បទយកការណ៍ / បទសម្ភាសន៍
និស្សិត​គួរ​ធ្វើ​បែបណា ទើប​ជ្រើសរើស​សាកលវិទ្យាល័យ​បាន​ត្រឹមត្រូវ​?
21, Oct 2017 , 9:39 pm        
រូបភាព
ដោយ:
បច្ចុប្បន្ន​មាន​និស្សិត​មួយចំនួន បានបង្ហាញ​ការខកចិត្ត ចំពោះ​ការសម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ​របស់ខ្លួន​។ ពួកគេ​សម្រេចចិត្ត ដោយ​ផ្អែកលើ​ការធ្វើ​ទីផ្សារ​សាកលវិទ្យាល័យ តាម​មិត្តភក្តិ គ្រួសារ និង​អាហារូបករណ៍ ដោយ​មិន​គិតពី​គុណភាព​សាលា សាស្ត្រាចារ្យ និង​កម្មវិធីសិក្សា​សាលា​។ ចំណែក​និស្សិត​មួយចំនួនទៀត ជ្រើសរើស​សាកលវិទ្យាល័យ ដោយ​មិនបាន​គិតពី​មុខជំនាញ​ឯកទេស​នោះ ឲ្យ​ត្រូវ​នឹង​គុណ​តម្លៃ​ដែល​សាកលវិទ្យាល័យ​នោះ​មាន​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​គុណភាព​សិក្សា និង​សមត្ថភាព​ធ្វើការ​របស់​និស្សិត មាន​កម្រិត និង​រៀន​ចប់​ពិបាក​រក​ការងារ​ធ្វើជា​ដើម​។ តើ​និស្សិត​គួរ​ធ្វើ​បែបណា ទើប​ស​ម្រេ​ចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ​បាន​ត្រឹមត្រូវ​?



កញ្ញា ស្រេ​ន ចាន់​តា​រ៉ា ជា​បាហុនិកា​(​នារី​បម្រើការ​លើ​យន្តហោះ​) នៅ​ក្រុមហ៊ុន​អាកាសចរណ៍​JC Cambodia international យល់ថា​ជ្រើសរើស​សាកលវិទ្យាល័យ​ជា​រឿង​សំខាន់ សម្រាប់​និស្សិត ព្រោះ​វា​អាចមាន​ឥទ្ធិពល​ដល់​ឱកាស​ការងារ និង​សមត្ថភាព​ធ្វើ​ការងារ​នៅពេល​ពួកគេ​បញ្ចប់​ការសិក្សា​។ ជា​គិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ​រ៉ូ​យា​ល់​ភ្នំពេញ​ផង កញ្ញា ចាន់​តា​រ៉ា បន្ថែមទៀតថា បើ​ជ្រើសរើស​សាកលវិទ្យាល័យ ដែល​មិនសូវមាន​គុណភាព នោះ​ឱកាស​ការងារ​ពួកគេ​ក៏​មិនល្អ​ដែរ​។



កញ្ញា ចាន់​តា​រ៉ា បន្ត​ដូច្នេះ​ថា​៖«​នៅពេលដែល​យើង​ជ្រើសរើស​សាកលវិទ្យាល័យ​បានល្អ វា​នឹងធ្វើ​ស្វែងរក​ឱកាស​ការងារ​បានល្អ​។ យើង​អាច​ជ្រើសរើស សាកលវិទ្យាល័យ​បានល្អ តាមរយៈ​ការតាំង​ពិ​ព័រ​ណ៌​សាកលវិទ្យាល័យ​ផ្សេងៗ និង​ការសិក្សា​ស្រាវជ្រាវ អាច​សួរ​មិត្តភក្តិ ឬក៏​អ្នកមាន​បទពិសោធន៍ បន្ទាប់មក​និស្សិត​អាច​ស​ម្រ​ច អាស្រ័យ​លើ​ជីវភាព​របស់​ពួកគេ​»​។ 

