ជាតិ
សេដ្ឋកិច្ច
USAID នឹង​ដំណើរការ​គម្រោង​ហិរញ្ញប្បទាន​ទំហំ​ជាង​១៥​លាន​ដុល្លារ ទ្រទ្រង់​វិស័យ​កម្ម ក្នុងពេល​ឆាប់ៗ​
21, Oct 2017 , 8:39 pm        
រូបភាព
​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) តាមរយៈ​អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍ (DCA)  នឹង​ដំណើរការ​ឆាប់ៗ គម្រោង​ហិរញ្ញប្បទាន​ដែលមាន​ទឹកប្រាក់​ប្រមាណ​១៥​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​វិស័យ​កម្ម នៅក្នុង​ខេត្ត​ខេត្ត សៀមរាប បាត់ដំបង កំពង់ធំ និង​ពោធិ៍សាត់​របស់​កម្ពុជា​។ តាមរយៈ​គម្រោង​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​វិស័យ​កសិកម្ម​នេះ USAID ជឿជាក់ថា  នឹង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ផ្តល់​ផល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​ទាំង​នៅ​ជនបទ និង​ទីប្រជុំជន​។​



អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍ (DCA) របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) និង​ដាក់​ដំណើរការ​ក្នុងពេល​ឆាប់ៗ នូវ​គម្រោង​ហិរញ្ញប្បទាន​ថ្មី ដែលមាន​ទឹកប្រាក់​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ទ្រទ្រង់​សកម្មភាព​កសិកម្ម នៅ​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ និង​ពោធិ៍សាត់​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែតុលា  DCA បាន​ចាប់​ដៃគូ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc និង​គ្រឹះស្ថាន​សេវា​ហិរញ្ញវត្ថុ RMA Financial Services (Cambodia) សម្រាប់​កម្មវិធី​ដែលមាន​រយៈពេល​៧​ឆ្នាំនេះ សំដៅ​ដោះស្រាយ​កង្វះ​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​កសិកម្ម ដ៏​មាន​សារៈសំខាន់​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

ការប្រកាស​ពី​ភាពជា​ដៃគូ​នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​អាមេរិក ក្នុងការ​បង្កើន​ភាព​ដែល​អាច​ទទួលបាន​ហិរញ្ញវត្ថុ ក្នុងប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព លើកកម្ពស់​កំណើនសេដ្ឋកិច្ច ដែល​ដឹកមុខ​ដោយ​វិស័យ​កសិកម្ម​។  នេះ​បើតាម​ប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​រំលឹក​បន្តថា ចាប់តាំងពី​ឆ្នាំ ២០១១ USAID តាមរយៈ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត (Feed the Future Initiative) បាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង នៅតាម          បណ្តា​ខេត្ត​ចំនួន ៤ ជុំវិញ​បឹង​ទន្លេសាប តាមរយៈ​កម្មវិធី​ផ្សេងៗ​ជាច្រើន ដោយ​ផ្តោតលើ​គ្រួសារ​ក្រីក្រ និង​កសិករ​តូចតាច​។

ដើម្បី​បំពេញបន្ថែម​លើ​គម្រោង​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត ទីភ្នាក់ងារ USAID បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខាងលើ នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ ដើម្បី​ប្រមូលប្រាក់​កម្ចី​រហូតដល់​១៥​លាន​ដុល្លារ​សម្រាប់​វិស័យ​ក​សិ​វប្បកម្ម​។ កម្ចី​ទាំងនេះ​នឹង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ក​សិ​វប្បកម្ម ក្នុង​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ការលក់​វត្ថុធាតុដើម​កសិកម្ម​។ 

លោកស្រី ផលី ដាន់​ហ្វ៊​ត (Polly Dunford) នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID ប្រចាំ​កម្ពុជា បានបញ្ជាក់​ពី​មោទនភាព​របស់​USAID ក្នុងការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន ដែល​កំពុង​បម្រើការ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ប្រជាជន​កម្ពុជា​៧០​ភាគរយ​រស់នៅ ពឹង​ផ្អែកលើ​វិស័យនេះ​។ លោកស្រី Polly បញ្ជាក់បន្ថែម​ដូច្នេះ​៖«​យើង​ជឿជាក់ថា ការបង្កើន​ឥណទាន​ក្នុង​វិស័យ​កសិកម្ម នឹង​គាំទ្រ​យ៉ាង​សម្បើម​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា ព្រមទាំង​ផ្តល់​ផល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ទាំង​នៅ​ជនបទ និង​ទីប្រជុំជន​»​។​

អាជ្ញាធរ​ឥណទាន​អភិវឌ្ឍន៍​(DCA) របស់​ទីភ្នាក់ងារ USAID ធ្វើការ​ជាមួយ​វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក និង​អង្គការ​អភិវឌ្ឍ​នានា ដើម្បី​រចនា និង​ផ្តល់នូវ​ជម្រើស​នានា សម្រាប់​ការ​វិ​និ    យោគ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពប្រសើរឡើង​។ បច្ចុប្បន្ន DCA បាន​ជួយប្រមូល​ហិរញ្ញប្បទាន​ចំនួន ៤,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ចំនួន​៧៦ រាប់ទាំង​កម្ពុជា​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com