​។ បេក្ខជន​ដែល​ចាប់អារម្មណ៍​អាចដាក់​ពាក្យ​តាមរយៈ https://goo.gl/tGFs9W ។ សម្រាប់​ព័ត៌មាន​បន្ថែម : http://cam-asean.com/akl/ ៕   


© រក្សាសិទ្ធិដោយ thmeythmey.com