អន្តរជាតិ
លោក ពូទីន សើចហួសចិត្តដែលរដ្ឋមន្ត្រីកសិកម្មចង់នាំសាច់ជ្រូកទៅលក់នៅឥណ្ឌូណេស៊ី
× រដ្ឋមន្ត្រីកសិកម្មរុស្ស៊ីបានធ្វើឲ្យប្រធានាធិបតីរុស្ស៊ីហួសចិត្ត និងផ្ទុះសំណើចក្នុងពេលប្រជុំ ដោយសារលោកលើកយកគំនិតនាំសាច់ជ្រូកចេញទៅប្រទេសឥណ្ឌូណេស៊ីជាប្រទេសម៉ូស្លីមធំជាងគេ។ រឿងនេះកើតឡើងនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍកសិកម្មរុស្ស៊ីនៅក្នុងក្រុងម៉ូស្គូ។
ពេលរៀបរាប់ពីគោលនយោបាយនាំចេញសាច់ជ្រូកទៅក្រៅប្រទេសប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន រដ្ឋមន្ត្រីកសិកម្មរុស្ស៊ី Alexander Tkachyov បានផ្តល់យោបល់ថា រុស្ស៊ីគួរពង្រឹងការនាំចេញសាច់ជ្រូកទៅកាន់ទីផ្សារនៅអាស៊ី ដូចអាល្លឺម៉ង់បានធ្វើកន្លងមក។ ទំនងជាមិនបានគិត រដ្ឋមន្ត្រីរូបនេះលើកឈ្មោះប្រទេសឥណ្ឌូណេស៊ីដែលកាន់សាសនាឥស្លាមមិនបរិភោគសាច់ជ្រូកនោះជាគោលដៅការនាំចេញទៅវិញ។
ក្នុងវីដេអូរបស់សារព័ត៌មានអ៊ីស្រាអែល Harretz ដែលត្រូវបានគេចែកចាយពាសពេញបណ្តាញអ៊ិនធឺណិតនោះ លោក Tkachyov បានលើកឡើងដូច្នេះ៖« ដូចអាល្លឺម៉ង់គេផលិតបានសាច់ជ្រូក ៥,៥ លានតោនក្នុងមួយឆ្នាំ ហើយគេនាំចេញ ៣លានតោនឯណោះទៅបរទេស។ ក្នុងនោះមានចិន ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ និងប្រទេសផ្សេងទៀត»។
បន្ទាប់ពីលើកឈ្មោះឥណ្ឌូណេស៊ី រដ្ឋមន្ត្រីរូបនេះបន្តរៀបរាប់ឥតមានចាប់អារម្មណ៍សម្តីរបស់ខ្លួនឡើយ។ ប៉ុន្តែក្រោយមកលោកឈប់និយាយពេលឃើញមុខប្រធានាធិបតីហាក់ងឿងឆ្ងល់នឹងសម្តីខ្លី។
ពេលនោះលោក ពូទីន បានប្រាប់រដ្ឋមន្ត្រីរបស់ខ្លួនដែលកំពុងអានគោលនយោបាយថា ៖« ឥណ្ឌូណេស៊ីជាប្រទេសម៉ូស្លីម គេមិនហូបសាច់ជ្រូកទេ»។ បន្ទាប់ពីប្រាប់រដ្ឋមន្ត្រីខ្លួនហើយ លោក ពូទីន ក៏ផ្ទុះសំណើចកក្អឹក ហើយគ្រប់គ្នាក្នុងបន្ទប់នាំគ្នាសើចដូចគ្នារួមទាំងរដ្ឋមន្ត្រីកសិកម្ម Tkachyov ផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com