​លោក ចាន់ កុសល ប្រធាន​ផ្នែក​ទីផ្សារ និង​ការលក់ នៅ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ក៏​លើកឡើង​ស្រដៀង​នេះដែរ​។ សម្រាប់​លោក ចាន់ កុសល ប្រសិនបើ​និស្សិត​ជ្រើសរើស​សាលា​ខុស និង​គ្មាន​គុណភាព នោះ​ពេលវេលា​សិក្សា​៤​ឆ្នាំ នឹងត្រូវ​ខាត​ចោល​ទទេ​។ ជា​យោបល់ របស់​ប្រធាន​ផ្នែក​ទីផ្សារ និង​ការលក់​ដដែល មុន​ជ្រើសរើស​សាលារៀន និស្សិត​ត្រូវ​ដឹងថា​ខ្លួន​ចង់​រៀន​ជំនាញ​អ្វី​សិន រួចហើយ​ត្រូវ​ស្វែងយល់​តើ​មាន​សាលា​ណាខ្លះ ដែល​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​នេះ​? បន្ថែម​ពីនេះ និស្សិត​ក៏ត្រូវ​ប្រៀបធៀប​ពី​កម្មវិធីសិក្សា​របស់​សាលា​នីមួយៗ។



រួមទាំង​ចំណេះ​ជំនាញ ឬ​បទពិសោធន៍​របស់​សាស្ត្រាចារ្យ ប្រសិនបើ​អាច​។ លោក កុសល ថ្លែង​ដូច្នេះ​ថា​៖« បន្ទាប់ពី​ដឹង​ជំនាញ​ដែល​ខ្លួន​ត្រូវ​រៀន និស្សិត​ត្រូវ​មើល​ទៀតថា តើ​សាលា​មួយណា អាច ផ្តល់​ឲ្យ​យើង នូវ​អ្វីដែល​យើង​ចង់បាន​? គុណ​តម្លៃ ដែល​សាលា​បានផ្តល់​ត្រឡប់មកវិញ វា​នាំ​ឲ្យ​យើង​សម្រេច​ជោគជ័យ​ការសិក្សា និង​ការងារ​ទៅ​ថ្ងៃ​អនាគត​»​។​

លោក ទូច គីម​ស្រ៊ាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ​វិញ ក៏​យល់ថា​ការជ្រើសរើស​សាកលវិទ្យាល័យ ជាសំខាន់​សម្រាប់​និស្សិត​ដែរ​។ លោក គីម​ស្រ៊ាង បន្តថា​ដើម្បី​ជ្រើសរើស​សាលា​ដែល​ត្រឹមត្រូវ និស្សិត​ត្រូវ​មើល​កម្មវិធីសិក្សា​សាកលវិទ្យាល័យ​ឲ្យ​បានល្អ និង​ត្រឹមត្រូវ​។



ប៉ុន្តែ ទោះជា​ជ្រើសរើស​បាន​សាកលវិទ្យាល័យ​ល្អ និង​មានគុណ​ភាពល្អ​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​បើ​និស្សិត​មិន​ខំប្រឹង​រៀនសូត្រ ក៏​សាកលវិទ្យាល័យ​ល្អៗ​ទាំងនោះ ជួយ​អ្វី​មិនបាន​ដែរ​។ សម្រាប់ លោក ទូច គីម​ស្រ៊ាង សាកលវិទ្យាល័យ​គ្រាន់តែ​ជា​ចំណែក​នៃ​ឱកាស​ការងារ ឬ​គុណភាព​សិក្សា​របស់​និស្សិត​ប៉ុណ្ណោះ​។

ជារួម ការជ្រើសរើស​សាកលវិទ្យាល័យ គឺជា​រឿង​សំខាន់​សម្រាប់​និស្សិត ព្រោះ​វា​អាចមាន​ឥទ្ធិពល​ដល់       ឱកាស​ការងារ និង​សមត្ថភាព​និស្សិត​។ ប៉ុន្តែ​ទោះជា​ជ្រើសរើស​បាន​សាកលវិទ្យាល័យ​ល្អ និង​មានគុណ​ភាពល្អ​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​បើ​និស្សិត​មិន​ខំប្រឹង​រៀនសូត្រ ក៏​ឈ្មោះ​សាកលវិទ្យាល័យ​ល្អៗ​ទាំងនោះ មិនអាច​ជួយ​ឲ្យ​និស្សិត​មាន​សមត្ថភាព​បានដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com