អន្តរជាតិ
ល្បែង​គប់​ពូថៅ កំពុង​ពេញនិយម​នៅ​កន្លែង​ផឹកស៊ី​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​
21, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
គប់​ពូថៅ​ទៅលើ​ផ្ទាំង​ស៊ី​ប​ឈើ ដើម្បី​ភ្នាល់​គ្នា​ផឹកស្រា​បៀរ កំពុង​ក្លាយ​ជាការ​ភ្នាល់​ដ៏​ពេញនិយម​នៅ​ហាង​ផឹកស៊ី​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Huffington Post ដោយបាន​កត់សម្គាល់​ផងដែរ​ថា ល្បែង​បោះ​កង ឬ​បោះ​ប៊ូ​លីង ជាដើម ហាក់ដូចជា​កំពុង​បាត់បង់​ប្រជាប្រិយភាព​។​



នៅ​ហាង Stumpy’s Hatchet House ក្នុង​រដ្ឋ New Jersey យុវជន​ជាច្រើន​សប្បាយរីករាយ​ជាមួយនឹង​ល្បែង​គប់​ពូថៅ​ទៅលើ​ផ្ទាំង​ស៊ី​ប​អំពី​ឈើ ដែលជា​ល្បែងភ្នាល់​ដ៏​ពេញនិយម​។ មិន​ខុសពី​ល្បែង​បោះ​កង ឬ​ប៊ូ​លីង​នោះឡើយ អ្នក​ដែល​បោះ​មិន​ចំ​គោលដៅ ត្រូវ​ពិន័យ​ឲ្យ​ផឹកស្រា​បៀរ និង​ធ្វើ​អ្វី​ផ្សេងៗ ។​

«​នេះ​ជា​ប្រភេទ​ល្បែង​បោះ​ប៊ូ​លីង​ថ្មី​»​។ អ្នកស្រី Kelly Josberger អាយុ​៥១​ឆ្នាំ ដែលជា​អតីត​នាយិកា​សាលាបឋមសិក្សា​មួយ បាន​ផ្តួចផ្តើម​គំនិត​បង្កើតឡើង​គប់​ពូថៅ​នេះ ជាមួយ​ដៃគូ​បីនាក់​ផ្សេងទៀត ដែល​មិនទាន់មាន​ការងារ​ធ្វើ​ច្បាស់លាស់​។​



​ល្បែង​គប់​ពូថៅ បានចាប់ផ្តើម​លេង​អស់​ពេល​ជាង​១៨​ខែ​មកហើយ នៅ​រដ្ឋ New Jersey ហើយ​បច្ចុប្បន្ន​បាន​រាលដាល​ដល់​វ៉ាស៊ីនតោន​, Chicago, Nashville, Denver និង​រដ្ឋ​ផ្សេងទៀត រួមទាំង​ប្រទេស​កាណាដា ផងដែរ​។ ហាង Stumpy’s Hatchet House ក្នុង​រដ្ឋ New Jersey មាន​១៥​សាខា​ផ្សេងទៀត ដែល​បម្រើ​សេវាកម្ម «​ល្បែង​គប់​ពូថៅ​» នេះ សម្រាប់​ភ្ញៀវ​លេង​កម្សាន្ត​។​

​ពូថៅ គ្រឿង​ស្រវឹង នៅ​ជាមួយគ្នា នាំ​ឲ្យ​មានការ​បារម្ភ​យ៉ាងខ្លាំង​លើ​បញ្ហា​សុវត្ថិភាព​។ ម្ចាស់​ហាង Stumpy បាន​អះអាង​ប្រាប់ Huffington Post ថា គាត់​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ជាពិសេស​ការពន្យល់​ណែនាំ​ភ្ញៀវ និង​ការហាម​ប្រាម​វត្តមាន​ក្មេង​ក្រោម​អាយុ​២១​ឆ្នាំ​។​



​ពូថៅ​ដែល​ប្រើប្រាស់ មាន​ប្រវែង​៣៥​សង់ទីម៉ែត្រ និង​ទម្ងន់​តិចជាង​៦០០​ក្រាម​។ បើទោះបីជា មនុស្ស​មួយចំនួន​បាន​បដិសេធ​ចំពោះ​ល្បែង​ថ្មី​នេះ​ក៏ដោយ ប៉ុន្តែ​បុគ្គលិក​ហាង Stumpy បាន​អះអាងថា ចាប់តាំងពី​ដាក់​ឲ្យ​មាន​ល្បែង​នេះ ជិត​២​ឆ្នាំ មិនទាន់មាន​ករណី​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com